រាជធានីភ្នំពេញ : នារីរូបស្រស់ម្នាក់រួមជាមួយបុរសម្នាក់ទៀត បើករថយន្តក្នុងល្បឿនយ៉ាងលឿន ហើយគេចអ្នកដើរឆ្លងផ្លូវ បានរេចង្កូតជ្រុលទៅបុកទ្វារហាងកាត់សក់ និង សំយ៉ាបហាង «ម៉ាណិត រចនាម៉ូតល្អពេញចិត្ត» បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ និង ប្រជាពលរដ្ឋដែលរស់ក្បែរកន្លែងកើតហេតុកាលពីវេលាម៉ោង ១២ និង ៤០ នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥ នៅតាមបណ្ដោយផ្លូវ ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីប្រជាពលដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់រួមទាំងនារីម្នាក់ដែលមានឈ្មោះ ឆេង កញ្ញា អាយុ២៦ឆ្នាំ ជានិស្សិត មានស្រុកកំណើតនៅភូមិអូរតាគាំ៣ សង្កាត់ស្វាយប៉ោរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកស្នាក់នៅរៀនសូត្រនាទីក្រុងភ្នំពេញ បានបើករថយន្តកាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AD-9148 ក្នុងស្ថានភាពស្រវឹងតាមទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវ៣៧១ ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានមនុស្សដើរឆ្លងផ្លូវកាត់ពីមុខរថយន្ត ភ្លាមនោះរថយន្តបង្កក៏បានគេចពីមនុស្សរេចង្កូតទៅបុកទ្វារហាងកាត់សក់ និងបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋដែលមានយីហោ «ម៉ាណិត រចនាម៉ូតល្អពេញចិត្ត» បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។ ភ្លាមៗនោះបុរសដែលជាសង្សាបានរត់គេចខ្លួន ដោយបន្សល់ទុកនារីជាម្ចាស់រថយន្តរង់ចាំការដោះស្រាយ។
ក្រោយពេលកើតហេតុនារីរូបស្រស់ដែលជាម្ចាស់រថយន្តបង្កបានសម្របសម្រួលជាមួយនឹងម្ចាស់ផ្ទះដោយព្រមសងថ្លៃខូចខាតចំនួន ១,៥០០ ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង ដោយឡែករថយន្តបង្កនោះត្រូវបានម្ចាស់ទំនាក់ទំនងរថយន្តស្ទួចយកទៅជួសជុលដោយខ្លួនឯង៕