មូលហេតុ​អ្វីដែល​ធ្វើ​ឲ្យ​យុវវ័យ​ប្រើប្រាស់​គ្រឿងញៀន​?

, , Leave a comment

03-12-2015 (2)

​គ្រឿងញៀន គឺជា​សារធាតុ​ម្យ៉ាង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​យ៉ាងខ្លាំង ចំពោះ​អ្នកប្រើប្រាស់​និង​ជា​អាវុធ​ដ៏​សាហាវ​បំផុត​ដែល​បំផ្លាញ​សុខភាព និង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិ​ត្ដ​។ ប៉ុន្ដែ​យុវវ័យ​មួយចំនួន​នៅតែ​ប្រ​ព្រឹ​ត្ដ ទោះ​ដឹងថា​គ្រឿងញៀន​បាន​បង្ក​ឲ្យ​បាត់បង់​នូវ​សេចក្ដីថ្លៃថ្នូរ និង​សេចក្ដីសុខ សុភមង្គល ក្នុង​ឆាកជីវិត​យ៉ាងណាក៏ដោយ​។ ជា​ពិ​សេ​ស​ធ្វើ​ឲ្យ​បាត់បង់​ខូចខាត ទាំង​សុខភាព​ផ្លូវ​ចិ​ត្ដ និង​សុខភាព​រាងកាយ ហើយ​ជាដើម​ហេតុ​នាំ​ឲ្យ​ខ្លួន​ប្រ​ព្រឹ​ត្ដបទ​ល្មើស​ផ្សេងៗ​តាម​អំណាច​គ្រឿងញៀន​នេះ​ទៀតផង​។​

 

​គ្រឿងញៀន​ជា​អ្វី​?
​គ្រឿងញៀន​ជា​សារធាតុ​ម្យ៉ាង ដែល​បាន​ចម្រាញ់​ចេញពី​រុក្ខជាតិ ឬ​សារ​ធាតុគីមី ដែលមាន​សកម្មភាព​ធ្វើ​ឲ្យ​មាន​ផ្លាស់ប្ដូរ​នូវ​មុខងារ​ផ្សេងៗ របស់​សព៌ាង្គកាយ​មនុ​ស្ស ឬ​សត្វ ជាពិសេស​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ប្រព័ន្ធ​សរសៃ​ខួរក្បាល បង្កលក្ខណៈ​ដល់​អ្នកប្រើប្រាស់​ឲ្យ​មានការ​វង្វេងវង្វាន់ ខូច​សតិអារម្មណ៍ ឆាប់​ភ្លេចភ្លាំង ហើយ​ជំរុញ​ឲ្យ​អ្នកប្រើប្រាស់​ប្រ​ព្រឹ​ត្ដ​អំពើ​មិន​គប្បី​ចំពោះ​សង្គម​សាធារណៈ និង​សង្គម​គ្រួសារ​។ គ្រឿងញៀន​មាន​ច្រើន​ប្រភេទ​ដូចជា​៖

 

១-​ប្រភេទ​គ្រឿងញៀន​ធម្មជាតិ ៖ អាភៀន កញ្ឆា ហេ​រ៉ូ​អ៊ី​ន​ខ្មៅ ហេ​រ៉ូ​អ៊ី​ន​គ្រាប់ និង​រុក្ខជាតិ​កូ​ការ​។​

 

២-​គ្រឿងញៀន​សំយោគ ៖ កូ​ការ​អ៊ី​ម​បាស គឺជា​គ្រឿងញៀន​បន្ថែម​សារជាតិ​គីមី​។​

 

៣-​អំ​ហ្វេ​តា​មីន ៖ គឺជា​គ្រឿងញៀន​ដែល​ផលិត​ចេញពី​ជាតិ​ថ្នាំ​តំ​ហ្វេ​តា​មីន​។ ធាតុ​ផ្សំ​ដោយ​គ្រឿងញៀន​សំយោគ​ក្នុងនោះ​ក៏មាន អ៊ិ​ច​ស្ដ្រា​ស៊ី​ហេ​រ៉ូ​អ៊ី​ន​កាវ ផងដែរ​។ ប្រភេទ​គ្រឿងញៀន​ខាងលើនេះ​គឺជា​ដើមចម​បំផ្លាញ​សុខភាព​របស់លោក​អ្នក​ឲ្យ​កាន់តែ​ហិនហោច និង​ទ្រុឌទ្រោម​ជា​លំដាប់​បំផ្លាញ​សរីរាង្គកាយ​និង​បង្ក​ឲ្យ​លោកអ្នក​ប្រ​ព្រឹ​ត្ដបទ​ល្មើ​សបាន​។​

 

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុម​យុវវ័យ​ចាប់ផ្ដើម​ប្រើប្រាស់​គ្រឿងញៀន​
​ប្រការ​ដែល​យុវវ័យ​ឈានដល់​ការប្រើប្រាស់​គ្រឿងញៀន គឺអាច​បណ្ដាលមកពី​ស​ម្ពា​ធ​ក្នុងសង្គម និង​មិ​ត្ដ​ភក្ដិ ឬ​ការសាកល្បង​ផ្ទាល់​របស់ខ្លួន​តែម្ដង​។ លុះ​ពេល​សាកល្បង​ដឹងថា គ្រឿងញៀន​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​រវើរវាយ​ប្រៀបបាន​មនុស្ស​កំពុងស្ថិត​ក្នុងឋាន​សួគ៌​យុវវ័យ​ទាំងនោះ តែងតែ​ចាត់ទុក​ការសេព​គ្រឿងញៀន គឺជា​ល្បែង​កម្សាន្ដ​សម្រាប់​កំដរ​អារម្មណ៍​ទៅវិញ​។ ម្យ៉ាងទៀត​ហេតុផល​ដែល​យុវវ័យ​ប្រើប្រាស់​គ្រឿងញៀន គឺ​កើតចេញ​ដោយសារ​៖

 

១-​បញ្ហា​ផ្លូវ​ចិ​ត្ដ​ដោយមាន​គំនាប​ខ្លាំង​ពី ក្រុមគ្រួសារ ឬ​មានការ​អូសទាញ​ពី​មិ​ត្ដ​ភក្ដិ​មួយចំនួន​ដោយមាន​ការ​លួងលោម​ជំរុញ​ឲ្យ​ទឹក​ចិ​ត្ដ​ពួកគេ​ឈានទៅរក​ការសេព​ថ្នាំញៀន​ដោយ​មិនដឹង​ខ្លួន​។​

 

២-​ដោយឡែក​យុវវ័យ​មួយចំនួន ក៏​បានដឹង​ច្បាស់​អំពី​បញ្ហា​គ្រោះថ្នាក់​ចំពោះ​ការប្រើប្រាស់​គ្រឿងញៀន​នេះដែរ តែ​ពួកគេ​នៅតែ​ចង់​សាកល្បង បន្ទាប់មក​ក៏​ក្លាយទៅជា​អ្នកញៀន​ថ្នាំ​រហូត​។ ហើយ​គ្រឿងញៀន​ក៏​ចាប់ផ្ដើម​កាត់ផ្ដាច់​សរីរាង្គ​រាងកាយ​បន្ដិច​ម្ដងៗ​ជាពិសេស​ប្រព័ន្ធ​ខួរក្បាល​តែម្ដង​។​

 

៣-​កត្ដា​ផ្សេងទៀត​ដែល​បណ្ដាល​ឲ្យ​យុវវ័យ​មួយចំនួន បានក្លាយ​ទៅជា​ជនរងគ្រោះ​ដោយ​មិនដឹង​ខ្លួន ដោយសារតែ​អំពើ​ដ៏​អាក្រក់​របស់​ចៅហ្វាយនាយ ឬ​ថៅកែ​មួយចំនួន​ដែល​ចង់​កេងចំណេញ​កម្លាំង​ពលកម្ម ពី​ក្រុម​យុវវ័យ​ឬ​កុមារ​ទាំងនោះ ដើម្បី​ទាញយក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​ឲ្យ​ពួកគេ​ប្រើប្រាស់​គ្រឿងញៀន​ឬ​ដាក់​ក្នុង​ចំណីអាហារ​ទឹកជា​ដើម ដើម្បី​ឲ្យ​ពួកគេ​ទទួលទាន​បំបាត់​ងងុយដេក ឬ​បង្កើន​ថាមពល​សម្រាប់ធ្វើ​ការងា​រ​ឲ្យ​បាន​ច្រើន​ហើយ​មាន​កម្លាំង​ខ្លាំង ជាពិសេស​ជា​យុវវ័យ​ជា​កម្មករសំណង់ កម្មករ​នេសាទ​ជាដើម ដែលជា​ក្រុម​ចំណាកស្រុក​ទៅធ្វើ​ការ​ឆ្ងាយ​។​

 

៤-​យុវវ័យ​មួយចំនួនទៀត ជាពិសេស​ក្មេងស្រី​ដែល​បម្រើការ​ក្នុង​ក្លឹប​ខារ៉ាអូខេ បម្រើ​ស្រា​បៀរ​តាម​ហាង​ផឹកស៊ី​ក៏​អាច​ប្រើប្រាស់​គ្រឿងញៀន​ទៀតផង ដើម្បី​ឲ្យ​មុខទំនិញ​របស់​ពួកគេ​លក់ដាច់​ច្រើន ទទួល​លុយ​ច្រើន​ហើយ​អតិថិជន ឬ​ភ្ញៀវ​របស់គេ​ចង់​ឲ្យ​គេ​ផឹក​ហើយ​លួងលោម​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​។​

 

៥-​យុវវ័យ​ខ្លះ​យក​គ្រឿងញៀន ជាការ​កម្សាន្ដ​អារម្មណ៍​បំបាត់​ភាពស្មុគស្មាញ​។ ការប្រើប្រាស់​ញឹកញាប់​ធ្វើ​ឲ្យ​ពួកគេ​ញៀន រហូត​បណ្ដាល​ចិ​ត្ដ​ឲ្យ​ក្លាហាន ហ៊ាន​ប្រ​ព្រឹ​ត្ដ​អំពើ​ផ្ដេសផ្ដាស​ធ្វើយ៉ាងណា ដើម្បី​យកលុយ​មក​ទិញ​គ្រឿងញៀន​សម្រាប់​ប្រើប្រាស់​បន្ដទៀត​។​

 

៦-​មិ​ត្ដ​ភក្ដិ​មួយចំនួនទៀត​ប្រើ​វិធី​ពង្វក់ ដោយ​យក​ល្បែងស៊ីសង​ជា​ត្រីមុខ ឆ្លៀត​ពេលនោះ​ក៏​បបួល​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​រហូត​ញៀន​ដកខ្លួន​លែងរួច​ក៏​ក្លាយទៅជា​ជន​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងធ្ងន់ធ្ងរ​។​

 

៧-​យុវវ័យ​មួយចំនួន ត្រូវ​ចាញ់បោក​មិ​ត្ដ​ភក្ដិ​ដោយ​ឆ្លៀតឱកាស​ដាក់​ថ្នាំញៀន ចូលក្នុង​អាហារ​ឬ​ភេសជ្ជៈ​ឲ្យ​ទទួលទាន​ប្រើប្រាស់​ពាក្យសម្ដី លួងលោម និង​និយាយ​ពី​ភាព​ស្រើបស្រាល​បង្ក​ជា​លក្ខណៈ​សប្បាយៗ​នៅក្នុង​តុ​ហូបចុក​ក៏​បណ្ដាល​ឲ្យ​ជ្រុលខ្លួន​ក្លាយទៅជា​អ្នកប្រើប្រាស់​គ្រឿងញៀន​។​

 

​ដូចនេះ​ក្នុងនាម​ប្អូន គឺជា​យុវវ័យ​ទាំងអស់​ដើម្បី​ឲ្យ​ខ្លួន​ចៀស​ផុតពី​ការ​ញៀន​ថ្នាំ ដោយ​ប្រភេទ​ណាមួយ​នោះ​ត្រូវ​ចៀស​ឲ្យ​ផុតពី​ការ​លួងលោម​របស់​មិ​ត្ដ​ភក្ដិ​។ មិនត្រូវ​សាកល្បង​សូម្បី​តែម្ដង​ក៏ដោយ ព្រោះ​អាចធ្វើ​ឲ្យ​យើង​ញៀន​បាន​។ លើសពីនេះ​ប្រសិនបើ​មានការ​បបួល​ពី​សំណាក់​មិ​ត្ដ​ភក្ដិ ឬ​នរណាម្នាក់​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​ត្រូវតែ​រក​វិធី ដើម្បី​ធ្វើការ​បដិសេធ ឬ​ទៅប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្ដរាគមន៍​ប្រសិនបើ​មានការ​បង្ខិតបង្ខំ​វាយដំ​ណាមួយ​។ ត្រូវ​ចៀស​ឲ្យ​ផុតពី​ការប្រើប្រាស់​គ្រឿងញៀន​ទោះ​តាម​រូបភាព​ណាក៏ដោយ​។ ព្រោះ​គ្រឿងញៀន​ជា​មុខអាវុធ​ដ៏​ស្រួចស្រាវ​មួយ សម្លាប់​ទាំង​សង្គម និង​សម្លាប់​ទាំង​សុខភាព ហើយ​គ្រឿងញៀន​ក៏​មិនមែនជា​ថ្នាំ​ប៉ូវ​អ្វីមួយ​ឡើយ​។ ត្រូវ​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​ជា​មច្ចុរាជ​ពណ៌​ស​៕

03-12-2015 (1) 03-12-2015

 

Leave a Reply

(*) Required, Your email will not be published