ចេះ​ផឹកស៊ី ទើប​មាន​មិត្ត​ភ័ក្ដិ​ច្រើន​មែនឬ​?

, , Leave a comment

​ការទំនាក់ទំនង គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ចំពោះ​មនុស្ស​ម្នាក់ៗ ហើយ​ទំនាក់ទំនង​ច្រើន​នឹង​ងាយស្រួល​ចាប់យក​ឱកាស​ទទួលបាន​ផលប្រយោជន៍ ដែល​ត្រូវ​សង្គម​មើលឃើញថា អ្នកមាន​មិត្ត​ភ័ក្ដិ​ច្រើន​មិន​ងាយ​ងាប់ក្រឡា​នោះទេ​។​ដូច្នេះហើយ​ទើប​មានមតិ​មួយចំនួន​បាន​លើកឡើងថា មិនចេះ​ផឹក​ទៅណា​មក​ណា​គ្មាន​មិត្ត​ភ័ក្ដិ​ច្រើន និង​ងាប់ក្រឡា​។ ចំពោះ​ប្រធានបទ​នេះ មានមតិ​ជាច្រើន​បាន​យល់​ផ្សេងៗ​ពីគ្នា “​តើ​មាន​មិត្ត​ភ័ក្ដិ​ច្រើន លុះត្រាតែ​ចេះ​ផឹកស៊ី មែនឬ​?”

 

​ទាក់ទិន​នឹង​រឿងនេះ​ដែរ យុវជន សុផល និស្សិត​នៃ​សាកលវិទ្យាល័យ​មួយ​ក្នុង​ក្រុងភ្នំពេញ​បាន​រៀបរាប់ថា ៖ “​វា​ទម្លាប់​ទៅហើយ​ការផឹកស៊ី​នេះ គឺមាន​ច្រើនណាស់ ព្រោះ​នៅ​សម័យនេះ​សម្បូរ​អ្នកចេះ​ផឹកស្រា និង​រាប់អាន​គ្នា​តាមរយៈ​ផឹកស៊ី​ជួបជុំ​នេះ​ណាស់​។​យុវជន​នេះ​បាន​បន្តថា ការជួប​ជុំគ្នា ដូចជា​មិត្ត​ភ័ក្ដិ ឬ​អ្នក​ស្គាល់គ្នា តែងតែ​និយម​នាំគ្នា ទៅ​ហូប​នេះ​ហូប​នោះ​និង ដាក់​ស្រា​បណ្ដើរ​ដើម្បី​បាន​ជជែក​គ្នា​លេង ហើយ ភាគច្រើន​តាម​ផ្ទះ​ឬ​តាម​កន្លែង​សាធារណ​មួយចំនួន​ឃើញតែ​អង្គុយ​ជុំគ្នា​ផឹក​។ និស្សិត​រូបនេះ​និយាយ​ដូចនេះ​ថា​៖ "​បើ​អត់​ផឹក គឺ​សូវ​មានអី​និយាយ​គ្នា តែ​បាន​ផឹក​វិញ​អាច​មានរឿង​និយាយ​គ្នាច្រើន​"​។​

 

​ទៅ​មិន​ឆ្ងាយ​ពី​ប្រធានបទ​នេះ បុរស​ម្នាក់​ដែល​ប្រកប​របរ​រត់​ម៉ូតូឌុប ក្នុង​ផ្សារកណ្តាល​បាន​និយាយថា បើ​គិតពី​ការទំនាក់ទំនង​គ្នា ជាមួយ​មិត្ត​ភ័ក្ដិ ការផឹកស៊ី​ជួបជុំ​នេះ ក៏​ជា​កត្តា​សំខាន់​ដែរ ព្រោះថា​ពួកគេ​អាច​រាប់អាន​តៗ​គ្នា តាមរយៈ​មិត្ត​ភ័ក្ដិ​ពីមួយ​ទៅមួយ​ហើយ​ណាមួយ​ក៏​ជា​សកម្មភាព​សម្រាប់​បង្កើត​ភាព ស្និទ្ធស្នាល​មួយទៀត​ផងដែរ​។ "​ការផឹកស៊ី​នេះ​មិនមែនជា​រឿង​អាក្រក់​នោះទេ ឲ្យ​តែ​យើង​ផឹក​ចេះ​ទទួលខុសត្រូវ និង​ចេះ​រាប់អាន​មិត្ត​ភ័ក្ដិ កុំ​ឲ្យ​តែ​ផឹក​បង្កបញ្ហា​ផឹក​រាប់អាន​មិត្ត​ភ័ក្ដិ​មិនល្អ និង​ក្លាយជា​ជនពាល "​។​

 

​ងាក​មក​អ្នកស្រី ស៊ីនួន ជា​អាជីវ​ករលក់​ផ្លែឈើ​នៅ​ផ្សារ​ចាស់​បាន​ប្រាប់​ឲ្យ​ដឹងថា មិនមែន​សំដៅថា ឲ្យ​តែ​ចេះ​ផឹកស៊ី​ទើប​មាន​មិត្ត​ភ័ក្ដិ​ច្រើន​នោះទេ សំខាន់​គឺ​ចេះ​ទំនាក់ទំនង​ល្អ ចេះ​ជួយ​គ្នា រាប់អាន​គ្នា​មិន​គិតតែ​ពី​ផលប្រយោជន៍ និង​ចេះ​ស្គាល់​សុខ​ទុក​គ្នា​ទៅវិញទៅមក ។ "​គេ​ថា​ចេះ​ផឹកស៊ី ទើប​មាន​មិត្ត​ភ័ក្ដិ​ច្រើន​នោះ ដោយសា​តែ​ពួកគាត់​ចូលចិត្ត​និង​ចេះ​ផឹកស៊ី​ទេ ព្រោះ​អ្នកខ្លះ​គេ​មិនចេះ​ផឹក​ផង ក៏​នៅតែមាន​មិត្ត​ច្រើន​ដែរ​"​។​

 

​ចំណែកឯ យុវជន ស​ម្ប​តិ្ត ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​បាន​ប្រាប់​ឲ្យ​ដឹងថា តាមពិតទៅ​ការផឹកស៊ី​នេះ គឺមាន​ពីរ​ករណី​៖ អាចមាន​ផល​អាក្រក់ និង​ផល​ល្អ បើ​គិតពី​ផល​ល្អ​នោះ​ត្រង់​ថា ការផឹកស៊ី​តិច​តូច​សម្រាប់​ការជជែក​គ្នា​លេង​សប្បាយរីករាយ​ឬ​ក្នុង​ការងារ​អ្វីមួយ​មិន​បង្កបញ្ហា ឬ​មាន​ជម្លោះ​ផ្សេងៗ ហើយ​ការផឹកស៊ី​ក៏​ជា​ផ្នែក​មួយ​ក្នុង​បង្កើន​មិត្តភាព​តាមរយៈ ការ​រាប់អាន​គ្នា​ពីមួយ​ទៅមួយ​ផងដែរ ប៉ុន្តែ​បើ​យក​ការផឹកស៊ី​ជា​អាជីព​វិញ យក​ការផឹកស៊ី​រាប់អាន​មិត្ត​មិនល្អ ឬ​ផឹក​ហួល​កំណត់​បណ្ដាល​ឲ្យ​ខូចសុខភាព និង​ប៉ះពាល់​ដល់​សរសៃប្រសាទ គឺ​មិនមែនជា​រឿង​ល្អ​នោះទេ វា​គឺជា​ផល​អាក្រក់​ទៅវិញ​។​

 

​ចុះ​មិត្ត​អ្នកអាន​វិញ តើ​យល់ឃើញ​យ៉ាងណាដែរ ចំពោះ​ការលើកឡើង​ខាងលើ​?

02-12-2015

 

Leave a Reply

(*) Required, Your email will not be published