ខេត្តកំពង់ចាម : រយៈពេលតែមួយពព្រិចភ្នែកមនុស្ស៤នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់ ការកាប់សម្លាប់មិនញញើតដៃពីសំណាក់ជនសង្ស័យដែលជាប្តី កូនប្រសារ និងជាឪពុក។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៩នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងជាបឋមថា ជនសង្ស័យមានឈ្មោះ អេង ធី អាយុ៤៧ឆ្នាំត្រូវជាកូនប្រសារនៅភូមិ ឃុំ កើតហេតុខាងលើ បានយកកាំបិតចាក់ទៅលើឪពុកក្មេក ម្តាយក្មេក ប្រពន្ធ និងកូនបណ្តាលឲ្យស្លាប់ភ្លាម៤នាក់ និងរបួសធ្ងន់ម្នាក់។ ក្រោយពីធ្វើសកម្មភាពនេះរួច ជនសង្ស័យបានគេចខ្លួនពីកន្លែងកើតហេតុដោយសុវត្ថិភាពទាំងអាការស្រវឹង ផងដែរ ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះទី១ ចាន់ធី សុភានី ភេទស្រី អាយុ៤៥ឆ្នាំ ជាប្រពន្ធ (ស្លាប់) ទី២ ម៉ៅ យៀង ភេទស្រី អាយុ៦៤ឆ្នាំ ជាម្តាយក្មេក (ស្លាប់) ៣ ធី សៀងហ៊ី ភេទស្រី អាយុ៦ឆ្នាំ ជាកូន(ស្លាប់) ៤ ធី សីហា ភេទស្រី ជាកូន អាយុ៤ឆ្នាំ ស្លាប់ និង៥-ឈ្មោះ ស្វាយ សាខន អាយុ៦៩ឆ្នាំ ជាឪពុកក្មេក ជាក្រុមប្រឹក្សាឃុំស្ពឺមកពីគណបក្សCNRP រងរបួសធ្ងន់។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត ស្រុក បាននិងកំពុងបំពេញប្រតិបត្តិការតាមជំនាញនិងនិតិវិធី រីឯការសន្និដ្ឋានជំហានដំបូងគឺ ករណីគំនុំរវាងឪក្មេក និងកូនប្រសារ ព្រោះជននេះធ្លាប់បានឪក្មេក ប្តឹងនគរបាលឲ្យជួយ២ករណីមកហើយ ពីបញ្ហាស្រវឹង រករឿងបង្កហឹង្សាក្នុងគ្រួសារ និង១ករណីពីរឿងឆក់ត្រី៕