ខេត្តកណ្តាល : ដោយសារចំណង់បិទបាំង បានធ្វើឲ្យកូនប្រសារម្នាក់ ចាប់រំលោភម្តាយក្មេករបស់ខ្លួនជាច្រើនលើកច្រើនសារ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្ទះជនរងគ្រោះ ភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានគគីរបានឲ្យសារព័ត៌មានកំណើតថ្មីសដឹងថា ជនល្មើសឈ្មោះ ស្រី ដាវី ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាកូនប្រសារ) មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះឈ្មោះ រស់ ញ៉េសហៅ សុខ ភេទស្រីអាយុ៨៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ(ចាស់ជរាត្រូវជាម្ដាយក្មេក) ជាមួយជនសង្ស័យ។
ប្រភពដដែលបានបន្តទៀតថា ក្រោយទទួលពាក្យបណ្តឹងពីពីឈ្មោះ ឌិន នឹម ភេទស្រីអាយុ៥០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ដែលត្រូវជាកូនបង្កើតជនរងគ្រោះ និងត្រូវជាប្រពន្ធជនល្មើសបានប្តឹងជនល្មើសពីបទរំលោភសេពសន្ថវៈលើម្តាយបង្កើតរបស់ខ្លួន។ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុតែជនល្មើសបានរត់គេចខ្លួនបាត់។ លុះដល់ម៉ោង១៧.០០នាទី ជនល្មើសបានត្រឡប់មកផ្ទះវិញ កម្លាំងសមត្ថកិច្ច បានចុះទៅឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី។
នៅក្នុងកំណត់ហេតុសមត្ថកិច្ចបានបញ្ជាក់ថា តាមការអះរបស់កូនបង្កើត និងសាមីខ្លួនជនរងគ្រោះជាម្ដាយថា កន្លងមកកូនប្រសារនេះធ្លាប់ចាប់គាត់រំលោភបាន២ដងរួច មកហើយ តែគាត់មិនប្ដឹង គាត់ធ្លាប់បានធ្វើការអប់រំ ប៉ុន្តែមិនកែប្រែចរិក។ រំលោភលើកនេះជាលើកទី៣ ដោយយកដៃច្របាច់ ក ម្ដាយក្មេក មិនឲ្យស្រែកលើកនេះត្រូវបានប្រពន្ធមកទាន់ឃើញសកម្មភាពរំលោភផ្ទាល់ភ្នែក។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕