ខេត្តព្រៃវែង : មានសេចក្តីរាយកាណ៍មកថា លោក ជុំ សុភី ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រៃវែង កំពុងសប្បាយក្នុងប្រមូលលុយដាក់ហ៊ោប៉ៅ ពីការចំណាយរបស់មន្ទីរ តាមបែបពុករលួយ។ មុនពេលលោក ជុំ សុភី ឡើងធ្វើជាប្រធានមន្ទីរ គឺគេឃើញជីវភាពរបស់គាត់មានភាពខ្វះខាត ប៉ុន្តែក្រោយពេលរូបគាត់បានឡើងធ្វើជាប្រធានមន្ទីរសាច់ឈាមរបស់គាត់ចាប់ផ្តើមស្រស់ថ្លា និងមានប្រាក់ស៊ីចាយហ៊ឺហាររួមមានទ្រព្យសម្បត្តិស្តុកស្តម។ ប៉ុន្តែសម្រាប់មន្ត្រីក្រោយឱវាទរបស់គាត់មួយចំនួនបានលួចខ្សឹបថា ការដែលប្រធានរបស់ពួកគាត់មានជីវភាពហក់ខ្ពស់ឡើងគឺមិនមែនគាត់បាន លុយពីការរកស៊ីនោះទេ ដោយបានលុយពីការកិបកេងការចំណាយថវិការបស់មន្ទីរទើបធ្វើឲ្យគាត់ មានបាននោះ។
ប្រភពដដែលបានឲ្យដឹងថាក្នុងមួយៗឆ្នាំលោកប្រធាន ជុំ សុភី អាចកិបកេងថវិការបស់មន្ទីរជិត៣០០លានរៀល ជាក់ស្តែងនៅឆ្នាំ២០១៤តែម្តង។ ក្នុងនោះថវិកាដែលលោក ជុំ សុភី កិបកេងបានច្រើនជាងគេ គឺថវិកាសម្រាប់បូមទឹកដាក់ស្រែជូនពលរដ្ឋដែលមានគ្រោះធម្មជាតិ ក្នុងជំពូក៦០ ៦១ ៦២ និង៦៥ សរុបជាថវិកាជិត៣០០លានរៀល។ ហើយសម្រាប់ការចំណាយឆ្នាំ ២០១៥នេះ នៅពេលបញ្ជប់ការចំណាយមន្ទីរធនធានទឹកខេត្តព្រៃវែងនិងត្រូវចាយអស់ប្រាក់ជាង ២០០០លានរៀលដោយ១០០០លានរៀលត្រូវចំណាយលើប្រព័ន្ធធារាសាស្ត្រ និងប្រាក់ខ្ទង់ ៥០០លានរៀលគឺចំណាយសម្រាប់អគ្គីសនី សម្រាប់បូមទឹកនៅស្ថានីយជាច្រើនកន្លែងក្នុងខេត្តព្រៃវែង។
សម្រាប់ការចំណាយថវិការបស់មន្ទីរធនធានទឹកខេត្តព្រៃវែង ការចំណាយមួយចំនួនធំ គឺធ្វើឡើងតាមបែបពុករលួយជាពិសេសការចំណាយផ្សេងៗ ក្រៅពីចំណាយលើថ្លៃអគ្គីសនី ចំពោះឯកសារចំណាយគឺគេធ្វើឡើងយ៉ាងល្អរួមផ្សំនិងមានការចូលដៃជើង ពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកនិងនាយកដ្ឋានសវនកម្មផ្ទៃ ក្នុងក្រសួងធ្វើឲ្យលោកប្រធានមន្ទីរ ជុំ សុភី ធ្វើអ្វីៗបានតាមចិត្ត៕