អ្នកចម្រៀង​សំឡេង​ស្អក ធ្លាប់​ដេក​តាម​សួន​

, , Leave a comment

01-12-2015 (1)

​ជីវភាព​គ្រួសារ​ខ្សត់ខ្សោយ ហើយ​មាន​មហិច្ឆតា​ចង់​ក្លាយជា​តារាចម្រៀង​ល្បីឈ្មោះ​មួយរូប​ធ្វើ​ឲ្យ​កំលោះ​មួយរូប​មកពី​ខេត្ដ​កំពង់ឆ្នាំង ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជីវិត លំបាកលំបិន​ជាច្រើន ក្នុងនោះ​ការលំបាក​មួយ​ដែល​យុវ​កំលោះ​រូបនេះ​ចងចាំ​មិន​ភ្លេច​នោះ គឺ​ធ្លាប់​ដេក​តាម​សួនច្បារ ព្រោះតែ​ពុំមាន​ប្រាក់​ជួល​ផ្ទះ​ស្នាក់នៅ​។ ក្រោយពេល​ក្លាយជា​អ្នកចម្រៀង ទើប​អតីត​កំលោះ​កម្សត់​មាន​ប្រាក់​ជួល​កន្លែង​ជ្រកកោន​។​

01-12-2015

​គ្រាមួយ​ក្នុង​កម្មវិធី​សិល្បៈ​របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន អ្នកចម្រៀង​ស្រករ​ក្រោយ​ខេ​ម បានធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​សំឡេង​ច្រៀង​និង​និយាយ​ស្អក​របស់គេ​។ នៅពេល​មានការ​ចាប់អារម្មណ៍​បែបនេះ តារាចម្រៀង​សំឡេង​ស្អក មកពី​ខេត្ដ​កំពង់ឆ្នាំង​បានក្លាយ​ជា​ចំណុច​ស្វែងរក​ប្រភពព័ត៌មាន​របស់​អ្នកកាសែត​។​

 

​ខេ​ម មានឈ្មោះ​ពិត​ហៅថា ប៉ុន សុខ​ណារិន អាយុ​២៥​ឆ្នាំ ជា​កូនពៅ​នៅក្នុង​គ្រួសារ​ស្ដ្រី​មេម៉ាយ ម្នាក់​មានកូន​ពីរ​នាក់​នៅក្នុង​បន្ទុក​។ សព្វថ្ងៃ​គ្រួសារ​នេះ​រស់នៅ​ភូមិ​កណ្ដាល ឃុំ​កំពង់ឆ្នាំង ស្រុក​កំពង់ឆ្នាំង ខេត្ដ​កំពង់ឆ្នាំង​។ ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍ សែស្រឡាយ​របស់​ខេ​ម មិនមាន​នរណាម្នាក់​ជាប់​ឈាមជ័រ​ជា​អ្នកសិល្បៈ​ឡើយ តែ​មកដល់​ជំនាន់​របស់​ខេ​ម ស្រាប់តែ​យុវជន​រូបនេះ​មានភ័ព្វ​វាសនា​បាន​ក្លាយជា​អ្នកសិល្បៈ​មួយរូប​។ ដូច​អ្នកចម្រៀង​ស្រករ​មុនៗ​ដែរ ខេ​ម ជា​មនុស្ស​មាន​និស្ស័យ​ចំពោះ​សិល្បៈ​ចម្រៀង​តាំងពី​គេ នៅ​វ័យ​កុមារ​ម្ល៉េះ​។ មាន​និស្ស័យ​ចំពោះ​សិល្បៈ​ចម្រៀង គួបផ្សំ​ចំណង់​ចង់​ក្លាយជា​អ្នកចម្រៀង ដោយសារ មើលឃើញ​ភាពស្រស់ស្អាត​របស់​អ្នកចម្រៀង​នោះ បាន​ជំរុញ​គេ​ឲ្យ​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិ​ត្ដ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​បាន​ក្លាយជា​អ្នកចម្រៀង​ម្នាក់​។ អ្នកចម្រៀង​ស្រករ​ក្រោយ​រូបនេះ​និយាយថា "​ទោះ​អត់​ស៊ី​មាន​ស៊ី​ក៏ដោយ ក៏​ខ្ញុំ​មិន​លះបង់​មហិច្ឆតា​ចង់​ក្លាយជា​អ្នកចម្រៀង​របស់ខ្ញុំ​ដែរ​" ។​

 

​មាន​ច្រក​តែមួយគត់​ដែល​នាំ​ឲ្យ​ខេ​ម​ទៅដល់​គោលដៅ​នោះ គឺ​ការចូល​ប្រឡង​ចម្រៀង​។ ការប្រឡង​លើកទីមួយ​របស់គេ​ប្រ​ព្រឹ​ត្ដ​នៅ​ខេត្ដ​កំណើត​របស់គេ ហើយ​ការប្រឡង​នោះគេ​ទទួលបាន​ចំណាត់ ថ្នាក់​លេខ​១​ពី​ក្នុងចំណោម​បេក្ខជន​៧០​ប្លាយ​នាក់ និង​ការប្រឡង​ទី​ពីរ​ធ្វើឡើង​នៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ឆ្នាំ​២០០៧ ហើយ​ជា​លទ្ធផល គេ​ក៏បាន​ជាប់​ជ័យលាភី​ទៀត​។ ជោគជ័យ​ក្នុង​ការប្រឡង​ទាំងពីរ​នេះ បានធ្វើ​ឲ្យ​បំណង​ក្លាយជា​តារាចម្រៀង​របស់​គេ​បានសម្រេច ក្រោយ​ទំព័រ​អាជីព​ច្រៀង​របស់គេ​បាន​បើក​ឡើង​នៅ​បៀរ​ហ្គា​ដិ​ន​មួយ​ស្ថិត​នៅក្រោយ​ក្រសួងទេសចរណ៍​។​

 

​រម្លឹក​ដល់​គ្រា​មក​ស្វែងរក​បុព្វហេតុ​នៅ​ភ្នំពេញ ខេ​ម ធ្លាប់បាន​ឆ្លងកាត់​ដំណាក់កាល​ជីវិត​លំបាកលំបិន​ជាច្រើន ក្នុងនោះ​ការលំបាក​បំផុត​ដែល​គេ​ចងចាំ​មិន​ភ្លេច​នោះ​គឺ​ការ​ដេក​តាម​សួនច្បារ​។ គេ​បាន​រៀបរាប់​ឲ្យ​ដឹងថា ទម្រាំ់​គេ​បាន​ក្លាយជា​អ្នកចម្រៀង​គេ​ធ្លាប់មាន​អនុស្សាវរីយ៍​ជូរចត់​ជាច្រើន ដូចជា​ធ្លាប់​ដេក​តាម​សួនច្បារ តែ​មិនមែនជា​ក្រុម​បងតូច​បងធំ​ទេ គឺ​មកពី​គេ​គ្មាន​ផ្ទះ​ស្នាក់​នៅពេល​ទើប​មកដល់​ភ្នំពេញ​ដំបូង​។ បុរស​កម្សត់​បាន​បន្ដ​ថា គេ​មាន​បងស្រី​ម្នាក់​ធ្វើការ​នៅ​អង្គការ​មួយ ហើយ​បងស្រី​គេ​នោះ បាន​សុំ​ប្រធាន​អង្គការ​ឲ្យ​គេ​បាន​ចូល​សម្រាក​នៅក្នុង​មណ្ឌល​របស់​អង្គការ​នៅពេល​ថ្ងៃ​តែ​នៅ​ពេលយប់​ដោយសារ​មណ្ឌល​របស់​អង្គការ​មាន​បុគ្គលិក​ដេក​ពេញ​ធ្វើ​ឲ្យ​គេ​អត់​កន្លែងដេក​ពួន ហើយក៏​ដើរទៅរ​កបង់​ទំនេរ​នៅតាម​សួនច្បារ​សម្រាប់​ដេក​រហូតដល់​មេឃ​ភ្លឺ​ទើបបាន​វិល​មក​ចូលដេក​នៅក្នុង​មណ្ឌល​របស់​អង្គការ​វិញ​។ លុះដល់​ពេល​គេ​បាន​ចូល​ច្រៀង​នៅ​បៀរ​ហ្គា​ដិ​ន​នៅក្រោយ​ក្រសួង​ទេ​សចណ៍ ទើប​គេ​មាន​ប្រាក់​សម្រាប់​ជួល​ផ្ទះ​ស្នាក់នៅ​រហូតមកដល់​ស​ព្វ​ថ្ងៃ​។​

 

​នៅ​ដើមឆ្នាំ​២០១០ ខេ​ម​បាន​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម​ថោ​ន និង​ច្រៀង ឲ្យ​ក្លឹប​ថោ​ន​នៅពេល​រាត្រី​។ មុននេះ​គេ​ច្រៀង​នៅតាម​បៀរ​ហ្គា​ដិ​ន និង​ក្លឹប​ស្កា​យ​។ ការចូល​ធ្វើជា​អ្នកចម្រៀង​នៅ​ផលិតកម្ម ថោ​ន កើតឡើង​ពី​សមត្ថភាព​មិនមែន​កើតឡើង​ដោយ​បក្ខពួក​នោះទេ​។ ផលិតកម្ម​សម្រេចយក ខេ​ម ដោយសារ​គេ​មាន​លក្ខណៈ​សម្បត្ដិ​សំឡេង​ស្អក តែ​ច្រៀង​ពីរោះ​ប្លែក​ពី​អ្នកចម្រៀង​ដទៃ​។ ខេ​ម​មានរឿង​លាក់​ក្នុង​ចិ​ត្ដ​មួយ​ត្រូវ​ទម្លាយ នោះ គឺ​គេ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជួយ​ឲ្យ​តម្លៃ​អ្នកសិល្បៈ​ឲ្យ​បាន​ច្រើន​ដូច​តារា​បរទេស ហើយ​កុំ​គិតថា មាន​អ្នកសិល្បៈ​មួយចំនួន​ធ្វើ​រឿង​មិនល្អ ដោយ​សរុប​ថា អ្នកសិល្បៈ​អាក្រក់​ទាំងអស់នោះ​៕

 

 

Leave a Reply

(*) Required, Your email will not be published