ខេត្តបន្ទាយមានជ័យ : រថយន្តស៊េរីទំនើបៗ បង់ពន្ធតិចតួច កំពុងតែនាំចូលជាចំហរពីប្រទេសថៃតាម ច្រកព្រំដែននៅក្នុងខេត្តបន្ទាយមានជ័យតាមរយៈមេឈ្មួញដ៏ល្បីម្នាក់ឈ្មោះ តាម៉ាន់ ។ មន្ត្រីគយកំពុងផ្អែមមាត់ជាមួយបទល្មើសនៃការនាំរថយន្តទំនើបចូលដោយ បន្លំជាមួយនឹងការមិនបង់ពន្ធ ។ ជនរងគ្រោះនៅក្នុងទង្វើឃុបឃិតគ្នានេះ គឺបណ្តាជនដែលទិញរថយន្តមិនបង់ពន្ធយកទៅប្រើប្រាស់។
ប្រភពដដែលបានរាយការណ៍ថា រថយន្តដែលនាំចូលច្រើនជាងគេ គឺប្រភេទរថយន្តតូយ៉ូតា ដែលក្នុងមួយថ្ងៃៗមានរថយន្តរាប់រយគ្រឿងត្រូវបាននាំពីប្រទេសថៃ យកមកស្តុកនៅឃ្លាំងក្នុងតំបន់ប៉ោយប៉ែត រួចទើបបើកទៅរាជធានីភ្នំពេញ ។ គេរាយការណ៍ថា តាម៉ាន់ គឺជាអ្នកនាំរថយន្តចូលផ្តាច់មុខ ដោយបង់ពន្ធតិចតួច ពីព្រោះគាត់មានទំនាក់ទំនងស្អិតល្មូតជាមួយមន្ត្រីគ្រប់ស្ថាប័ននៅ ព្រំដែន ។
សកម្មភាពទាំងនេះបណ្តាលមកពីមានការឃុបឃិតជាមួយមេគយច្រកទ្វារ និងឈ្មួញក្នុងការនាំរថយន្តចូលក្រោមតួលេខ១០០គ្រឿងរបាយការណ៍បង់ពន្ធថវិកាចូលរដ្ឋ ៧០គ្រឿងទៅ៧៥គ្រឿងប៉ុណ្ណោះ។ ជុំវិញការចោទប្រកាន់ខាងលើ អ្នកយកពត៌មានយើងបានជួបជាមួយ តាម៉ាន់ សុំការអត្ថាធិប្បាយ ប៉ុន្តែគាត់មិនផ្តល់បទសម្ភាសន៍អ្វីច្រើននោះទេ គ្រាន់តែនិយាយយ៉ាងខ្លីថាគាត់មិនមែនជាអ្នកនាំរថយន្តចូលទេ គ្រាន់តែជាអ្នកនាំប្រេងរំអិលប៉ុណ្ណោះ។ រីឯរឿងគេចពន្ធ ឬយ៉ាងណានោះសូមទៅសួរខាងគយទៅ។
ករណីខាងលើនេះ បានកើតឡើងយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយ ដោយសារតែតម្រូវការរថយន្តនៅក្នុងផ្ទៃប្រទេសកើនឡើង ។ ការធូរលុងរបស់សមត្ថកិច្ចគយ លាយឡំដោយអំពើពុករលួយ ត្រូវគេអះអាងថា ជាមូលហេតុ ដែលបណ្តាលឲ្យតាម៉ាន់អាចគ្រប់គ្រងស្ថានការណ៍ក្នុងការនាំរថយន្ត ដោយមិនបាច់បង់ពន្ធចូលក្នុងផ្ទៃប្រទេសបានដោយងាយស្រួល ។ តាម៉ាន់ មិនត្រឹមតែល្បីនៅតំបន់ព្រំដែនភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះទេ នៅឯកណ្តាលបេះដូងរាជធានីភ្នំពេញ ក៏ត្រូវអ្នករកស៊ីទិញ លក់រថយន្តស្គាល់ថា ជាជើងខ្លាំងនាំរថយន្តមិនបង់ពន្ធចូលដែរ៕