រាជភ្នំពេញ : ដោយសារបាត់ស្បែងជើងពីរគូ បានធ្វើឲ្យបុរសជាប្តីប្រើអំពើហិង្សាវាយទាត់ធាក់ និងឈានដល់ប្រមូលខោអាវប្រពន្ធដុតបំផ្លាញចោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចខាងមុខបន្ទប់ផ្ទះជួលលេខ៤៩ ផ្លូវលេខ៩៧ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិ្ចចមូលដ្ឋានបានឲ្យដឹងថា ជនដៃដល់ជាប្តីដែលសមត្ថកិច្ចហៅទៅសួរនាំមានឈ្មោះ ឈ្មោះ សុខ ចយ អាយុ៣០ឆ្នាំ ជាចុងភៅតាមហាង និងមានប្រពន្ធឈ្មោះ ចាន់ សាអែម អាយុ៣៧ឆ្នាំ ជាបុគ្គលិកនៅក្នុងហាងបារាំងមួយកន្លែង ស្នាក់នៅក្នុងបន្ទប់ផ្ទះជួលខាងលើ។ មុនពេលកើតហេតុ បុរសជាប្តីបានឈ្លោះប្រកែកជាមួយប្រពន្ធរឿងបាត់ស្បែកជើងចំនួន២គូ ដោយមានការជជែកគ្នាយ៉ាងតឹងសរសៃ.កដាក់គ្នា ហើយបុរសជាប្តីក៏បានប្រើអំពើហិង្សាលើប្រពន្ធ ធ្វើឲ្យស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏ចាកចេញពីផ្ទះបាត់ទៅកុំឲ្យមានរឿងវែងឆ្ងាយ ប៉ុន្តែបុរសជាប្តីមានចិត្តឃោរឃៅ បានស្ទុះទៅប្រមូលខោអាវប្រពន្ធ និងសម្ភារៈប្រើប្រាស់យកមកដាក់គរនៅខាងមុខបន្ទប់របស់ខ្លួន កេះដែកកេះដុតបង្កជាអណ្ដាតភ្លើង និងធ្វើឲ្យមានការភ្ញាក់ផ្អើលទៅដល់អ្នកជិតខាង ខ្លាចមានអគ្គិភ័យ ហើយអ្នកជិតខាងបានទូរស័ព្ទប្តឹងសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ពន្លត់ ប្រុងនឹងហៅរថយន្តពន្លត់អគ្គិភ័យមកជួយពន្លត់ ដោយខ្លាចរាលដាលឆេះផ្ទះអ្នកដទៃ ដោយឃើញអណ្ដាតភ្លើងឆាបឆេះខ្លាំងពេក បុរសជាប្តីទំនងជាភ័យបានរត់ទៅដងទឹកពន្លត់រលត់ទៅ។
ក្រោយកើតហេតុ បុរសជាជនបង្ក សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវធ្វើការឃាត់ខ្លួន យកមកសាកសួរបន្ទាប់មកដោយសារតែមិនមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិ សារធារណៈ ឬអ្នកដទៃនោះ សមត្ថកិច្ចក៏បានធ្វើការអប់រំណែនិងណែងនាំ និងឱ្យធ្វើកិច្ចសន្យាកុំឱ្យមានជាលើកទី២ទៀត៕