វិធីសាស្ត្រ​មួយចំនួន​ជួយ​ដល់​ស្ត្រី​ជា​ម្តាយ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ឆ្អែត​

, , Leave a comment

​សុខភាព : ការ​បំបៅកូន​ដោយ​ដោះ​ម្តាយ​មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ ពិសេស​សម្រាប់​អ្នក​មានកូន​ដំបូង​មិនអាច​ដឹង​ច្បាស់​ថា ទារក​បៅ​ឆ្អែត​ហើយ ឬក៏​មិនទាន់​ឆ្អែត ព្រោះ​ទារក​មួយចំនួន​តែងតែ​បៅ​ឈប់ៗ ជាហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​ស្មានថា កូនបៅ​ឆ្អែត​ក៏​លែង​បំបៅកូន​តទៅទៀត​។ រីឯ​ទារក​បើកាលណា​បៅ​មិនទាន់​ឆ្អែត មិន​អស់ចិត្ត​ទេ តែង​ស្រែកយំ​រមួលខ្លួន​ទាល់តែ​បាន​បៅ​ទៀត​ទើប​ស្ងប់​។ ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី សូម​ដកស្រង់ និង​បង្ហាញ​វិធីសាស្ត្រ​ជួយ​ដល់​ការ​បំបៅ​ដោះ​ដល់​ទារក ដូចខាងក្រោម​នេះ ៖

 

-​មុន​បំបៅ​ដោះ​ទារក អ្នក​ម្តាយ​ត្រូវ​លាង​សំអាត​ដៃ និង​ដោះ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​ជាមុនសិន​។​

 

-​ត្រូវ​រក​កន្លែង​អង្គុយ​ឲ្យ​បាន​ស្រួលបួល គឺ​ត្រូវ​អង្គុយ​ឲ្យ​ត្រង់​ខ្នង និង​មាន​ខ្នើយ​សម្រាប់​កល់​ផ្អែក​ផង​ការពារ​ចុក​រោយ​។​

 

-​មុន​បំបៅ​អ្នក​ម្តាយ​គួរ​ច្របាច់​ទឹកដោះ​ចេញ​បន្តិច ដើម្បី​ទាក់ទាញ​ចិត្ត​ទារក​ផង និង​ឲ្យ​ក្បាលដោះ​មាន​សភាព​ទន់ ហើយ​សើម​ផង​។​

 

-​នៅពេល​បៅ​ទារក​អាច​នឹង​ឈប់​បៅ​ម្តង ហើយ​ម្តងទៀត ហើយ​ការឈប់​នេះ គឺជា​ចរិត​ធម្មជាតិ​របស់​ទារក តែ​អ្នក​ម្តាយ​គួរតែ​ជំរុញ​ទារក​ឲ្យ​បៅ​បន្តទៀត​រហូត​ទាល់តែ​ឆ្អែ​ក មិនត្រូវ​ធ្វើ​អ្វីដែល​នាំ​ក្តី​រំខាន់​ដល់​ចិត្ត​ទារក​នោះឡើយ​។​

 

-​បើសិនជា​ទារក​បៅ​ឈប់ៗ ត្រូវ​និយាយ​លេង​ជាមួយ​គេ​ដោយ​ប្រើ​ក្រសែភ្នែក ឬ​អង្អែល​ក្បាល ហើយ​ច្របាច់​ឲ្យ​ចេញ​ទឹកដោះ​បន្តិច ដើម្បី​ទាក់ទាញ​អារម្មណ៍​ទារក​ឲ្យ​ចង់​បៅ​បន្តទៀត​។​

 

-​នៅពេលដែល​ទារក​ងងុយគេង លែង​ចង់​បៅ​អ្នក​ម្តាយ​គួរតែ​រក​វិធី​ដើម្បី​ទាក់ទាញ​ឲ្យ​ទារក​បៅ​បន្តទៀត​ដោយ​ប្រើ​ដៃ​គោះ​ស្រាលៗ នៅក្បែរ​មាត់​ទារក ឬ​ថើប​ប្រឡែង​លេង​។​

 

-​នៅពេល​បំបៅ​ដោះ​ទារក អ្នក​ម្តាយ​គួរតែ​និយាយ​លេង​ជាមួយ​កូន​ដោយ​សម្តី​កែក្រាយ​ផ្សេងៗ ប្រើ​ស្នាមញញឹម ឬ​ប្រើ​ក្រសែភ្នែក ដែល​ពោរពេញ​ទៅដោយ​ក្តី​ស្រឡាញ់ និង​កត់សម្គាល់​នូវ​កាយវិការ​ឆ្លើយតប​រប​ស់​កូនតូច​ដ៏​គួរ​ឲ្យ​ខ្នាញ់​នោះ​វិញ​ផងដែរ​។​

 

​ស្ត្រី​ជា​ម្តាយ​ត្រូវ​ចាំ​ថា ទារក​ដែល​បៅដោះ​ដោយ​ក្តី​រីករាយ ហើយ​ទទួលបាន​ភាពកក់ក្តៅ​ពី​ម្តាយ ទឹកដោះ​សម្រាប់​ទារក​នោះ​នឹងមាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់​ដូច​ចិត្ត​ម្តាយ​គេ​ដែរ​ធ្វើ​ឲ្យ​ទារក​បៅ​បាន​ច្រើន​ឆាប់​រីក​ធំធាត់​ហួស​ពី​ការ​ស្មាន​៕

25-11-2015

 

Leave a Reply

(*) Required, Your email will not be published