រាជធានីភ្នំពេញ : បុរសម្នាក់ត្រូវបានរងគ្រោះស្រាល ខណៈដែលរថយន្តលុចស៊ីស RX 300 បើកបរដោយជនជាតិចិន ដោយសារបែកកង់ខាងមុខ បានរេចង្កូតទៅបុកម៉ូតូគុបជ្រុង១គ្រឿង បើកបរបញ្ច្រាសទិសកាលពីវេលាម៉ោង៨និង ៣០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចតាមបណ្ដោយផ្លូវព្រៃ.ស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តលុចស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-9469 បើកបរដោយជនជាតិចិន ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រៃ.ស ក្នុងទិសដៅជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់មុខផ្នែកខាងឆ្វេង ជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ាកគុបជ្រុង ពណ៌ខៀវចាស់ ពាក់ស្លាកលេខ កំពង់ស្ពឺ1A-4811 បណ្ដាលឲ្យបុរសម្នាក់អាយុប្រហែលជាង៥០ឆ្នាំ ទទួលរងរបួសស្រាល។ ដោយឡែក រថយន្ត និងម៉ូតូ បានធ្លាក់ចូលប្រឡាយទឹករងការខូចខាតទាំងសង្ខាង ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅយកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពីធ្វើការវាស់វែងរួច បានស្ទូចយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីដោះស្រាយតាមច្បាប់៕