ខេត្តព្រះសីហនុ : ស្ត្រីជនជាតិចិន និងកូនប្រុសតូចម្នាក់បានភិតភ័យស្ទើរលោះព្រលឹង ខណៈពេលជិះរថយន្តជាមួយប្តីរបស់ខ្លួនដែលស្ថិតក្នុងស្ថានភាពស្រវឹង ជោកជាំ ហើយបើកបរក្នុងល្បឿនលឿនដូចហោះ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលចូលទៅក្នុងទឹកសមុទ្រកាលពីវេលាម៉ោងប្រមាណ១ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥នៅ ត្រង់ចំណុចឆ្នេរសមុទ្រតភ្ជាប់ពីរផ្លូវ៥០២ ស្ថិតនៅក្នុង ភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
បើតាមការបង្ហាញពីសាក្សីនៅកន្លែងកើតហេតុបានឲ្យថា មុនពេលកើតហេតុគេឃើញរថយន្តកាមរី ឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខព្រះសីហនុ2A.4248 ជិះគ្នាចំនួន៣នាក់ ក្នុងនោះមានក្មេងប្រុសម្នាក់ផង បានបើកបរក្នុងល្បឿនលឿនដូចហោះបោះពួយពីគោលដៅរង្វង់មូលរូបសំណាកតោ២ ឆ្ពោះមកតាមបណ្ដោយផ្លូវលេខ៥០២ ចុះមកក្រោមតម្រង់ទៅឆ្នេរសមុទ្រ។ លុះមកដល់ចំណុចកើតហេតុ ជាចំណុចបញ្ចប់នៃផ្លូវផងនោះ តៃកុងរថយន្តមិនបានបន្ថយល្បឿននោះទេ តែផ្ទុយទៅវិញហាក់ ដូចជារឹតតែបន្ថែមល្បឿនលឿនជាងមុន ជាហេតុធ្វើឲ្យរថយន្តបានហោះរំលងអាងស្ដុកទឹកសំអុយដ៏ធំមួយ ដែលនៅពីរមុខ រួចបុកម៉ូតូមួយគ្រឿង ដែលចតចោលនៅលើគម្របអាងទឹកសំអុយ ហើយក៏ធ្លាក់ចូលទឹកសមុទ្រទាំងកំរោលតែម្តងបង្កឲ្យមានភាពភ្ញាក់ផ្អើល។
ភ្លាមៗក្រោយពីកើតហេតុគេឃើញស្រី្តជនជាតិចិន និងកូនប្រុសម្នាក់ ដែលជិះក្នុងរថយន្តបានព្យាយាមបើកទ្វាររថយន្តចាកចេញពីក្នុងទឹកសមុទ្រក្នុងសភាពភ័យស្លន់ស្លោ។ ចំណែកឯតៃកុង(ប្តី) ជាជនជាតិចិនដូចគ្នា នៅក្នុងពេលនោះគេ ឃើញមានសភាព ស្រវឹងស្រាជោកជាំ ហើយបានបើកទ្វារចេញពីរថយន្ត រួចនាំប្រពន្ធកូនចាកចេញពីទីនោះបាត់ស្រមោលតែម្តង។
រីឯរថយន្តត្រូវបានជនជាតិខ្មែរម្នាក់ ដែលជាតំណាងជនជាតិចិន បានជួលឲ្យ ប្រជាពលរដ្ឋ ដែលនៅក្បែរៗ នោះអស់១៥០ដុល្លារដើម្បីជួយរុញពីក្នុងទឹកសមុទ្រមកលើឆ្នេរ ខ្សាច់។ បច្ចុប្បន្នរថយន្តខាងលើត្រូវបានសមត្ថកិច្ចប៉ូលិសស្ទូចនាំយក ទៅរក្សាទុក ដើម្បីមាន វិធានការតាមផ្លូវច្បាប់៕