សុខភាព : តាមសារព័ត៌មានបរទេសផ្សាយថា រោគក្រឡើទែន ជាប្រភេទមេរោគដែលតែងតែកើតមានចំពោះមនុស្សមួយចំនួន និងមានលក្ខណៈឆ្លង។ រោគក្រឡើទែន នេះបង្កឡើងដោយេមរោគក្រឡើទែន ហើយវាជាប្រភេទជំងឺដែលតែងតែកើតមានជាញឹកញាប់ទៅលើកុមារ និងនៅតាមបណ្តាប្រទេសមួយចំនួនដែលមិនសូវមានការអភិវឌ្ឍផ្នែកខាងការចាក់ថ្នាំវ៉ាក់សាំងបង្ការមេរោគក្រឡើទែន។
ជំងឺក្រឡើទែននេះមានលក្ខណៈហើមក្រឡឹងក និងក្រពេញទឹកមាត់ ដែលបណ្តាលឲ្យមានការឈឺចាប់ខ្លាំង ហើយគ្មានការព្យាបាលណាមួយឲ្យពិតប្រាកដទៅលើរោគសញ្ញានៃជំងឺនេះទេ។ រោគសញ្ញានៅពេលដែលកើតជំងឺក្រឡើទែនរួមមាន គ្រុនក្តៅ ឈឺក្បាល រោគរលាកលំពែង។ ចំណែករោគសញ្ញាមួយចំនួនទៀត គឺជារោគសញ្ញាបន្ទាប់បន្សំមានដូចជា ស្ងួតមាត់ ឈឺចាប់នៅផ្ទៃមុខ និងត្រចៀក មិនសូវនិយាយស្តីច្រើន ពេលខ្លះក៏មានអាការដែលអាចធ្ងន់ជាងនេះទៅទៀត។
រោគសញ្ញាដំបូងនៃជំងឺក្រឡើទែននេះ គឺតែងតែមានអាការឈឺក្បាល គ្រុនក្តៅ រសាប់រសល់ និងមិនសូវឃ្លានអាហារ។ ជំងឺក្រឡើទែន ជាជំងឺមួយដែលមានលក្ខណៈឆ្លងពីមនុស្ស ម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈផ្លូវដង្ហើម គឺការដកដង្ហើមពីអ្នកជំងឺទៅមនុស្សធម្មតា រួមទាំងទឹកមាត់របស់អ្នកជំងឺក៏អាចឆ្លងរោគក្រឡើទែននេះផង ដែរ គឺនៅពេលដែលអ្នកជំងឺក្អក ឬកណ្តាស ហើយចំហាយទឹកមាត់ហើរចូលមាត់ ភ្នែក ច្រមុះ អ្នកផ្សេង។ ម្យ៉ាងវិញទៀតការឆ្លងរោគក្រឡើទែននេះអាចបណ្តាលមកពីការបែងចែកចំណីអាហារ និងទឹកហូបជាមួយអ្នកជំងឺដែលពពួកមេរោគតែងតែស្ថិតនៅជាប់ជាមួយ ចំណីអាហារ និងទឹកហូប បន្ទាប់មកឆ្លងដល់អ្នកដទៃដែលបានបរិភោគចំណីអាហារ ឬទឹកដែលទទួលបានពីអ្នកជំងឺដែលកើតជំងឺក្រឡើទែន៕