ភាព​គ្មាន​មនសិការ ជា​កត្តា​សម្លាប់​ស្ត្រី​សម្រាលកូន ក្រោយ​បុគ្គលិក​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ឆ្លើយ​ដាក់គ្នា​

, , Leave a comment

24-11-2015

​ខេត្តកំពង់ឆ្នាំង : ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្រោយពី​នាង​បាន​សម្រាលកូន​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ដោយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ចោទថា គ្រូពេទ្យ​ខេត្ត​បណ្តែតបណ្តោយ​ឲ្យ​ស្លាប់​មិន​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ជីវិត​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

 

​បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​បានបញ្ជាក់​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ ផាន់ សា​អី​ម អាយុ​៣៥​ឆ្នាំ មានកូន​៤​នាក់ មាន​ប្ដី​ឈ្មោះ សាត់ សា​វ៉ុ​ន អាយុ​៣៧​ឆ្នាំ រស់នៅក្នុង​ភូមិ​កំ​ព្រ​ង ឃុំ​ផ្សារ ស្រុក​បរិបូណ៌​។ នៅ​ព្រឹក​ថ្ងៃកើតហេតុ ប្ដី​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​មាន​ផ្ទៃពោះ​គ្រប់​ខែ​ទៅពិនិត្យ​ពោះ​នៅ​គ្លីនិក​ឯកជន​មួយ ដើម្បី​ចង់ដឹងថា តើ​កូន​ពួកគាត់​កើត​នៅ​ថ្ងៃ​ណា​? ក្រោយពេល​ពិនិត្យ​ពោះ​រួច​គ្រូពេទ្យ​ឯកជន​ប្រាប់ថា កូន​មាន​ក្បាល​ធំ និង​ពិបាក​កើត គួរតែ​ទៅ​កើត​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ទៅ ព្រោះ​ពេទ្យ​ខេត្ត​មាន​ឧបករណ៍​បង្កើតកូន​គ្រប់គ្រាន់​។​

 

​បន្ទាប់មក​ប្រពន្ធ​(​ស្ត្រី​រងគ្រោះ​)​គាត់​ក៏បាន​ឈឺពោះ ក៏បាន​ទៅ​សម្រាលកូន​នៅក្នុង​អាគារ​សម្ភព​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង នៅ​ម៉ោង​១១​និង​៥៥​នាទី​ថ្ងៃត្រង់ តែ​កូន​មិនមាន​ក្បាល​ធំ​នោះឡើយ​។ ក្រោយពេល​សម្រាលកូន​រួច គ្រូពេទ្យ​ឆ្មប​បាន​ប្រាប់ថា ប្រពន្ធ​គាត់​ខ្វះ​ឈាម​ក៏បាន​ចាក់​សេរ៉ូម​ឲ្យ​២​ស្បោង និង​ចាក់​ថ្នាំ​ឲ្យ​៣​ម្ជុល​។ បន្ទាប់មក​ប្រពន្ធ​គាត់​ក៏មាន​អា​ការៈមិន​ស្រួល​ខ្លាំង​ថប់ៗ ស្លឈាម ហើយ​គ្រូពេទ្យ​ក៏បាន​ចាក់​ថ្នាំ​ឲ្យ​១​ម្ជុល​ទៀត និង​បាន​យកប្រពន្ធ​គាត់​ទៅ​ដាក់​ខ្យល់​អុកស៊ីហ្សែន ធ្វើ​ឲ្យ​ប្រពន្ធ​គាត់​ស្លាប់​ក្នុងពេល​កំពុង​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន​នេះ តែម្តង​នៅ​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​។​

 

​ចំពោះ​ករណី​ខាង​នេះ​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ចោទថា មកពី​ពេទ្យឆ្មប​ខេត្ត​បង្កើតកូន​មិនល្អ និង​បណ្តែតបណ្តោយ​មិន​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ជីវិត​ឲ្យ​បាន​ទាន់ពេលវេលា​ទើប​បណ្ដាល​ឲ្យ​នាង​ស្លាប់​។​

 

​ប្រភព​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ទៀតថា ករណីនេះ​ក្រោយ​ពេលធ្វើ​បុណ្យសព​រួច ពួកគាត់​នឹងធ្វើ​លិខិត​ដាក់ជូន​មន្ទីរ​សុខាភិបាល​ខេត្ត សុំ​ឲ្យ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្ត​បកស្រាយ និង​បំភ្លឺ​ឲ្យ​បានច្បាស់លាស់​អំពី​ករណី​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​រងគ្រោះ​ស្លាប់ បើ​ពួកគាត់​មិន​អស់ចិត្ត​ទេនោះ​ពួកគាត់​នឹង​ប្ដឹងទៅ​ថ្នាក់លើ​បន្តទៀត​៕

24-11-2015 (1)

 

Leave a Reply

(*) Required, Your email will not be published