រាជធានីភ្នំពេញ : លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់នៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីយប់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ មានមូលហេតុចំនួន៣ ដែលធ្វើឲ្យលោកលើកពេលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ។
លោក សម រង្ស៊ី សរសេរថាមូលហេតុដែលប្រែប្រួលគម្រោងវិលត្រឡប់មកប្រទេសកម្ពុជានោះរួមមាន គឺ ១- នៅរសៀលថ្ងៃទី ១៦ វិច្ឆិកានោះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងមូល នៅប្រទេសកម្ពុជា ក្នុងនោះមានតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាទាំងអស់ បានជួបជុំគ្នាហើយសម្រេចជាឯកច្ឆ័នស្នើឲ្យខ្ញុំលើកការវិលត្រឡប់របស់ខ្ញុំ មួយរយៈពេល ដោយសារតែសហការីរបស់ខ្ញុំទាំងនោះ មានការព្រួយបារម្ភយ៉ាងខ្លាំងពីអំពើហិង្សា ដែលអាចកើតឡើងពេលខ្ញុំមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី ១៦ វិច្ឆិកានោះ។ អំពើហិង្សានោះ អាចប៉ះពាល់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើននាក់ ដែលត្រៀមមកស្វាគមន៍ខ្ញុំ នៅព្រលានយន្តហោះ។ ខ្ញុំបានទទួលសំណើនេះតាមទូរស័ព្ទពីលោក អេង ឆៃអ៊ាង ពេលដែលខ្ញុំកំពុងធ្វើដំណើរ ឆ្ពោះទៅព្រលានយន្តហោះទីក្រុង អ៊ីនឆុន (Incheon) ប្រទេសកូរ៉េខាងត្បូង ដើម្បីឡើងយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Korean Air វិលត្រឡប់មកប្រទេសកម្ពុជាវិញ។
២- នៅថ្ងៃទី ១៦ វិច្ឆិកាដដែលនោះ មានតំណាងជាន់ខ្ពស់ នៃប្រទេសធំៗពីរ ជាមិត្ត ក៏បានស្នើឲ្យខ្ញុំពន្យាការវិលត្រឡប់របស់ខ្ញុំ មួយរយៈពេលដូចគ្នាអញ្ចឹងដែរ ពីព្រោះគេកំពុងតែខិតខំជួយរកដំណោះស្រាយចំពោះវិបត្តិនយោបាយ នៅប្រទេសកម្ពុជា ដែលមានសភាពកាន់តែតានតឹង។ គេបានពន្យល់ខ្ញុំថា បើខ្ញុំវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៦ វិច្ឆិកានោះ សភាពការណ៍ច្បាស់ជាកាន់តែស្មុគស្មាញថែមទៀត ហើយគេនឹងជួបការលំបាកកាន់តែខ្លាំង។ មានន័យថា បើខ្ញុំនៅក្រៅប្រទេស គេងាយស្រួលជួយយើងជាង។
៣- នៅព្រឹកថ្ងៃទី ១៦ វិច្ឆិកាដដែលនោះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានតែសមាជិកមកពីគណបក្សប្រជាជនកម្ពុជាចូលរួម បានសម្រេចបណ្តេញខ្ញុំចេញពីរដ្ឋសភា ដែលជាហេតុធ្វើឲ្យខ្ញុំបាត់បង់នូវអភ័យឯកសិទ្ធិសភារបស់ខ្ញុំ។ ហេតុការណ៍ចុងក្រោយនេះ នាំមកនូវអតុល្យភាពកាន់តែខ្លាំងក្នុងការតទល់គ្នា ហើយជាអំពើអយុត្តិធម៌មួយទៀតចំពោះខ្ញុំ ដែលធ្វើឲ្យខ្ញុំបាត់បង់ទាំងស្រុង នូវលទ្ធភាពការពារខ្លួនតាមផ្លូវច្បាប់។ ក្នុងការប្រយុទ្ធតស៊ូនីមួយៗ យើងមិនត្រូវឲ្យគូបដិបក្ខ ជាអ្នកជ្រើសរើសសមរភូមិ និងជាអ្នកកំណត់លក្ខខណ្ឌនៃការតទល់គ្នា តាមតែអំពើចិត្តរបស់គេទេ។
ទាក់ទងបញ្ហានេះដែរ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញ ប្ញទ្ធិ បានអះអាងថាអនុប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា នឹងមកដល់ប្រទេសកម្ពុជាវិញនៅវេលាម៉ោង២និង៤០ នាទីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥។ លោកបញ្ជាក់ថាលោកអនុប្រធាន កឹម សុខា នឹងត្រឡប់មកកម្ពុជាវិញជាមួយតំណាងរាស្ត្រពីររូប គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ដែលកំពុងសំរាកព្យាបាលនៅ ប្រទេសថៃហើយនៅពេលនេះលោកអនុប្រធានបានមកដល់ប្រទេសថៃហើយ៕