រាជធានីភ្នំពេញ : នៅអំឡុងពេលដែលកិច្ចការងារជាច្រើនត្រូវបានធ្លាក់ទៅលើថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាត្រូវធ្វើស្ទើរ តែរកពេលសម្រាកគ្មាននោះ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា ថ្វីបើកិច្ចការងារដែលកំពុងមមាញឹករាល់ថ្ងៃនេះ ពិតជាហត់នឿយមែនក៏ដោយ ក៏មិនដែលអស់សង្ឃឹមនោះទេ គឺត្រូវបានបន្តកិច្ចការងារទាំងនេះដោយក្ដីញញឹម ជានិច្ច។
ការប្រាប់ឲ្យដឹងរបស់ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជានៅពេលនេះធ្វើឡើងស្របពេលដែល សម្ដេច ហ៊ុន សែន និងភរិយារបស់លោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានទៅចូលរួមប្រជុំកំពូលអាស៊ានលើកទី២៧ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២០-២២ វិច្ឆិកា ២០១៥។
ថ្វីបើកិច្ចការងារប្រជុំមួយនេះត្រូវបានបញ្ចប់ពិតមែនទៅហើយក៏ដោយ ប៉ុន្តែការងារបន្ទាប់នេះគឺរៀបចំទទួលបដិសណ្ឋារកិច្ច លោក Dmitry Medvedev នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី នៅកម្ពុជាចាប់ពីថ្ងៃទី២២-២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ នេះបើយោងទៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច ហ៊ុន សែន ចេញផ្សាយនៅថ្ងៃ ទី ២៣ វិច្ឆិកា នេះ។ បែបណាក៏ដោយស្របពេលដែលថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីស្នាមញញឹម និងការខិតខំប្រឹងប្រែងបែបនេះនោះមានអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកជាច្រើនបានចាត់ទុកថា សម្ដេចគឺជាគ្រាប់ពេជ្រមួយដ៏មានតម្លៃសម្រាប់ប្រទេសកម្ពុជា៕