រាជធានីភ្នំពេញ : ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅថ្ងៃទី២៤, ២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ គេហទំព័រសារព័ត៌មានកំណើតថ្មី សូមលើកយកប្រវត្តិព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកមកផ្សព្វផ្សាយ ដោយយោងតាមឯកសាររបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានឲ្យដឹងថា ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកមានតាំងពីបុរាណយូរលង់មកហើយដែល មានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេសក៏ដូចជាតាមសិលាចារឹកនៃប្រាសាទអង្គរ។ តាមសៀវភៅជ័យវរ្ម័នទី៧មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យពីដើមមានចែងថា៖
នៅក្នុងសម័យអង្គរនាគ.សសតវត្សរ៍ទី១២ក្នុងកម្ពុជាមានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ដោយព្រះបាទ ជ័យវរ្ម័ន ទី៧ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះក្រុងកម្ពុជា ឲ្យរួចផុតស្រឡះពីខ្មាំងសត្រូវ (គ.ស១១៧៧-១១៨១) រឿងចម្បាំងគ្រានោះមានឆ្លាក់នៅលើជញ្ជាំងប្រាសាទ បាយ័ននិងបន្ទាយឆ្មារ។ ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមាដែលមានព្រះឆាយាល័ក្ខណ៍ព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបង យ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ។
ឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់លេខ១៩.០០៤និពន្ធដោយ លោក ថាច់ ប៉ែន ហៅប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំង កម្ពុជាក្រោម មានចែងថា ៖ សម័យលង្វែកព.ស២០៧១ គ.ស ១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបាជាស្តេចក្រាញ់ នៅកម្ពុជាក្រោម ស្រុកបាសាក់។ ស្តេចក្រាញ់នេះ បានចាត់របៀបរៀបចំការពារស្រុកមានដូចតទៅនេះ ៖
ទាហានជើងទឹកចែកជា៣ក្រុម
-ក្រុមទី១ ហៅទ័ព ស្រួច ហាត់ច្បាំង នឹងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។
-ក្រុមទី២ ហៅទ័ព ជំនួយ ហាត់ច្បាំង នឹងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។
-ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូល មានចែវ មានក្តោងមានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀងអាហារ សម្រាប់កងទ័ព។
របៀបបង្ហាត់ចម្បាំង «តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម» ស្រេចលើមន្ត្រី៤ទិស «ចតុស្តម្ភ» ដែលមាន នៅក្នុងឱវាទស្និទ្ធភូបាលស្តេចក្រាញ់គ្រប់ជំពូក ដែលមានបញ្ញត្តិច្បាប់សម្រាប់ស្រុក។ល។ កំណត់ថ្ងៃពេញបូណ៌មី ខែកត្តិក រដូវអកអំបុក នោះមន្ត្រី៤ទិសត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ ១យប់រាល់ឆ្នាំ។ ចំណែកទាហានជើងទឹក ឲ្យទៅប្រឡងឫទ្ធិឯទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំង ត្បិតទីនោះមានទីប្រជុំទឹក គ្រប់ ខេត្តទៅមកបានស្រួល។
តាមសៀវភៅ និងឯកសារ ជាប្រភពទាំងពីរខាងលើនេះ អាចសន្និដ្ឋានបានថាប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ព នេះជាប្រពៃណី ជាប់រៀងរហូតមកហើយអាចសន្និដ្ឋានបានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះរៀងរហូត មកគឺជាប់តំណ មកពីសមយុទ្ធក្នុងសម័យបុរាណនេះឯង។
ឯកសារខ្លះនិយាយថាព្រះរាជពិធីបុណ្យអុំទូកគឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា។ បុណ្យ នេះមានរូបភាពប្រហាក់ប្រហែលនឹងបុណ្យប្រចាំរដូវរបស់ជនជាតិអឺរ៉ុបដែលមានឈ្មោះថា សាំងហ្សង់ ដែលបច្ចុប្បន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង។
ប្រពៃណីខ្លះមានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិព្រះពុទ្ធជាម្ចាស់ប៉ុន្តែការបកស្រាយមួយ ដែល អាចយកជាការគ្រប់គ្រាន់គឺក្នុងបំណង «ដឹងគុណដល់ព្រះគង្គា និងព្រះធរណីដែលបានផ្តល់ដល់ជីវភាព រស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញ ដែលយើងនាំគ្នាធ្វើឲ្យកករល្អក់»។ ការបកស្រាយចុងក្រោយនេះគឺដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់នៃព្រហ្មញ្ញសាសនាហើយស្របនឹង ស្ថានភាពភូមិសាស្ត្រជាក់ស្តែងនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករយើង។
ព្រះរាជពិធីបុណ្យអុំទូកប្រព្រឹត្តទៅនៅថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹងរដូវទឹកជំនន់ ដែលក្នុងរយៈពេល ប៉ុន្មានខែហើយបានធ្វើឲ្យបឹងបួទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយ ហើយក៏បញ្ជាក់ទៀតថាពេល នោះស្រូវក្នុងស្រែកំពុងតែទុំហើយ។ នៅពេលដែលទឹកទន្លេមេគង្គលិចជន់ «សីហា-វិច្ឆិកា» ទឹកជំនន់ដ៏សន្ធឹក សន្ធាប់បានចូលចាក់ស្រោចស្រពបឹងបួតាមរយៈទន្លេសាប ដែលហូរពីត្បូងទៅជើង។ ដល់រដូវទឹកស្រកដែលចាប់ផ្តើមនៅខែវិច្ឆិកាទឹកបឹងបួហូរត្រឡប់តាមទន្លេសាបដដែលពីជើងមកត្បូងវិញ។ ជំនន់នៃទន្លេមេគង្គពិសេសជំនន់នៅតាមបឹងបួមានប្រភពមកពីប្រទេសចិនដ៏សែនឆ្ងាយបានផ្តល់នូវជីវភាព ស្រែចម្ការនៅប្រទេសកម្ពុជា។ ដីល្បាប់ដែលបានដោយសារទឹកជំនន់នៃទន្លេបឹងបួទាំងឡាយបានធ្វើឲ្យដីមាន ជីវជាតិ បង្កបាននូវធនធានសម្បូរបែបនៅក្នុងប្រទេសកម្ពុជា។
ដំណាំទាំងឡាយដែលកសិករធ្វើតាមចង្វាក់នៃទឹកស្រកបានផ្តល់នូវផលយ៉ាងច្រើនរាំងស្កាត់នូវគ្រោះទុរ្ភិក្ស និងផ្តល់នូវសុភមង្គល។ដូច្នេះហើយបានជាដល់រដូវទឹកស្រក បុរាណខ្មែរយើងកំណត់យកថ្ងៃពេញបូណ៌មី ខែកត្តិកជារៀងរាល់ឆ្នាំ រៀបចំពិធីអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដើម្បីសម្តែងនូវមនោ សញ្ចេតនាដឹងគុណទន្លេមេគង្គ និងទន្លេសាបដែលបានផ្តល់ជីវជាតិយ៉ាងសំខាន់បម្រើវិស័យកសិកម្ម។
ព្រះរាជពិធីបុណ្យនេះតែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃគឺពី ថ្ងៃ១៤កើត១៥កើតនិងថ្ងៃ១រោចខែកត្តិក នៅ តាមដងទន្លេសាប៕