ប្រើល្បិច​ចូល​កាត់​វ៉ែនតា​លួច​យក​កាបូប​លុយ និង​គ្រឿងអលង្ការ​អស់​រាប់ពាន់​ដុល្លារ​គេចខ្លួនបាត់​

, , Leave a comment

18-11-2015

​ខេត្តពោធិ៍សាត់ : ក្រុមចោរ​មួយក្រុម​បាន​ប្រើល្បិច​ចូល​កាត់​វ៉ែនតា ឆ្លៀតឱកាស​ដែល​ម្ចាស់​ហាង​កំពុង​ជាប់រវល់​បាន​លួច​យក​កាបូប​លុយ​ដែល​ដាក់​នៅលើ​កៅអី​សា​ឡុង​រួច​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ហាង​កាត់​កញ្ចក់​វ៉ែនតា​មួយកន្លែង​ជាប់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ពោរ​អណ្ដោត សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា ម្ចាស់​កាបូប​ដែល​ត្រូវ​ចោរលួច​យក​នោះ​ឈ្មោះ រិ​ន ឌី ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ប៉ុន្តែ​គាត់​បាន​ទៅ​ចាំផ្ទះ​ឲ្យ​កូន​ឈ្មោះ ទី ចាន់​ធី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ពោរ​អណ្ដោត សង្កាត់​រលាប ដែល​បើកហាង​កាត់​កញ្ចក់​វ៉ែនតា​។ នៅ​ថ្ងៃកើតហេតុ មាន​មនុស្ស​ប្រុស​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មក​ឈប់​ពីមុខ ហើយ​ដើរ​ចូលមក​ក្នុងផ្ទះ​សួររក​ទិញ និង​កាត់​កញ្ចក់​វ៉ែនតា ខណៈពេលដែល​គាត់​កំពុង​សួរនាំ​រឿង​លេខ​វ៉ែនតា​នោះ​ស្រាប់តែ​គ្នា​វាពីរ​នាក់​ទៀត​លួច​យក​កាបូប​លុយ​របស់គាត់​ដែល​ដាក់​លើ​សា​ឡុង​ក្បែរ​នោះ​រួចហើយ​នាំគ្នា​ឡើង​ជិះ​ម៉ូតូ​ចេញទៅ​បាត់អស់​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ភ្លាមៗ​នោះ​គាត់​មិនបាន​ចាប់អារម្មណ៍​ទេ លុះ​ពេល​ពួកវា​ចេញផុត​បាន​មួយសន្ទុះ​ទើប​ដឹងថា បាត់​កាបូប​លុយ​ពេលនោះ​ក៏​ស្រែក​ផ្អើល​ដល់​អ្នកជិតខាង​តែម្ដង​។ យើង​មិនបាន​ដឹងថា ក្នុង​កាបូប​នោះ​មាន​អ្វីខ្លះ​ទេ ប៉ុន្តែ​បើតាម​ការផ្ដល់​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ រិ​ន ឌី ដែលជា​ម្ចាស់​កាបូប​បាន​ឲ្យ​ដឹងថា នៅក្នុង​កាបូប​មាន​លុយ​ដុល្លារ​ចំនួន​១.០០០​ដុល្លារ លុយ​ខ្មែរ​៧៦​ម៉ឺន​រៀល ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​ចិញ្ចៀនមាស​មួយ​វង់​ទម្ងន់​៣​ជី ខ្សែដៃ​ដាំ​ពេជ្រ​ទម្ងន់​២​តម្លឹង​កន្លះ និង​ខ្សែដៃ​ប្លា​ទីន​មួយ​ខ្សែ​ទម្ងន់​២​តម្លឹង​។​

 

​នេះ​គឺជា​រូបភាព​ចោរលួច​ថ្មី​មួយទៀត​ដែល​យើងទាំងអស់គ្នា​គួរតែ​ដឹង និង​មានការ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​រៀងៗ​ខ្លួន​ឲ្យ​បាន​គង់វង្ស​។ ហើយ​សមត្ថកិច្ច​កំពុងតែ​សហការ​តាម​ស្រាវជ្រាវ​រក​ក្រុមចោរ​ទាំង​៣​នាក់ ដើម្បី​ឈានទៅ​ឃាត់ខ្លួន​យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published