ដោយ​សារ​អំណាច​នៃ​សុរា លើក​ដៃ​ប្រល័យ​ជីវិត​ប្រពន្ធ និង​កូន​

, , Leave a comment

​ខេត្តកំពង់ធំ : ប្ដី​ចិត្ត​អប្រិយ​ត្រូវបាន​ទឹក​ប្ដូរ​និស្ស័យ​ចូលខ្លួន ក៏​លើកដៃ​សម្លាប់​ប្រពន្ធ​កូន បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម រួច​យក​សព​ទៅ​កប់​ដី​បំបាត់ភស្តុតាង តែ​ឈាម​ស្រែក​ស្បែក​ហៅ​ត្រូវ​សមត្ថកិច្ច ចាប់វាយ​ខ្នោះ​។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ជ្រោ​កលើ ភូមិ​ជាំ​ស្វាយ ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​។​

 

​លោក​វរសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងការរង​នគរបាល​ខេត្ត និង​ជា​នាយការិយាល័យ​ព្រហ្មទណ្ឌ​ថ្លែងថា បើតាម​ការចុះ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​អំពើ​ដ៏​សាហាវឃោរឃៅ​ព្រៃផ្សៃ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៥ វិច្ឆិកា នៅក្នុង​ខ្ទម​ស្នាក់នៅ​ចាំចម្ការ​បោច​វ​ល្លិ៍ និង​ដង​ជ័រ ក្នុងព្រៃ​១​កន្លែង​ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ចម្ងាយ​ប្រហែល​៥០​គីឡូម៉ែត្រ​ពី​ឃុំ​មាន​រឹទ្ធិ ស្រុក​សណ្ដាន់ ក្នុង​តំបន់​អូរ​ទ្រព្យ​រទេះ​។ បុរស​ជា​ប្ដី​ឈ្មោះ គុន គី អាយុ​៤៨​ឆ្នាំ បាន​វាយដំ​ទាត់​ធាក់​ប្រពន្ធ​ឈ្មោះ ថោង ម៉ិច អាយុ​៣៥​ឆ្នាំ បណ្ដាលឱ្យ​រងរបួស​ជា​ទម្ងន់ និង​បាន​ចាប់​បោក​កូនស្រី​(​កូនចុង​) ឈ្មោះ ភាន មាលា អាយុ​២​ឆ្នាំ បណ្ដាល​ឲ្យ​ស្លាប់​រួច​យក​សព​ទៅ​កប់​ក្នុងព្រៃ​។​

 

​ចំណែក​ស្ដ្រី​ជា​ប្រពន្ធ​ដែល​រង​ការវាយដំ​ទាត់​ធាក់ ត្រូវបាន​ឆ្អើរភ្លើង​និង​ឱ្យ​ផឹកថ្នាំ​គ្រាំ​ប៉ុន្តែ​ដោយសារតែ​អាកា​រៈ ធ្ងន់ធ្ងរ​ពេក​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ក៏បាន​ស្លាប់​ដែរ ទើប​រឿងរ៉ាវ​នេះ​លេច​ធ្លាយ​ដឹង​ដល់​សមត្ថកិច្ច ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ។ ក្រុមគ្រួសារ​នេះ មាន​ទីលំនៅ​ភូមិ​ជាំ​ស្វាយ ឃុំ​មាន​រឹ​ទិ្ធ ស្រុក​សណ្ដាន់​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ឃាត​កម្មនេះ​មែន ដោយសារ​ខឹង​ប្រពន្ធ​ចិត្ត​មិន​ស្មោះត្រង់​ជាមួយ​ខ្លួន​។ ជុំវិញ​ករណី​នេះដែរ បើតាម​ព័ត៌មាន​ពី​អ្នករស់នៅ​ទីនោះ​ប្រាប់ថា ប្ដី​ប្រពន្ធ​នេះ​ជា​មនុ​ស្សញៀន​ស្រា​ដូចគ្នា ហើយ​ទើបតែ​បាន​គ្នា​មិនយូរប៉ុន្មាន​ឡើយ ឯ​កូនស្រី​ដែល​ស្លាប់ គឺជា​កូន​ប្ដី​មុន​។ ក្នុង​គ្រួសារ​នេះ​ពុំ​សូវ​មាន​សេចក្ដីសុខ​ទេ គឺ​ឧស្សាហ៍​មាន​ជម្លោះ​ញឹកញាប់​ណាស់ ព្រោះ​ដោយសារតែ​ទឹក​ប្ដូរ​និស្ស័យ ស្ដ្រី​ជា​ប្រពន្ធ​តែង​ដើរ​លែបខាយ​បញ្ឈឺចិត្ត​ប្ដី​ទើប​បណ្ដាលឱ្យ​កើតរឿង​បែបនេះ​តែម្ដង​។

 

​អ្វីដែល​ជាការ​កត់សម្គាល់​នោះ គឺ​បន្ទាប់ពី​កើតហេតុ​ម្ដាយ​ស្ដ្រី​រងគ្រោះ​ក៏​មិនបាន​ប្ដឹង​សមត្ថកិច្ច​ដែរ ទម្រាំ​តែ​ខាង​សមត្ថកិច្ច​ដឹង​ចាត់ការ​រឿងនេះ និង​ឈានទៅដល់​ការ​គាស់​យក​សព​ក្មេងស្រី​មក​ធ្វើ​កោសល្យវិច័យ​ខណៈ​សព​ធុំក្លិន​ស្អុយ​បន្តិចៗ​ទៅហើយ​។ ជុំវិញ​ករណីនេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនជាប់ចោទ​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

19-11-2015

 

Leave a Reply

(*) Required, Your email will not be published