សំរាម ជា​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​អាជ្ញាធរ​គួរ​យកចិត្តទុកដាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ : អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ពិភាក្សាគ្នា​ជាមួយ​មន្ត្រី​ជំនាញ​បានសម្រេច ចិត្ត​ដ៏​ត្រឹមត្រូវ​ដោយ​ផ្ទេរ​ភារកិច្ច​ទទួលខុសត្រូវ​ផ្នែក​បញ្ហា​សំរាម​ទៅតាម​ខណ្ឌ​ទាំង​១២​វិញ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​សំរាម​នៅ​នឹង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ជៀស​ជាង​ពេល​មាន​បញ្ហា​ឆ្លើយ​ដាក់គ្នា និង​ការរិះគន់​ពី​បងប្អូន​ប្រជាពលរដ្ឋ​។ សាលា​រាជធានី​ភ្នំពេញ​បាន​ត្រៀម​ឲ្យ អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ចុះហត្ថលេខា​កិច្ចសន្យា​គ្រប់គ្រង​សំរាម​ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី វិញ​នៅពេល​ឆាប់ៗ​នេះ​ដោយ​រួមទាំង​ផ្ទេរ​ពី​ការបង់ថ្លៃ​សេវា ប្រមូល​សំរាម​នៅ​អគ្គីសនី​កម្ពុ​ជាម​កបង់​នៅតាម​ខណ្ឌ​វិញ​ដែរ ដើម្បី​បង្កើន​ការទទួលខុសត្រូវ​រឿង​សំរាម​ឲ្យ​បាន​កាន់តែ​ល្អ​។​

 

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ដូច្នេះ​ក្នុង​កិច្ចពិភាក្សា​លើ​សេចក្តី​កិច្ចសន្យា​គ្រប់គ្រង​សំរាម​រវាង​ខណ្ឌ​ទាំង​១២ និង​ក្រុមហ៊ុន​ស៊ីន​ទ្រី​កាលពី​ព្រឹក ថ្ងៃទី​១៨ ខែវិច្ឆិកា នៅ​សាលា​រាជធានី​ភ្នំពេញ​ដោយបាន​ចាត់ទុកថា សំរាម​ជា​បញ្ហា​ដ៏​ធំ​ដោយ​ត្រូវ​យកចិត្តទុកដាក់​ជា​អាទិភាព ដើម្បី​លើកកម្ពស់​គុណភាព​សុខភាព​អនាម័យ បរិស្ថាន និង​សោភ័ណ ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ល្អប្រសើរ​។ លោក​អភិបាល​បញ្ជាក់ថា ការទម្លាក់​ភារកិច្ច​ទៅ​ឲ្យ អាជ្ញាធរ​ខណ្ឌ​ជា​អ្នកទទួលខុសត្រូវ​វិញ​នេះ ដោយសារតែ​ខណ្ឌ នៅ​កៀក​កិត​ជិត​នឹង​ប្រជាពលរដ្ឋ​ផ្ទាល់​ដឹង​ពី​ស្ថានភាព​ទុកដាក់​សំរាម និង​ការបង្កើត​សំរាម​ងាយស្រួល​ក្នុងការ​ដោះស្រាយ​។​

 

​គម្រោង​ផ្លាស់ប្តូរ​រូបភាព​ថ្មី​នៃ​ការគ្រប់គ្រង​នេះ​ត្រូវបាន​គេ មើលឃើញថា បន្ទាប់ពី​ការគ្រប់គ្រង​សំរាម រវាង​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន ស៊ីន​ទ្រី នៅ​ពុំទាន់​បានល្អ​ដោយ​សំរាម​នៅតែមាន​គំនរ​នៅតាម​ដងផ្លូវ ឬ​មុខផ្ទះ​ប្រជាពលរដ្ឋ​ដែល​បានកើត​ឡើង​ពី​ការប្រមូល​សំរាម​មិនទាន់មាន​ពេលវេលា​ច្បាស់លាស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានកា​រអ៊ូរទាំ និង​រិះគន់ ព្រមទាំង​ថ្នាំងថ្នាក់​មកលើ​អាជ្ញាធរ​ខ្លាំងៗ​ថា សាលាក្រុង​ត្រូវរ៉ូវ​ជាមួយ​ក្រុមហ៊ុន ស៊ីន​ទ្រី ។​

 

​ឆ្លើយតប​ទៅនឹង​បញ្ហា​សំរាម​នេះ​លោក សេង សា​វី ប្រធាន​ក្រុមហ៊ុន​ស៊ីន​ទ្រី​បាន បញ្ជាក់ថា ផ្អែក​តាម​ផែនការ​ថ្មី​នេះ​នឹងត្រូវ​គ្របដណ្តប់​ទូទាំង​៩៦​សង្កាត់ ទោះបី​នៅ​ជាយក្រុង ក៏ដោយ​ក៏ត្រូវ​គិតគូរ​អំពី​សេវា​ប្រមូល​សំរាម​ដែរ​ហើយនឹង​បង្កើត​ទីលាន​ចាក់សំរាម​ថ្មី បន្ថែមចំនួន​៣​កន្លែង​ផ្សេងទៀត ក្រៅពី​ទីលាន​ចាក់សំរាម​នៅ​ខណ្ឌដង្កោ គឺមាន​នៅក្នុង​ខណ្ឌ​សែន​សុខ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ច្បារអំពៅ​។​

 

​សូមបញ្ជាក់ថា ៖ កិច្ចសន្យា​គ្រប់គ្រង​សំរាម​រវាង​អាជ្ញាធរ​ខណ្ឌ និង​ក្រុមហ៊ុន ស៊ីន​ទ្រី នឹង​ធ្វើឡើង​រយៈពេល​១០​ឆ្នាំ​ម្តង​។ បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​ក្នុង​មួយថ្ងៃៗ បាន​បញ្ចេញ​សំរាម​ដឹក​ទៅកាន់​ទីលាន​ចាក់សំរាម​ដង្កោរ​មាន​ពី​១៥០០​តោន ដល់ ១៨០០​តោន​៕

19-11-2015

 

Leave a Reply

(*) Required, Your email will not be published