រាជធានីភ្នំពេញ : ជារឿយៗ កន្លែងផ្ញើឡាន និងម៉ូតូ យកលុយមិនទទួលខុសត្រូវ នៅតែជាចំណោទបញ្ហាដដែល ដោយភោជនីយដ្ឋាន ឬក៏កន្លែងផ្ញើម៉ូតូ-ឡានមួយចំនួន បានសរសេរនៅក្នុងសំបុត្រ ឬប័ណ្ណចតម៉ូតូ-ឡានថា “ហាងយើងខ្ញុំពុំទទួលខុសត្រូវ រាល់ការបាត់បង់ទោចក្រយានយន្ត-រថយន្ត និងសម្ភារៈ ដែលនៅជាប់នឹងយានជំនិះ!” ថែមទាំងបានសរសេរបន្ថែមទៀតថា “ផុតកំណត់ម៉ោង១០យប់” និង “ហាងយើងខ្ញុំមានសន្តិសុខយាមយានជំនិះ ដើម្បីផ្តល់ការងាយស្រួលដល់អស់លោកអ្នកតែប៉ុណ្ណោះ។ សូមលោកអ្នករក្សាយានជំនិះដោយខ្លួនឯង យើងខ្ញុំមិនទទួលខុសត្រូវនូវការខូចខាត ឬបាត់បង់ឡើយ។ ទាំងនេះជាការសរសេរនៅក្នុងប័ណ្ណចតយានយន្ត។ ឯកន្លែងចតមួយចំនួនផ្សេងទៀតដូចជាសាលារៀន មន្ទីរពេទ្យបានសរសេរថា “បាត់បង់មិនទទួលខុសត្រូវ ហាមហែកសំបុត្រដោយខ្លួនឯង” និងបានបន្តថា “ផុតកំណត់ ម៉ោង៨និង៣០យប់ទុកជាអសារបង់”។
ដូចដែលបង្ហាញមកខាងលើនេះបានធ្វើឲ្យមនុស្ស និងភ្ញៀវមួយចំនួន មានភាពអាក់អន់ស្រពន់ចិត្ត ឬពុំពេញចិត្ត នឹងកន្លែងផ្ញើម៉ូតូ-ឡាន ឬក៏ភោជនីយដ្ឋានមួយចំនួន ដែលពុំបានទទួលការខុសត្រូវទៅលើការបាត់បង់យានជំនិះរបស់ពួកគេ។ ទោះបីជាកន្លែងទាំងនោះខ្លះបានយកថ្លៃសេវាកម្ម និងខ្លះទៀតឥតគិតថ្លៃយ៉ាងណាក៏ដោយ ហើយពួកគេទាំងនោះបាននិយាយថា “ម៉េចបានមិនទទួលខុសត្រូវ បើគេមកស៊ីអីអស់លុយហើយពេលខ្លះផ្ញើឲ្យលុយទៀត!”៕
ចុះចំណែកប្រិយមិត្តរបស់សារព័ត៌មានកំណើតថ្មី យល់បែបណាដែរចំពោះករណីខាងលើនេះ?