រាជធានីភ្នំពេញ : ក្រុមហ៊ុនឥណ្ឌាមួយដែលមានឈ្មោះថា The MahavirMandir Trust បានសន្យាថានឹងបញ្ឈប់សាងសង់ប្រាសាទដោយយកគំរូតាមរចនាបថប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ប៉ុន្តែសុំសាងសង់ប្រាសាទដែលមានរចនាបថប្រាសាទឥណ្ឌា ហើយនឹងបញ្ជូនគម្រោងសាងសង់នេះទៅក្រសួងវប្បធម៌ និងក្រសួងការបរទេសឥណ្ឌា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងកាល ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញថា តាមការណែនាំពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា បានជួបពិភាក្សាការងារជាមួយលោកស្រី Monika KMohta លេខាធិការ (Additional Secretary) នៃក្រសួងការបរទេសឥណ្ឌា និងលោកShri K.K.Mittal លេខាធិការ (Additional Secretary) នៃក្រសួងវប្បធ៌មឥណ្ឌា ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទចម្លងតាមរចនាបថប្រាសាទអង្គរវត្តនៅរដ្ឋ Bihar ប្រទេសឥណ្ឌា។
លោក ជុំ សុន្ទរី បានបញ្ជាក់ថានៅក្នុងជំនួបនោះលោកស្រី MonikaK .Mohtaលេខាធិការក្រសួងការបរទេសឥណ្ឌាបានលើកឡើងថា រដ្ឋាភិបាលឥណ្ឌានឹងទប់ស្កាត់មិនឲ្យមានការសាងសង់ប្រាសាទដែលមានរចនាបថប្រាសាទកម្ពុជាទេ ហើយក្រសួងការបរទេសឥណ្ឌា បានជម្រាបក្រុមហ៊ុន The-MahavirMandir Trust មិនឲ្យសាងសង់ប្រាសាទចម្លងតាមរចនាបថប្រាសាទអង្គរវត្ត។
លោកស្រី Monika K.Mohta បានអះអាងថា ក្រុមហ៊ុននោះបានសន្យាថា នឹងមិនសាងសង់ប្រាសាទចម្លងតាមរចនាបថប្រាសាទអង្គរវត្តទេ ប៉ុន្តែសុំសាងសង់ប្រាសាទមានរចនាបថប្រាសាទឥណ្ឌាហើយនឹងបញ្ជូនគម្រោងសាងសង់នេះទៅក្រសួងវប្បធម៌ និងក្រសួងការបរទេសឥណ្ឌា ដើម្បីស្នើសុំការសាងសង់។
ដោយឡែកលោកShri K.K. Mittalលេខាធិការក្រសួងវប្បធ៌មឥណ្ឌាបានលើក ឡើងដែរថាក្រសួងវប្បធម៌ឥណ្ឌានឹងធ្វើការសិក្សានិងបញ្ជូនគម្រោងថ្មីនេះទៅក្រសួងការបរទេសឥណ្ឌាដើម្បីពិនិត្យសម្រេច។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១២ ក្រុមហ៊ុនឯកជនមួយ ដែលមានឈ្មោះថា MahavirMandir Trust បានប្រកាសពីបំណងក្នុងការសាងសង់ប្រាសាទនៅក្នុងប្រទេសឥណ្ឌាដោយយកតាមលំនាំទាំងស្រុងនៃប្រាសាទអង្គរវត្ត ប៉ុន្តែនៅក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោក Naveen Srivastaraជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីខែកញ្ញាកន្លងទៅ លោក Naveen Srivastara បានលើក ឡើងថា “រដ្ឋាភិបាលឥណ្ឌាបានណែនាំរួចហើយឲ្យក្រុមហ៊ុនឯកជនដែលមានគម្រោងសាងសង់ប្រាសាទយកលំនាំតាមប្រាសាទអង្គរវត្តរបស់កម្ពុជាធ្វើការផ្លាស់ប្ដូររចនាបថដើម្បីជៀសវាងកុំឲ្យយកលំនាំតាមប្រាសាទអង្គរវត្តរបស់កម្ពុជា៕