ខេត្តកណ្តាល : ជនសង្ស័យ៥នាក់ ដែលបន្លំខ្លួនជាសង្ឃរួចដើរបិណ្ឌបាត ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នៅចំណុចភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចនគរបាលបានឲ្យសារព័ត៌មានកំណើតថ្មីដឹងថា ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួននោះរួមមាន១.ឈ្មោះ លី ឆែឡាក់ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិស្ម ឃុំត្រពាំងស្រែក ស្រុកមេសាង ខេត្តព្រៃវែង, ២.ឈ្មោះ រី ស៊ឺត ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិស្រះលើ ឃុំពពែល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ៣.ឈ្មោះ សម្បត្តិ ខេមរា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិស្រះលើ ឃុំពពែល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ,៤.ឈ្មោះ ព្រាប ប្រុសវី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅ ភូមិស្រះលើ ឃុំពពែល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង៥.ឈ្មោះ ឡុង សាន ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិស្រះលើ ឃុំពពែល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមាន បាត្រលោកចំនួន៥ ឆ័ត្រតូចចំនួន៥ ស្បង់ចីវរចំនួន៥កំប្លេ សំពត់ងូតចំនួន៥ ថង់យាមចំនួន៥ សំបុត្របុណ្យកឋិនទាន (វត្តគីរីវង្ស)ចំនួន១២សន្លឹក ប្រាក់ដុល្លាចំនួន១០ដុល្លា ប្រាក់រៀលចំនួន១៨៧៧០០រៀល។
ប្រភពដដែលបានបញ្ជាក់ទៀតថា នៅវេលាកើតហេតុខាងលើមានលោកសង្ឃចំនួន៥អង្គ ដើរបិណ្ឌបាតតាមផ្ទះប្រជាជន ដោយកំណត់ឲ្យប្រជាជនដាក់បាតឲ្យខ្លួនចំនួន៤ម៉ឺនរៀល ដើម្បីយកទៅទិញត្រៃយ៍ ធ្វើបុណ្យកឋិននៅវត្តក្រពើហា។ ពេលនោះប្រជាជនមិនមានលទ្ធភាពដាក់បាត្រដែលលោកសង្ឃទាំង៥អង្គ នោះកំណត់នោះទេ។ ឃើញដូច្នេះក៏មានការងឿយឆ្ងល់ បានរាយការណ៍មកអាជ្ញាធរ ក្នុងសង្កាត់ព្រែកហូរ ពេលនោះកម្លាំងរបស់ប៉ុស្តិ៍ និងមន្ត្រីសង្ឃក្នុងសាលាអនុគណ បានចុះទៅឃាត់ និងនិមិន្តមកសាលាអនុគុណ ក្នុងវត្តក្រពើហា ដើម្បីដោះស្រាយជាមួយព្រះអនុគុណ លុះដល់ពេលដែលមន្ត្រីសង្ឃ ក្នុងសាលាអនុគុណសិក្សាទៅឃើញថា លោកទាំង៥អង្គនោះ មិនមែនជាលោកសង្ឃពិតប្រាកដនោះទេ។
ដូចនេះព្រះឃោសធម្ម ញ៉ែម សុភក្ត្រ័ ជាព្រះអនុគុណខេត្តកណ្តាល មន្ត្រីសង្ឃក្នុងសាលាគុណ និងលោកប្រធានការិយាល័យធម្មការ បានសម្រាចបកស្បង់ចីវរលោកទាំង៥អង្គនោះ ហើយប្រគល់ឲ្យសមត្ថកិច្ច យកទៅចាត់ការតាមនីតិវិធី៕