រាជធានីភ្នំពេញ : ថ្មីៗនេះ មានបណ្តាញទំនាក់ទំនងសង្គមមួយ បានប្រើពាក្យពេចន៍មិនសមរម្យ ដោយភ្ជាប់ជាមួយនឹងរូបភាពរបស់តារាសម្តែងសម្ផស្សស្រស់សោភាកញ្ញា អេន យ៉ាដាវ។ នៅក្នុងសំណេរនោះបានធ្វើ យ៉ាដាវ ផ្ទុះជាកំហឹងជាខ្លាំង ខណៈដែលប្រយោគនោះបានសរសេររៀបរាប់ថា នាងប្រកាស់លក់ខ្លួនក្នុងមួយយប់១ពាន់ដុល្លារ។
ពាក្យថា ៖ «ដេកជាមួយខ្ញុំអត់១០០០ដុល្លារ» បានធ្វើឲ្យកញ្ញាស្រស់សោភា អេន យ៉ាដាវ ក្តៅចុងច្រមុះ ផ្ទុះជាកំហឹងខ្លាំងរហូតប្រកាសរកមុខអ្នកដែលប្រព្រឹត្តទង្វើនេះ យកមកផ្ទន្ទាទោសតាមច្បាប់ថែមទៀតផង។
ទំព័របណ្ដាញសង្គមមួយនោះ បានយករូប យ៉ាដាវ ទៅដាក់ហើយសរសេរសារជាភាសាអង់គ្លេសថា “Sleep with me ort 1000$?” ដែលមានន័យថា “ដេកជាមួយខ្ញុំទេ ១០០០ដុល្លារ” ជាហេតុធ្វើឲ្យនាងកាន់តែឆេះឆួលកំហឹងខ្លាំងឡើង ព្រោះជាចេតនាមើលងាយមើលស្រាល នាងដែលជាសិល្បៈដែលកំពុងតែមានឈ្មោះ បោះសំឡេង។
តារាស្រីក្នុងរឿង “វិស្សមកាលមរណៈ” ដែលជាវណ្ណកម្មរបស់ផលិតកម្មចក្រវាឡពេជ្រភាពយន្ត” រូបនេះ ប្រាប់ទៀតថា នាងទើបទទួលបានព័ត៌មានខាងលើនេះថ្មីៗ ក្រោយមានអ្នកគាំទ្រនាងជាច្រើន បានថតផ្ញើមកឲ្យ។ អេន យ៉ាដាវ បានបន្ថែមទៀតថា ៖ «ខ្ញុំអត់ដឹងសោះថា មានរឿងនេះកើតឡើង ស្រាប់តែគេផ្ញើរមកឲ្យខ្ញុំ… ខ្ញុំខឹងខ្លាំងណាស់ មិនគួរណាមកមើលងាយខ្ញុំស្រស់ៗបែបនេះអ៊ីចឹងទេបង គ្រួសារខ្ញុំក៏ខឹងដូចគ្នា ព្រោះវាប៉ះពាល់កិត្តិយសខ្លាំងណាស់ យើងជាមនុស្សស្រី ហើយមិនមែនតែខ្ញុំនោះទេ គឺកិត្តិយសស្ត្រីខ្មែរទាំងមូល ពួកហ្នឹង អត់មានម្តាយ មានបងប្អូនស្រីទេអី? ម៉េចបានធ្វើបែបនឹងទៅកើត។
យ៉ាងណាមិញ អេន យ៉ាដាវ បានបញ្ជាក់ជំហរថា នាងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីខាងលើនេះ ព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់កិតិ្តយសរបស់នាង និងគ្រួសារធ្ងន់ធ្ងរមិនអាចទទួលយកបានឡើយ ប្រសិនបើអ្នកប្រព្រឹត្តនោះ មិនព្រមដក និងលប់រូបភាព ព្រមទាំងពាក្យពេចន៍មិនសមរម្យទាំងអស់នោះ៕