សម្តេច​តេ​ជោ ហ៊ុន សែន រម្លឹក​ប្រវត្តិ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា កូន​អា​ក្បត់ជាតិ ព្រោះ​ពូជ​ខ្ញុំ​អត់​មាន​មនុស្ស​ក្បត់ជាតិ​ដូច​ឯកឧត្តម​ទេ​!

, , Leave a comment

12-11-2015 12-11-2015 (1)

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើងថា កម្ពុជា​ជា​ប្រទេស​ផ្តាច់​ការដែល​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដូច​ប្រទេស​ភូមា​នោះ ថ្មីៗ​នេះ នា​យប់​ជ្រៅ​ចូល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ផ្ញើ​សារ​វាយបក​ខ្លាំងៗ និង​ភ្លាមៗ​ទៅលើ លោក សម រង្ស៊ី ដោយបាន​ហៅ​លោក សម រង្ស៊ី ថា អា​កូន​ក្បត់ជាតិ និង​បាន​លើកឡើងថា «​ពូជពង្ស​វង់​ត្រកូល​របស់លោក សម រង្ស៊ី ប្រៀបធៀប​ជាមួយ អ៊ុង សាន​សូ​ជី មិន​បានទេ ព្រោះ​មួយ​ស្នេហា​ជាតិ មួយទៀត​ក្បត់ជាតិ​»​។​
​ការ​វាយបក​ខ្លាំងៗ និង​ភ្លាមៗ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា​នេះ ធ្វើឡើង​ក្រោយ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក សម រង្ស៊ី បន្ត​រិះគន់​មកលើ​កម្ពុជា​ថា ជា​ប្រទេស​ផ្តាច់ការ ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដូច​ភូមា​។ ការលើកឡើង​វាយប្រហារ​ទៅលើ រដ្ឋាភិបាល​បែបនេះ ធ្វើឡើង​នៅពេល​លោក សម រង្ស៊ី និង​លោក កឹម សុខា ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

 

​ក្នុង​ទំព័រ​គណនី​បណ្តាញ​សង្គម (Facebook Page) សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សរសេរ និង​បរិយាយ​ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ថា “​ថ្ងៃនេះ​ក៏​ដូច​ដូចជា​ប៉ុន្មាន​ថ្ងៃ​រួចមកហើយ ខ្ញុំ​មិន​ចង់​និយាយ​អ្វីដែល​នាំ​ដល់​អរិយ​ភាពជា​មួយ​អ្នកណា​ទាំងអស់ ព្រោះ​ជា​ថ្ងៃបុណ្យ​ជាតិ​ផង ជា​ថ្ងៃ​ដែល​ខ្ញុំ​កាន់ទុក្ខ​កូន​ដ៏​កំសត់​របស់ខ្ញុំ​ផង និង​ក៏​ដើម្បី​សម្រួល​ដល់​បរិយាកាស​ន​យោ​បាយ​នៅ​កម្ពុជា​យើង​ផងដែរ​។ ប៉ុន្តែ​ជា​អកុសល ខ្ញុំ​មិនអាច​នៅ​ស្ងៀម​ចំពោះ​ការប្រមាថ​របស់​កូន​ជន​ក្បត់ជាតិ​បានទេ​។

 

​ជោគជ័យ​គួរ​ឲ្យ​កោត​ស​សើរ​របស់​បក្សប្រឆាំង​នៅ​មី​យ៉ាន់​ម៉ា​ដែល​ខ្មែរ​យើង​ទម្លាប់​ហៅថា​ភូមា បាន​ទាញ​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា​ដែល​ទើប​សុំទោស​ខ្ញុំ​កាលពី​ថ្ងៃ ២៩ តុលា ២០១៥ បើក​ការវាយប្រហារ​មកលើ​ខ្ញុំ​សារជាថ្មី​ដែល​បាន​បំផ្លាញ​សារជាថ្មី​នូវ​វប្ប​ធ​ម៏​សន្ទនា​ដែល​បាន​នឹង​កំពុង​ជួសជុល​បន្ទាប់ពី​ជំនួប ស ខេង សម រង្ស៊ី​។ មុនៗ ឲ្យ​តែមាន​បដិវត្ត​ន៍ព​ណ៏​ផ្ដួលរំលំ​នៅ​ប្រទេស​ណា មេបក្ស​ប្រឆាំង​រូបនេះ​តែងតែ​និយាយថា​ជិត​កើតឡើង​នៅ​កម្ពុជា​ដែរ​ហើយ​។ តែ​នៅពេល​ឃើញ​ប្រទេស​ដែលមាន​បដិវត្តន៍​ពណ៍​សុទ្ធ​តែមាន​សង្គ្រាម​បង្ហូរឈាម យើង​មិនសូវ​ឮ​មេបក្ស​រូបនេះ​និយាយ​ពី​បដិវត្តន៍​ពណ៍​តទៅទៀត​ទេ​។​

 

​បក្សប្រឆាំង​នៅ​ភូមា​ឈ្នះឆ្នោត​គេ​ប្រើ​ជា​ប្រយោជន៍​ដើម្បី​វាយប្រហារ​បក្ស​កាន់អំណាច វាយប្រហារ​រាជរដ្ឋាភិបាល​និង​ខ្លួន​ខ្ញុំ​។ ស្អី​នឹង​គេ​ដែរ ឯកឧត្តម បើ​មួយ​ជា​ភូមា មួយទៀត​ជា​កម្ពុជា និង​មួយទៀត​ឆ្នាំ ២០១៥​ហើយ មួយទៀត​ឆ្នាំ​២០១៨​។ រឿងរ៉ាវ​ខុសគ្នា របប​នយោបាយ​សេដ្ឋកិច្ចសង្គម​ខុសគ្នា ភាពលំបាក​និង​ងាយស្រួល​ខុសគ្នា សូម្បី​​តែ​ការបោះឆ្នោត​ក៏​ខុសគ្នា ដែល​ភូមា​មិនដែល​បោះឆ្នោត ឯ​កម្ពុជា​បោះឆ្នោត​៥​ដង​រួចមកហើយ​។ ឯ​ពូជពង្សវង្សត្រកូល​ឯកឧត្តម​ប្រៀបធៀប​ជាមួយ​ជាមួយ អ៊ុង សាន​សូ​ជី មិន​បានទេ​ព្រោះ​មួយ​ស្នេហា​ជាតិ មួយទៀត​ក្បត់ជាតិ បើ​ពុំមាន​ការធ្វើ​និតិ​សម្បទា​ណាមួយ​ទេ ឯកឧត្តម​នៅតែមាន​ឈ្មោះថា​ជា​កូន​អា​ក្បត់ជាតិ​។ ពាក្យ​អា​ក្បត់ជាតិ​មិនមែនជា​ពាក្យ​ខ្ញុំ​ដាក់​ទេ តែ​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម​របស់ សម្តេចព្រះ នរោត្តម សីហនុ ជា​អ្នក​ប្រសិទ្ធ​នាម​ឲ្យ​។ ឯកឧត្តម​ហៅ​ខ្ញុំ​ជាម​នុស្ស​ផ្តាច់ការ​កប់ៗ​មាត់ ថ្ងៃនេះ​ខ្ញុំ​ហៅ​ឯកឧត្តម​ថា​កូន​អា​ក្បត់ជាតិ​។ ខ្ញុំ​មិន​ដៀល​ពូជ​ឯកឧត្តម​ទេ​តែ​ខ្ញុំ​ហៅ​តាម​អ្នក​ជំនាន់​មុន​ដែល​ធ្លាប់​ហៅ​ឪពុក​ឯកឧត្តម​ថា​អា​ក្បត់ជាតិ​។ ពាក្យ​នេះ​សំរាប់​ខ្ញុំ​ពិបាក​ស្តាប់​ណាស់​ក្នុង​សម័យថ្មី​របស់​យើង តែ​ខ្ញុំ​មិន​ហ៊ាន​កែ​ប្រវត្តិសាស្ត្រ ពី​ក្បត់ជាតិ​ទៅ​ស្នេហា​ជាតិ ពី​អា​ក្បត់ជាតិ​ទៅជា​ឯកឧត្តម​ក្បត់ជាតិ​បានទេ បើ​មិនទាន់​ធ្វើ​នីតិសម្បទា​សំរាប់​ជូន​ខ្មោច​ឳ​ពុក​ឯកឧត្តម​ទេនោះ​។ ខ្ញុំ​សុំ​ប្រាប់​ទៅ​ឯកឧត្តម​ថា​ពូជ​ខ្ញុំ​អត់​មាន​មនុស្ស​ក្បត់ជាតិ​ដូច​ឯកឧត្តម​ទេ​។ ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​។​

 

​សុំទោស​បងប្អូន​ជនរួមជាតិ សុំ​វិនិឆ្ឆ័យ​ចុះ តើ​អ្នកណា​បង្កហេតុ​ហ្នឹង បើ​មាន​អ្វី​កើតឡើង​សុំ​កុំ​បន្ទោស​ខ្ញុំ​។ ថ្ងៃនេះ​ខ្ញុំ​បង្ហោះ​ទៅជា​មួយ​នូវ​អត្ថបទ​ប្រៀបធៀប​មួយ មិនដឹង​ចេញពី​ប្រភព​ណា​តែ​ឃើញ​ក្នុង Facebook មួយ ទោះ​វា​មិនទាន់​ពេញលេញ តែ​វា​ជា​មូលដ្ឋាន​ឱយ​យើង​យល់​ពី អ៊ុង សាន​សូ​ជី និង សម រង្ស៊ី​។ ម្យ៉ាងទៀត សុំទោស​ផង​យប់​ស្ងាត់​វាយ​ម្នាក់ឯង​អាច​ខុស​ពាក្យពេចន៍​និង​អក្ខរាវិរុទ្ធ​ខ្លះ​៕

 

 

Leave a Reply

(*) Required, Your email will not be published