រាជធានីភ្នំពេញ : តំណាងសហគមន៍មិត្តប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញនេះ បានរៀបចំវេទិកាមួយស្តីពីបទពិសោធនៃយុទ្ធសាស្ត្រផ្លូវច្បាប់ ដើម្បីការពារប្រាសាទ និងតំបន់ប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់តិចណូដោយមានសិស្ស និស្សិត ចូលរួមប្រមាណជាង៨០០នាក់មកពីបណ្តាសាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
កម្មវិធីនោះរៀបចំឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយក៏មានអញ្ជើញចូលរួមពីលោក សុខ ស៊ីផាន់ណា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក រស់ ចន្ទ្រាបុត្រ ប្រធានសមាគមន៍មិត្តប្រាសាទព្រះវិហារ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រខេត្តព្រះវិហារ និងអ្នកពាក់ព័ន្ធដទៃទៀតផងដែរ។
លោក ផៃ ស៊ីផាន អគ្គលេខាធិការសហគមន៍មិត្តប្រាសាទព្រះវិហារមានប្រសាសន៍ថាយើងមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងឥតឧបមាចំពោះជោគជ័យជាប្រវត្តិសាស្ត្រនូវស្នាដៃរបស់លោកឧបនាយករដ្ឋមន្ត្រី នៅលើសមរភូមិតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ លើបណ្តឹងសុំរបស់ព្រះរាជាណាចក្រកម្ពុជាឲ្យបកស្រាយលើសាលដីកាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងរឿងក្តីប្រាសាទព្រះវិហាររវាងកម្ពុជា និងថៃ ដែលលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាននាំជ័យជម្នះយ៉ាងត្រចះត្រចង់ និងជាប្រវត្តិសាស្ត្រជូនជាតិមាតុភូមិកាលពី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ។
ជាមួយនឹងការលើកឡើងខាងលើនេះដែរ លោក ផៃ ស៊ីផាន បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានបង្កលក្ខណៈឲ្យតំបន់មរតកជាប្រវត្តិសាស្ត្រនេះ និងខ្សែព្រំដែន រវាងកម្ពុជា និងថៃក្លាយជាព្រំដែន សន្តិភាព ដៃគូសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ក្នុងពិធីនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរម្លឹកឡើងវិញពីការឈ្លានពានរបស់ថៃចូលកាន់កាប់ប្រាសាទព្រះវិហារនៅឆ្នាំ១៩៥៤ និងសាលក្រមឆ្នាំ១៩៦២ របស់តុលាការយុត្តិធម៌អន្តរជាតិដូចជា ក្រោយប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំង នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ថៃបានចូលកាន់កាប់ប្រាសាទព្រះវិហារនៅឆ្នាំ១៩៥៤ ជាដើមហើយពេលនោះព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥។
ទាក់ទងនឹងការការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោកលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានស្នើចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនៅពេលនោះថៃបានប្រឆាំងជំទាស់ហើយទាមទារឲ្យធ្វើការចុះបញ្ជីរួមគ្នា។ បន្ទាប់ពីការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ កក្កដា ២០១១ កងទ័ពថៃក្រោមការដឹកនាំរបស់រដ្ឋាភិបាលអាប់ភិស៊ីត (Abbhisit) បានឈ្លានពានតំបន់ព្រះវិហារជាបន្តបន្ទាប់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០០៩ និងថ្ងៃទី៤ ដល់ទី៧ ខែកុម្ភៈ ឆ្នាំ២០១១។ បន្ទាប់មកថៃបានធ្វើការវាយប្រហារនៅតាមបណ្តោយព្រំដែនក្នុងតំបន់ផ្សេងៗទៀតនៅ ថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១១។ ក្រសួងការបរទេសថៃបានទាមទារតំបន់៤,៦គម២ នៅខែមិថុនា ឆ្នាំ២០០៨ (មុន គណៈកម្មាធិការបេតិកភណ្ឌពិភពលោកទទួលយកប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក)។
ដោយផ្អែកលើមាត្រា៩៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលបានចែងថា “ ក្នុងករណីភាគីណាមួយមិនបានបំពេញកាតព្វកិច្ចតាមសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ភាគីមួយទៀតអាចប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” សម្តេចអគ្គមហាសេនាបតីតេជោ បានចាត់ឲ្យរូបលោកធ្វើដំណើរទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី១៤ កុម្ភៈ២០១១។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចឲ្យមានការឈប់បាញ់គ្នាជាអចិន្រៃ្តយ៍ហើយប្រគល់ឲ្យអាស៊ានធ្វើជា អ្នកសម្របសម្រួល។ លោកឧបនាយក រដ្ឋមន្ត្រីបន្តថា ប្រទេសឥណ្ឌូណេស៊ី ដែលពេលនោះជាប្រធានអាស៊ានបានកោះប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែកុម្ភៈ ២០១១ ហើយបានសម្រេចបង្កើតឡើងនូវក្រុមសង្កេតការណ៍អាស៊ាន ហើយ កម្ពុជាបានឯកភាពទទួលយក “បែបបទបច្ចេកទេស” ដែលស្នើឡើងដោយឥណ្ឌូណេស៊ីចំនួន៨លើក ក៏ប៉ុន្តែភាគីថៃមិនដែលឆ្លើយតបម្តងណាឡើយ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ទៀតថា ដោយសារតែ ការបន្តរំលោភបំពានពីភាគីថៃ កម្ពុជាបានដាក់សំណើទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃទី២៨ ខែមេសា ២០១១ស្នើធ្វើ ការបកស្រាយសាលក្រមឆ្នាំ១៩៦២និងដាក់ចេញវិធានការបណ្តោះអាសន្នប្រឆាំងនឹងការវាយលុករបស់ថៃហើយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការបានដាក់ចេញវិធានការបណ្តោះអាសន្ន។ លោក ឧបនាយករដ្ឋមន្ត្រីបន្តថា កម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដោយផ្អែកលើមាត្រាទី៦០(លក្ខន្តិកៈតុលាការ) ដែល បានកំណត់ថា ភាគីណាក៏មានសិទ្ធិស្នើសុំ អោយធ្វើការបកស្រាយសាលក្រមរបស់តុលាការបានដែរ។ ដោយផ្អែកការរំលោភរបស់ថៃលើសាលក្រមតុលាការឆ្នាំ១៩៦២ ការឈ្លានពានរបស់ថៃនិងការធ្វើឲ្យខូចខាតដល់បេតិកភណ្ឌពិភពលោក។ តុលាការបានធ្វើសវនាការផ្ទាល់មាត់ចំនួន២លើកលើកទី១ នៅថ្ងៃទី ៣០-៣១ ខែឧសភា ឆ្នាំ២០១១ និងលើកទី២ ថ្ងៃទី១៥ ដល់ ១៩ ខែមេសា ឆ្នាំ២០១៣។
រដ្ឋមន្ត្រីការបរទេសកម្ពុជាបានលើកឡើងទៀតថា ក្នុងសវនាការផ្ទាល់មាត់ចុងក្រោយថ្ងៃទី១៥ ដល់ ១៩ ខែមេសា ឆ្នាំ២០១៣កម្ពុជាបានលើកឡើងពីការសន្និដ្ឋានថា ផែនទីឧបសម្ព័ន្ធ១ បង្ហាញពីខ្សែព្រំដែន រវាងប្រទេសទាំងពីរដូចបានលើកឡើងក្នុងអង្គហេតុនៃសាលក្រមឆ្នាំ១៩៦២ ការ មិនឯកភាពគ្នាលើអត្ថន័យ និងវិសាលភាពរបស់សាលក្រមឆ្នាំ១៩៦២ អង្គច្បាប់ និង អង្គហេតុមិនអាចបំបែកចេញពីគ្នាបាន ឡើយ ថៃត្រូវដកទ័ពចេញពីតំបន់ជុំវិញប្រាសាទដូចបានកំណត់ក្នុងកថាខណ្ឌទី២ នៃអង្គច្បាប់សាលក្រម១៩៦២ដែលបានកំណត់ថា ”ថៃមានកាតព្វកិច្ចដកទាហាន នគរបាល ឆ្មាំចេញពីប្រាសាទ និងតំបន់ ជុំវិញប្រាសាទដែលស្ថិតក្នុងទឹកដីក្រោមអធិបតេយ្យកម្ពុជា” ហើយថៃត្រូវបំពេញកាតព្វកិច្ចនេះជារៀងរហូត។
តាមលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអះអាងថា នេះជាកំហុសធំណាស់របស់ថៃដែលបានយកផែនទីក្រោយសាលក្រម១៩៦២ សម្រាប់ឆ្លើយតបនឹង សំណួររបស់ចៅក្រមដែលបានសួរពីផែនទី ពេលកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។ លោកឧបនាយករដ្ឋមន្ត្រីអះអាងថាលោកមិននឹកស្មានថា “អ្នកច្បាប់របស់ថៃឆោទដល់ថ្នាក់ហ្នឹងទេ នៅពេលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេរ (ICJ) សួរសម្រេចថ្ងៃចុងក្រោយថា ថៃប្រើផែនទីណាហើយកម្ពុជា ប្រើផែនទី ណា? នៅពេលនោះកម្ពុជាយើងបាន បញ្ជាក់ថា យើងបានប្រើផែនទីឧបសម្ព័ន្ធ១ ដែលថៃទទួលស្គាល់ និងអន្តរជាតិទទួលស្គាល់ ស្រាប់តែថៃ បានអះអាងថា ប្រើផែនទីដែលគណៈរដ្ឋមន្ត្រីថៃកំណត់នៅខែកក្កដា ឆ្នាំ១៩៦២ គឺក្រោយតុលាការកាត់ក្តី ១ខែ ដូច្នេះយើងគិតថា អ្នកច្បាប់ថៃមិនគួរឆោទដល់ប៉ុណ្ណឹង ពីព្រោះតុលាការICJបាន សម្រេចរួចទៅហើយឲ្យកម្ពុជាឈ្នះ និងឲ្យថៃដកអ្វីៗចេញពីប្រាសាទព្រះវិហារ ស្រាប់តែអ្នកច្បាប់ថៃបែរជាលើកយកផែនទីឯកតោ ភាគីដែលទើបធ្វើក្រោយមកសំអាងទៅវិញ ប៉ុន្តែនេះប្រហែលជាទេវតាជួយយើង”៕
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតី វេទិកាបឋកថាស្តីពី “បទពិសោធនៃយុទ្ធសាស្ត្រផ្លូវច្បាប់ដើម្បីការពារប្រាសាទ និងតំបន់ប្រាសាទ ព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅក្នុងរយៈពេលកន្លងមក” នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ភ្នំពេញ។ រូបថតៈ ស៊ិន សារ៉េត (AKP)