បាងកក ៖ នាកណ្តាលយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅទីក្រុងបាងកក ប្រទេសថៃ កីឡាការិនីប៉េតង់(ប៊ូល) កែ ឡេង បានបំបាក់កីឡាការិនីទុយនេស៊ីក្នុង លទ្ធផល៣៣ ទល់នឹង២៥ក្នុង
ព្រឹត្តិការណ៍ Women’s Petanque World Championship នៅទីក្រុងបាងកក ប្រទេសថៃ នៅវគ្គផ្តាច់ព្រ័ត្រ ដោយឈ្នះមេដាយមាសពិភពលោកជាលើកទី២ ដែល វីរនារីកម្ពុជាឈ្មោះ កែ ឡេង ការពារមេដាយមាសពិភពលោក របស់គាត់ បានសម្រេច និងជាមេដាយមាស ប៉េតង់ពិភពលោកលើកទី២ ខណៈលើកទី១ ឆ្នាំ២០១៣នៅបារាំង ។
លោក ឌី បូរីម៉ា អគ្គលេខាធិការរង សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានថ្លែង ទាំងកណ្តាលអាធ្រាត្រប្រាប់អ្នកកាសែតថា ការប្រកួតកីឡាប៉េតង់ក្នុងព្រឹត្តិការណ៍ Women’s Petanque World Championship ដែលកម្ពុជាទទួលបានមេដាយមាស លើកនេះ មានរយៈពេល២ថ្ងៃហើយ គឺចាប់ពីថ្ងៃទី៥-៦ មានចំនួន៤៣ប្រទេស ចូលរួម នៅទីក្រុងបាងកក ហើយនេះជាការ ទទួលបានមេដាយមាស ពីរលើក ជាប់ៗគ្នា ក្នុងព្រឹត្តិការណ៍ពិភពលោករបស់កីឡាការិនី កែ ឡេង ដោយកាល ពី ឆ្នាំ២០១៣ គាត់បានឈ្នះរួចម្តងទៅហើយនាការប្រកួតនៅក្នុងទីក្រុង Montauban ប្រទេសបារាំង៕