សង្កាត់​ថ្មី​១១​បន្ថែមទៀត ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​បំបែក​

, , Leave a comment

05-11-2015

​រាជធានី​ភ្នំពេញ : អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្រេចយក​សង្កាត់​ចំនួន​៨ ​ក្នុង​ខណ្ឌ​ចំនួន​៥ ​ទៅ​បំបែក​ជា​សង្កាត់​ថ្មី​ចំនួន​១១ បន្ថែមទៀត​ដើម្បី​បង្ខិត​ដែន​រដ្ឋបាល​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ និង​ងាយ​គ្រប់គ្រង ស្ថិតិ​។

 

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញបាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​​ ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​សំណើទៅកាន់​ក្រសួងមហាផ្ទៃ​ហើយ​ដើម្បី​ឈាន ទៅ​បំបែក​សង្កាត់​ធំៗ​មួយចំនួន​ដែលមាន​ភាពស្មុគស្មាញ​ក្នុងការ​គ្រប់គ្រង និង​ការផ្តល់​សេវាសាធារណៈ​។

លោក ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា ការសម្រេច​បង្កើតសង្កាត់​ថ្មី​បន្ថែម​នេះ ​ដោយសារតែ​សង្កាត់​ទាំងអស់នោះ​មាន​ទំហំ​ផ្ទៃដី​ធំ ហើយ​មាន​ប្រជាជន​រស់នៅ​ច្រើន​រហូតដល់​ជាង​១០​ម៉ឺន​នាក់​ទៅ​២០​ម៉ឺន​នាក់​ដែល​ស្មើ​ទៅនឹង​ចំនួន​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ បៃ​លិ​ន ខេត្ត​កែប និង​ខេត្ត​ព្រះ​ស៊ី​ហ​នុ​ ឯណោះ​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​អភិវឌ្ឍន៍ ពុំមាន​តុល្យភាព​ និង​មាន​ប្រសិទ្ធភាព​។ ជាមួយគ្នានេះ​ក៏មាន ភាពស្មុគស្មាញ​ច្រើន​ទាំង​បញ្ហា​ចោរកម្ម គ្រឿងញៀន និង​បញ្ហា​អសន្តិសុខ​សណ្តាប់ធ្នាប់​មួយចំនួន​ជាដើម​។

 

លោក​អះអាងថា​អាជ្ញាធរ​ចាំបាច់​ណាស់​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​សំដៅ​ធ្វើយ៉ាងណា​ធានា​ដល់​ការគ្រប់គ្រង​ ប្រជាពលរដ្ឋ​ឲ្យ​បានល្អ និង​អាច​ឆ្លើយតបបាន​ទាន់ ពេល​វេលា​នូវពេល​មាន​តម្រូវការ​បន្ទាន់​។ ហើយក៏​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ដើម្បី​ចង់​ពង្រីក​អំណាច​ឲ្យ​កាន់តែច្រើន​នោះដែរ​។ ជាមួយគ្នានេះ​គម្រោង ពង្រីក​សង្កាត់​នេះ​នឹងត្រូវ​ធ្វើឡើង​ឲ្យ​បាន​កាន់តែ​ឆាប់​ពោលគឺ​ឲ្យ​បាន​មុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នា​ឆ្នាំ​២០១៧​ខាងមុខនេះ​។

 

យោងតាម​ស្នើសុំបំបែក​សង្កាត់​ចំនួន​៨ របស់​រដ្ឋបាល​ខណ្ឌ​ចំនួន​៥​ខណ្ឌ​ក្នុងនោះ​មាន ទី​១.​ខណ្ឌមានជ័យ​មាន​២​សង្កាត់​ដែល​ត្រូវ​បំបែក​គឺ​សង្កាត់​ស្ទឹងមានជ័យ​មាន​១៦​ភូមិ ស្នើសុំ​បំបែក​ជា ៣​សង្កាត់ សង្កាត់​បឹងទំពុន​មាន​១៥​ភូមិ​ស្នើសុំ​បំបែក​ជា​២​សង្កាត់ ទី​២.​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន ២​សង្កាត់​គឺ​សង្កាត់​ចោមចៅ​មាន​២៧​ភូមិ​ស្នើសុំ​បំបែក​ជា​៣​សង្កាត់ សង្កាត់​កា​កាប​មាន​៩​ភូមិ​ស្នើ សុំ​បំបែក​ជា ២​សង្កាត់ ទី​៣​ខណ្ឌ​ឬ​ស្សី​កែវ​មាន​១​សង្កាត់​គឺ​សង្កាត់​ទួល​សង្កែ​មាន​៣​ភូមិ​ស្នើសុំ​បំបែក ជា​២​សង្កាត់ ទី​៤ ខណ្ឌ​សែន​សុខ​មាន​២​សង្កាត់​គឺ​សង្កាត់​ទឹកថ្លា​មាន​៩​ភូមិ​ស្នើសុំ​បំបែក​ជា​២​សង្កាត់ សង្កាត់​ភ្នំពេញ​ថ្មី​មាន​១០​ភូមិ​ស្នើសុំ​បំបែក​ជា​២​សង្កាត់ ហើយ ទី​៥ ខណ្ឌចំការមន​មាន​១ សង្កាត់​មាន​គឺ​សង្កាត់​ទន្លេបាសាក់​មាន​១៦​ភូមិ​ស្នើសុំ​បំបែក​ជា​២​សង្កាត់​។​

 

​លោក សន ជ័យ អ្នកសម្របសម្រួល​បណ្តា​ញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​បូព៌ា​បាន ឲ្យ​ដឹងថា ការ​បំបែក​សង្កាត់​ថ្មីៗ​បន្ថែម​នេះ វា​ជា​រឿង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលបាន​សេវាសាធារណៈ​ឲ្យ​បាន​កាន់តែ ប្រសើរ ប៉ុន្តែ​បើ​ពិនិត្យ​និង​ពិចារណា​ឲ្យ​បាន ម៉ត់ចត់​វា​គ្រាន់តែ​ជា​លេស​ដើម្បី​បំបែក​អំណាច​ចែក​សកម្មជន​គណបក្ស​នយោបាយ​គ្រប់គ្រង​តែ ប៉ុណ្ណោះ ខណៈដែល​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អណ​ត្តិ​ទី​៣ ឆ្នាំ​២០១៧​ខាងមុខនេះ​ខិតជិត មកដល់​។ លោក​បន្តថា រាជរដ្ឋាភិបាល​នឹង​បង្កើន​ខ្ទង់ចំណាយ​កាន់តែច្រើន​ព្រោះ​វា មិន​ត្រឹមតែ​ការបង្កើត សង្កាត់​ថ្មី​មួយ​មុខ ប៉ុណ្ណោះ​ទេ គឺ​ត្រូវបង្កើត​រចនាសម្ព័ន្ធ​ជា​សំណុំ​ផងដែរ ដូច្នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង បញ្ហា​ទាំងអស់នេះ​បាន អាជ្ញាធរ​ត្រូវ​គ្រប់គ្រង​ឲ្យ​បានល្អ​ក្នុងការ​ដោះស្រាយ​ភាព​អសកម្ម បញ្ហា​ស្មុគស្មាញ បញ្ហា​គ្មាន​សណ្តាប់ធ្នាប់​ដែលមាន​ការកើតឡើង ជៀស​ជាង​ការចោទប្រកាន់​រឿង​ដដែល ដូច​កន្លងមក​។​

 

​សូមបញ្ជាក់ថា​៖ បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​ផ្ទៃក្រឡា​រហូតដល់​ជាង​៦៧៨​គីឡូម៉ែត្រ ក្រឡា បែងចែក​ជាង​១២​ខណ្ឌ ៩៦​សង្កាត់ ៨៩៧​ភូមិ មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប​ជិត​៣​លាន​នាក់ និង​អ្នករស់នៅ​បណ្តោះអាសន្ន​ជាង​៣​ម៉ឺន​នាក់​។ គម្រោង​បំបែក​សង្កាត់ នេះ​នឹងធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​មាន​សង្កាត់​កើតឡើង​រហូតដល​១០៧​សង្កាត់​៕

05-11-2015 (1)

 

Leave a Reply

(*) Required, Your email will not be published