រាជធានីភ្នំពេញ : ប្រជាពលរដ្ឋទូទាំងខណ្ឌចំការមនបានរិះគន់ខ្លាំងចំពោះការហូរទឹកស្អុយចេញមកពីរថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីមកលើផ្លូវសាធារណៈនិងមុខផ្ទះអ្នករស់នៅតាមបណ្តោយផ្លូវ។ ប្រជាពលរដ្ឋដែលរស់ក្នុងមូលដ្ឋាននីមួយៗបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចជួយណែនាំ និងទប់ស្កាត់ បញ្ហាដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងអនាម័យមួយនេះ។ ប្រជាពលរដ្ឋបានលើកឡើងដូចៗគ្នាថា នៅពេលឡានប្រមូលសំរាមស៊ីនទ្រីទៅដល់ទីកន្លែងណាគឺមានក្លិនស្អុយអសោចដល់ទីកន្លែង នោះ ដោយសារតែរថយន្តនោះគ្មានវិធីការពារមិនឲ្យទឹកស្អុយកើតចេញពីសំរាមដែលតាំងហូរចេញមកក្រៅ។ ការរិះគន់នេះធ្វើឡើងក្នុងវេទិកាសាធារណៈរបស់ខណ្ឌចំការមននៅព្រឹកថ្ងៃចន្ទនេះ ដែលមានការចូលរួមពីលោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងសាលារាជធានីភ្នំពេញ លោក ប្រាក់ ចាន់ធឿន ប្រធានក្រុមការងារថ្នាក់ ជាតិ ចុះជួយខណ្ឌចំការមន និងលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី។
ប្រជាពលរដ្ឋលើកឡើងទៀតថា ឡាន ស៊ីនទ្រីជាង៥០ភាគរយ តែងបង្ហូរទឹកកខ្វក់នេះតាមផ្លូវសាធារណៈ មុខផ្ទះប្រជាពលរដ្ឋ និងមុខភោជនីយដ្ឋានដែលធ្វើឲ្យពួកគាត់ពិបាកនឹងទទួលយកបាននូវសកម្មភាព ដែលកើតឡើងជារៀងរាល់ថ្ងៃបែបនេះ។ ប្រជាពលរដ្ឋបានរិះគន់ទៀតថា ក្រុមហ៊ុន ស៊ីនទ្រីដែលជាអ្នកទទួលបន្ទុកប្រមូលសំរាម ក្នុងរាជធានីភ្នំពេញគ្មានការទទួលខុសត្រូវ។
មន្ត្រីអាជ្ញាធរក្នុងខណ្ឌបានទទួលយកនូវការរិះគន់នេះ និងបានចាត់ឲ្យក្រុមការងារយកបញ្ហានេះទៅជជែកជាមួយ ក្រុមហ៊ុនស៊ីនទ្រីដើម្បីកែលម្អបញ្ហាដែលប៉ះពាល់ដល់សុខភាពសាធារណៈនេះ ឡើងវិញ។ លោកស្រី ម៉ក់ វណ្ណស៊ីថា មានប្រសាសន៍ថា រាល់បញ្ហាទាំងអស់ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធបូករួមទាំងវិស័យឯកជនដើម្បីឲ្យការងារទាំង ឡាយដោះស្រាយប្រកបទៅដោយភាព រលូន។ លោកស្រីបញ្ជាក់ថា រាល់តម្រូវការ ត្រូវពិនិត្យ និងវិភាគឲ្យបានល្អិតល្អន់ដើម្បី កុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។
គួររំឭកថា បញ្ហាសំរាមក្នុងរាជធានីភ្នំពេញ គឺក្រុមហ៊ុនស៊ីនទ្រីជាអ្នកទទួលសិទ្ធិម៉ៅការប្រមូលយក។ យ៉ាងណាក៏ដោយក្រុមហ៊ុន នេះ ក៏ធ្លាប់ត្រូវបានរាជរដ្ឋាភិបាលស្តីបន្ទោសពីការគ្រប់គ្រងសំរាមមិនល្អ។ របាយការណ៍អន្តរក្រសួងដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រីកាលពីខែកុម្ភៈ ឆ្នាំ ២០១៥ បានស្តីបន្ទោសក្រុមហ៊ុនស៊ីនទ្រីថាមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រឹងនិងពង្រីកប្រតិបតិ្តការរបស់ខ្លួនក្នុងការប្រមូល និងដឹកជញ្ជូនសំរាមកាកសំណល់រឹងនៅក្នុងរាជធានីភ្នំពេញឲ្យស្របតាមស្ថានភាពរីកចម្រើន។ រាជរដ្ឋាភិបាល បានព្រមានថា ប្រសិនបើក្រុមហ៊ុនស៊ីនទ្រីមិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យា រាជរដ្ឋាភិបាលនឹងទុកឱកាសឲ្យក្រុមហ៊ុនផ្សេងមានលទ្ធភាពដេញថ្លៃប្រមូលសំរាមជំនួសវិញ។
គួរបញ្ជាក់ថាក្រុមហ៊ុនស៊ីនទ្រីជាសាខាមួយនៃសហគ្រាសកាណាដាដែលមានឈ្មោះថាស៊ីនទ្រែក និងទទួលបានសិទ្ធិផ្តាច់មុខលើការប្រមូល និងចោលសំរាមនៅក្នុងរាជធានីភ្នំពេញចាប់ពីឆ្នាំ២០០២បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលរយៈពេល៤៩ឆ្នាំ៕