ចាប់ខ្លួន​អ្នកកាសែត និង​បុគ្គលិក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​១១​នាក់ ករណី​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ដឹកឈើ​

, , Leave a comment

​ខេត្តកំពង់ធំ : ជនសង្ស័យ​ជា​អ្នកកាសែត និង​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​១១​នាក់ ត្រូវបាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្តកំពង់ធំ ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ពីបទ​ចាប់ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​រកស៊ី​ដឹកទំនិញ ដឹក​កសិផល និង​ដឹកអុស នៅ​ភូមិសាស្ត្រ​ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ ជាប់​ព្រំប្រទល់​ខេត្តព្រះវិហារ​។​

 

​ប្រភពពី​សមត្ថកិច្ច និង​អាជ្ញាធរខេត្ត បាន​បញ្ជាក់ថា​ការឃាត់ខ្លួន មនុស្ស​ចំនួន​១១​នាក់ ដែលជា​អ្នកកាសែត និង​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​រកស៊ី​ដឹកទំនិញ ដឹក​កសិផល និង​ដឹកអុស​ជាដើម​ដែល​ភាគច្រើន​ពួកគេ​ប្រព្រឹត្ត​នៅ​ភូមិសាស្ត្រ​ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ​ជាប់​ព្រំប្រទល់​ខេត្តព្រះវិហារ​។​

 

​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា ដោយ​ពិនិត្យ​លើ​ជនសង្ស័យ​ទាំង​១១​នាក់​អំពី​សកម្ម​ភាពជា​ក់​ស្តែង​បទល្មើស​ជាក់ស្តែង​សាវតា​ទីកន្លែង​កន្លែង​ការងារ ការទទួលស្គាល់ ការប្រើប្រាស់ ឯកសារ​ស្របច្បាប់ ឬ​មិន​ស្របច្បាប់ ហើយ​មាន​បេសកកម្ម​ចេញ​ដោយ​អង្គភាព​ណា​? មានការ​ចុះបញ្ជី​តាមផ្លូវ​ច្បាប់​ដែរ ឬ​អត់ ហើយក៏​ពិនិត្យ​លើ​បណ្តឹង​ប្រជាពលរដ្ឋ​ផងដែរ​។ យ៉ាងណាក៏ដោយ​សម្រាប់​ជនសង្ស័យ​ទាំងនេះ​ក៏​អាស្រ័យ​លើ​នីតិវិធីតុលាការ​ដែរ តើ​ត្រូវ​ផ្តន្ទាទោស​តាមផ្លូវ ឬ​ត្រូវធ្វើ​កិច្ចសន្យា​តាមរយ​:​ការបង់​ផាកពិន័យ​និង​សង​ជនរងគ្រោះ គឺជា​ឆន្ទា​នុ​សិទ្ធ​របស់​តុលាការ​ជុំវិញ​ការស៊ើបអង្កេត​ចំពោះ​ករណី​មួយ​នេះ​។​

 

​លោក​អធិការនគរបាល​ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១-​ឈ្មោះ សឹក សុជាតិ អាយុ​៤៨​ឆ្នាំ បុគ្គលិក​អង្គការ​អភិរក្ស​ជលផល​បរិស្ថាន​សត្វព្រៃ និង​ព្រៃឈើ និង​ជា​អ្នកកាសែត​នៅ​ស្ថាប័ន​ជ័យជំនះ​ថ្ងៃ​៧​មករា ទី​២-​ឈ្មោះ លន់ ម៉ៅ អាយុ​៤០​ឆ្នាំ​បម្រើ​ការងារ​ជាមួយ​ជនសង្ស័យ​ខាងលើ ទី​៣-​ឈ្មោះ ឃុ​ត ឌី​ណា អាយុ ៤៨​ឆ្នាំ ទី​៤-​ឈ្មោះ សឿន សេន អាយុ ៤៨​ឆ្នាំ ទី​៥-​ឈ្មោះ ហ៊ូ ហឿន អាយុ​៥៥​ឆ្នាំ អនុប្រធាន​អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិរក្ស​ធនធានធម្មជាតិ​ប្រចាំខេត្ត​កំពង់ធំ​, ទី​៦-​ឈ្មោះ សែម សម្បត្តិ អាយុ​៤៤​ឆ្នាំ​រស់នៅ​ឃុំ​បឹង​ក្រាញ់ ស្រុក​សំរោង ខេត្ត តាកែវ ជា​សហគមន៍​អ្នកសារព័ត៌មាន​ឃ្លាំមើល​កម្ពុជា ទី​៧- ឈ្មោះ ប៉ូវ ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ឃុំ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម ជា​បុគ្គលិក​សារព័ត៌​មានជ័យ​ជំនះ​៧​មករា ទី​៨- ឈ្មោះ លេខ វុទ្ធី​អាយុ​៤៥​ឆ្នាំ​រស់នៅ​ឃុំ​ស្ពឺ ស្រុក​ចំការលើ​ខេត្តកំពង់ចាម​ជា​បុគ្គលិក​សារព័ត៌​មានជ័យ​ជំនះ​៧​មករា ទី​៩- ឈ្មោះ រដ្ឋ ថា អាយុ ៥២​ឆ្នាំ​រស់នៅ​ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ប្រធាន​សាខា​អង្គការ​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ទី​១០-​ឈ្មោះ ថោង ប៊ុន​លៀង អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​បា​ល្ល័​ង្គ ស្រុក​បារាយណ៍​ជា​បុគ្គលិក​សារព័ត៌​មានជ័យ​ជំនះ​៧​មករា​និង​ទី​១១- ឈ្មោះ ថែ​ង ផល អាយុ​២៨​ឆ្នាំ​រស់នៅ​ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ប្រធាន​ស្នាក់ការ​ស្រុក​ស្ទោង​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​។​

 

​ក្រោយពី​មាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​កសិផល​ផ្សេងៗ នៅតាម​ដងផ្លូវ​ថា​មាន​ជន​មួយ​ក្តាប់​តូច​តែងតែ​ស្ទាក់ចាប់​ជំរិត​ទារលុយ​ពី​ពួកគាត់​ជាច្រើន​ដងនោះ​អភិបាលខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​តាម​បង្ក្រាប និង​ចាប់ខ្លួន​ជន​ទាំងនេះ​កុំ​បន្តសកម្មភាព​ទៅទៀត រហូត​ចាប់ខ្លួនបាន​នៅ នៅ​ភូមិសាស្ត្រ​ស្រុក​ប្រាសាទ បា​ល្ល័​ង្គ​តែម្តង​។ ក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​១១​នាក់ និង​វត្ថុតាង​រួមមាន​ម៉ូតូ​៨​គ្រឿង ទូរស័ព្ទដៃ​១៤​គ្រឿង និង​វិទ្យុ ទាក់ទង​៤​គ្រឿង ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ដើម្បី​បន្ត​ការសួរនាំ​និង​ចាត់វិធានការ​តាម​នីតិវិធី​៕

03-11-2015

 

Leave a Reply

(*) Required, Your email will not be published