ស្នេហា​ជា​ល្បែងភ្នាល់​វាសនា​អនាគត

, , Leave a comment

what-types-of-women-a-man-should-not-marry3

ចំណេះដឹង : ស្នេហា​មិន​កំណត់​ឋានៈ បុណ្យ​សក្តិ កិត្តិយស ពណ៌​សប្បុរ តែ​ស្នេហា​តម្រូវ​ឲ្យ​មនុស្ស​ចេះ​ស្មោះត្រង់ និង​អធ្យាស្រ័យ​គ្នា ទើប​អាច​ទទួលបាន​ស្នេហា​មួយ​ដែល​ល្អ​បរិសុទ្ធ និង​មានតម្លៃ​សម្រាប់​ឆាកជីវិត ពុំ​នោះទេ ស្នេហា​នឹង​ផ្តល់​ឲ្យ​អ្នក​វិញ​នូវ​រឿង​ផ្ទុយ​ពី​ក្តី​សុ​បិ​ន្ត​របស់​អ្នក​។ ពិតណាស់​ការផ្តល់​ឲ្យ​គ្នា​ទៅវិញទៅមក​ដោយ​គ្រប់គ្រាន់ ទាំង​ផ្លូវកាយ​និង​ផ្លូវ​អារ​ម្ម​ណ៌ គឺជា​ការចាប់ផ្តើម​កសាង​ផ្លូវ​ស្នេ​ហ៌​ដ៏​ពិតប្រាកដ​មួយ ប៉ុន្តែ​សូមអ្នក​កុំ​យក​ស្នេហា​របស់​ខ្លួនឯង និង​ក្តី​ស្រឡាញ់​របស់​អ្នកផ្សេង​មក​ធ្វើជា​ល្បែង ព្រោះថា ការលេង​ល្បែង​មាន​លទ្ធផល​តែ​២​ទេ គឺ​ចាញ់​និង​ឈ្នះ បើ​អ្នកឈ្នះ​នោះ​ដៃគូ​របស់​អ្នក​គឺជា​អ្នកចាញ់ តែបើ​អ្នកចាញ់​នោះ​ដៃគូ​របស់​អ្នក​គឺជា​អ្នកឈ្នះ ដូច្នេះ​ការឈឺចាប់​ក្នុងចំណោម​អ្នក​ទាំងពី​នៅតែមាន​។​

 

​ពេលខ្លះ​គ្រាន់តែ​ចង់​សាកល្បង​រស់ជាតិ​ស្នេហា បានធ្វើ​ឲ្យ​មនុស្ស​បាត់បង់​អ្វីៗ​ទាំងអស់​ក្នុង​ឆាកជីវិត​របស់គេ ពីព្រោះ​គេ​បានជ្រើសរើស​ដៃគូ​សាកល្បង​ខុស មានន័យថា គេ​បាន​ចាញ់ល្បែង​ស្នេហា​ក្នុងពេល​ចាប់ផ្តើម​..​។ ដូច្នេះ​វា​គ្មាន​ជម្រើស​នោះទេ សម្រាប់​មនុស្ស​ម្នាក់​នោះ ក្នុងការ​ស្អប់​ការ​មាន​ស្នេហា រឺ​ស្អប់​ការធ្វើទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ ទៅសម្ងំ​បៀមទុក្ខ​តែម្នាក់ឯង ឬ​លះបង់​ចោល​អ្វីៗ​ដែល​ខ្លួន​មាន ទៅ​ស្វែងរក​វិធី​ដ៏​ស្ងប់ស្ងាត់​មួយ​មានការ​សាង​ផ្នួស​។​

 

​ចុះ​មាន​អ្វី​កើតឡើង​នៅពេលដែល​ស្នេហា​បាន​ក្លាយជា​គំនុំ​?
​ជា​ការពិត​ស្នេហា​គ្មាន​គំនុំ​នោះទេ ប៉ុន្តែ​អ្នក​ដែល​ទទួលផល​អវិជ្ជមាន​ពី​ស្នេហា​ទើប​ជា​អ្នកមាន​គំនុំ រហូត​គេ​ភ្លេច​គិតថា គំនុំ​នោះគេ​ជា​អ្ន​កសាងឡើង តែ​បែ​ជា​ទំលាក់កំហុស​ទាំងស្រុង​ទៅលើ​ស្នេហា​ទៅវិញ​។ គេ​បាន​ប្រើប្រាស់​ហេតុផល​នៃ​ស្នេហា​មិន​សមបំណង​នេះ​ទៅជា​គំនុំសងសឹក បៀតបៀន កាប់សម្លាប់ រឺ​បោះបង់ចោល​ខ្លួនឯង​ឈានទៅ​សម្លាប់ខ្លួន​ជាដើម​។​

 

​ស្នេហា​មិន​សមបំណង មិនមែន​ព្រោះតែ​អ្នក​ជួប​ស្នេហា​អាក្រក់​នោះទេ តែ​គឺ​អ្នក​មិន​យល់ច្បាស់​ពី​ស្នេហា រឺ​អ្នក​ចូល​លេងល្បែង​ស្នេហា​ដោយ​ភាពល្ងង់ខ្លៅ ដូច្នេះ​ជា​លទ្ធផល អ្នក​ត្រូវតែ​ចាញ់ ហើយ​ចាញ់​យ៉ាង​ឈឺចាប់​ទៀតផង​។ ស្នេហា​គឺជា​ក្រដាស់​ស​មួយ​សន្លឹក​តែប៉ុណ្ណោះ បើ​អ្នកយក​ពណ៌​ខ្មៅ​ទៅ​គូស វា​នឹង​ចេញ​ពណ៌​ខ្មៅ បើ​អ្នកយក​ពណ៌​ក្រហម​ទៅ​គូស​វា​នឹង​ចេញ​ពណ៌​ក្រហម​។ វា​បញ្ជាក់​ន័យ​ថា ស្នេហា​ល្អ​រឺ​មិនល្អ សមប្រកប​រឺ​មិន​សម គឺ​អាស្រ័យ​លើ​បុគ្គល​តែប៉ុណ្ណោះ​។​

 

ខាងក្រោម​នេះ​គឺ​វិធី​ច្រាស​ដែល​ងាយ​យល់​ដើម្បី​ទទួលបាន​ស្នេហា​ពិតប្រាកដ និង​មាន​រសជាតិ​ផ្អែម​ក្នុង​ជីវិត​..៖
-​ស្មោះត្រង់​នឹង​ខ្លួនឯង អ្នកនឹង​អាច​មើលឃើញ​ពី​ភាពស្មោះត្រង់​របស់​ដៃគូ​
-​បើក​ចិត្ត​ឲ្យ​ទូលាយ អ្នកនឹង​មើលឃើញ​ពី​ម​ហិ​ច្ឆិ​តា​របស់​ដៃគូ​
-​ស្រឡាញ់​ខ្លួនឯង អ្នកនឹង​មើលឃើញ​ពី​ទំហំ​នៃ​ក្តី​ស្រឡាញ់​របស់​ដៃគូ​
-​ព្រម​ទទួល អ្នកនឹង​ឃើញ​ទំហំ​នៃ​ការលះបង់​របស់​ដៃគូ​
-​ព្រម​លះបង់ អ្នកនឹង​មើលឃើញ​ទំហំ​នៃ​ការព្រម​ទទួល​របស់​ដៃគូ​
-​ព្រម​រួម​ដំណើរ​អ្នកនឹង​មើលឃើញ​ទំហំ​នៃ​ភាពក្លាហាន តស៊ូ ជម្នះ របស់​ដៃគូ​
​ប្រសិនបើ​អ្នក​អាច​មើលឃើញ​កាន់តែខ្លាំង​ពី​ភាគី​ដៃគូ​ស្នេហា​របស់​អ្នក អ្នកនឹង​យល់ថា តើ​អ្នក​គួរ​គ្រប់គ្រង​វា​ដោយ​វិធី​ណា ដូច្នេះ​អ្នកនឹង​មិន​ឈឺចាប់​ខ្លាំង​បើសិន​វា​ត្រូវ​បាត់បង់ ឬ​អ្នក​មិន​ហួងហែង​ខ្លាំង​បើសិន​វា​កាន់​តែមាន​ទំហំ​ធំ​។ ធ្វើបែបនេះ​ទើប​អ្នក​ក្លាយជា​មនុស្ស​ដែល​អាច​គ្រប់គ្រង​ស្នេហា​បាន​… បើ​អ្នក​អាច​គ្រប់គ្រង​ស្នេហា​បាន មានន័យថា អ្នក​អាច​ច្នៃ​វា​ឲ្យ​ចេញ​ជា​សម្រស់ និង​អាច​ផ្សំ​គ្រឿង​ឲ្យ​ចេញ​ជា​រស់ជាតិ​ដែល​អ្នក​ចូលចិត្ត​មិន​ខាន​។​

 

សរុបមក បើ​ចង់បាន​ស្នេហា​ដ៏​ពិតប្រាកដ​មួយ គឺ​ផ្តើមចេញពី​ខ្លួនឯង ប៉ុន្តែ​មិនមែន​អាត្មានិយម​នោះទេ​….  ៕ ដោយ ច​. សម្បត្តិ​

 

 

Leave a Reply

(*) Required, Your email will not be published