រាជធានីភ្នំពេញ : ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាឲ្យរៀបចំ ព្រះរាជពិធីបុណ្យខួបលើកទី១១ នៃការគ្រង ព្រះបរមរាជសម្បតិ្តរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តមសីហមុនី នៅថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ តុលា ឆ្នាំ ២០១៥ ស្អែក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិបោះឆ្នោតជ្រើសរើស ជាឯកច្ឆន្ទនាថ្ងៃ ព្រហស្បតិ៍ ១ កើត ខែ អស្សុជ ឆ្នាំ វក ឆស័ក ព.ស ២៥៤៨ ត្រូវនឹងថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០០៤ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរចំពោះ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ប្រកបដោយ ព្រះបញ្ញាញាណ និងព្រះរាជហឫទ័យសន្តោស ដ៏ថ្លៃថ្លាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ណែនាំនូវចំណុចមួយចំនួនដូចជា ៖
១-ក្រសួងព្រះបរមរាជវាំង ត្រូវចាត់តាំងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី១១ នៃទិវាគ្រង ព្រះបរមរាជសម្បត្តិរបស់ ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង តាមព្រះរាជប្បវេណី និង ប្រពៃណីសាសនា តាមការសព្វព្រះរាជហឫទ័យរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើ ត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
២-គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន ត្រូវដាក់តាំង ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមាន តុបតែងលម្អភ្លើងពណ៌ ពាក្យស្លោកថ្វាយព្រះពរ និងសារលិខិតថ្វាយព្រះពរ ព្រមទាំងចង ទង់ជាតិ បដាពាក្យស្លោកថ្វាយព្រះពរ នៅតាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នរបស់ខ្លួន។
៣-រាជធានី និងគ្រប់ខេត្ត ត្រូវរៀបចំតាំងព្រះបរម ឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ដោយតុបតែងលម្អភ្លើងពណ៌ ចងទង់ជាតិ បដាពាក្យស្លោកមានសារលិខិតថ្វាយព្រះពរ និងណែនាំម្ចាស់រោងចក្រ សហគ្រាស និងប្រជារាស្ត្រឲ្យចងទង់ជាតិ បដា ពាក្យស្លោក ឲ្យបាន គ្រប់អង្គភាព និងគ្រប់គេហដ្ឋាន។
ត្រូវចាត់តាំងរៀបចំព្រះរាជពិធីបុណ្យនេះឲ្យបានសមស្របតាមលទ្ធភាពជាក់ស្តែងក្នុងក្របខ័ណ្ឌ រាជធានី និងខេត្ត ក្រុង ខណ្ឌ ស្រុក ដោយមានវត្តមានព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នក មុខអ្នកការ ប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនកុះករ ព្រមទាំងមានកម្មវិធីចុះសួរសុខទុក្ខអ្នកជំងឺ តាមមន្ទីរពេទ្យ មណ្ឌលជនពិការ ចាស់ជរា កុមារកំព្រាផង។
៤-ក្រសួងព័ត៌មាន ត្រូវណែនាំចាត់ឲ្យបណ្តាញវិទ្យុទូរទស្សន៍ជាតិ និងឯកជន តាមដានយក ព័ត៌មាន ធ្វើការផលិតផ្សព្វផ្សាយទូលំទូលាយនូវព្រះរាជសកម្មភាព និងស្នាព្រះហស្ត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
៥-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើការណែនាំដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានី និងខេត្ត ចាត់តាំងក្រុមតន្ត្រីសិល្បៈ បុរាណ សម័យ សម្តែងជូនប្រជារាស្ត្រទស្សនាកម្សាន្ត សប្បាយនៅតាមទីសាធារណៈ ដើម្បីចូលរួមអបអរ សាទរក្នុងទិវាជាប្រវត្តិសាស្ត្រ នេះ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៥។
៦-ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវណែនាំដល់អង្គភាពក្រោមឱវាទ ឲ្យសហការ ការពាររក្សាសន្តិសុខ របៀបរៀបរយសណ្តាប់ធ្នាប់សង្គម ចរាចរ បម្រើការរៀបចំព្រះរាជពិធី បុណ្យគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះមហាក្សត្រ ឲ្យធានាបានសុវត្ថិភាព និងភាពសប្បាយ រីករាយ។ ចាត់តាំងឲ្យមានការអុជកាំជ្រួចអបអរសាទរ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ១៩: ០០យប់។
៧-គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវមានផែនការបែងចែកតាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អំពាវនាវសប្បុរសជន អង្គការក្រៅរដ្ឋាភិបាល អង្គការមនុស្សធម៌ ក្រុមហ៊ុនឯកជន ជួយឧបត្ថម្ភ សម្ភារ ថវិកា គ្រឿងឧបភោគ បរិភោគផ្សេងៗ ចុះសួរសុខទុក្ខ ដល់អ្នកមានជំងឺកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលជនពិការ និងមណ្ឌល កុមារកំព្រា ចាស់ជរា ដើម្បីសម្តែងមនោសញ្ចេតនាអាណិតស្រឡាញ់ រាប់អានលើកទឹកចិត្ត និងជួយគ្នាទៅវិញទៅមក៕