រាជធានីភ្នំពេញ : កម្លាំងគយចល័ត នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសនៃអំពើគេចពន្ធ សហការជាមួយកម្លាំងអាវុធហត្ថ ក្រុងភ្នំពេញ (ខណ្ឌ៧មករា) និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងអាជ្ញាធរមូលដ្ឋាន សម្របស ម្រួល ដោយ ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បានចាប់ទុកឃាត់ម៉ូតូស៊េរីទំនើបៗចំនួន៤៩គ្រឿង ដែលអត់បានបង់ពន្ធ ស្ថិតនៅផ្ទះលេខ១៤អឺអូ ផ្លូវលេខ២៦០ សង្កាត់វាលវង់ ខណ្ឌ៧មករា ម្តុំរោងកុនគីរីរម្យ។ នេះបើយោងតាមមន្ត្រីគយចល័ត ដែលចុះចាប់ម៉ូតូខាងលើនេះថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះ នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥។
ករណីខាងលើនេះបានបញ្ជាក់យ៉ាងច្បាស់ពីភាពកម្សោយ និងអសមត្ថភាពរបស់មន្ត្រីគយ ដែលប្រចាំការនៅតាមព្រំដែន។ បើគិតឲ្យច្បាស់ទៅម៉ូតូអត់ពន្ធទាំងអស់នោះ មិនអាចលាក់ក្នុងស្បែកជើងរបស់អ្នករត់ពន្ធបានទេ។ បើគ្មានមន្ត្រីគយនៅតាមព្រំដែន តាមច្រកនានា បើកដៃឲ្យដឹកជញ្ជូនចូលមក ដោយមិនបង់ពន្ធ តើវាមករួចដែរទេ? ករណីនេះបើចាប់បានមួយគ្រឿង គឺត្រូវចាប់មេគយម្នាក់យកទៅដាក់ពិន័យ បើសិនជាគយចល័ត អាចរកឃើញ ម៉ូតូអត់បង់ពន្ធទាំងនោះ ហេតុអីក៏គយមិនអាចរកឲ្យឃើញថា វាចូលមកតាមច្រកណា ពេលណា និងដោយលោកគយ រូបណាជាអ្នកជួយសម្របសម្រួលផងទៅ?
តើអង្គភាពប្រឆាំងអំពើពុករលួយអាចរកឃើញមន្ត្រីគយ ដែលស៊ីលុយរត់ពន្ធទាំងនោះបានដែរទេ ? តើលោករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ នឹកមិនឃើញពីកំហុសរបស់មន្ត្រីគយ នៅតាមច្រកដែលឃុបឃិតឲ្យទំនិញគេចរត់ពន្ធហូរចូលឬបែបណា ? ដើម្បីឲ្យច្បាប់របស់យើង អាចមានតម្លាភាព លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវតែវែកមុខ និងចាប់មន្ត្រីគយ ដែលឃុបឃិត ស៊ីលុយឈ្មួញរត់ពន្ធឡាន ទាំងនោះ ហើយបង្ហោះព័ត៌មានចេញមកផង។
យ៉ាងណាក៏ដោយ គេសង្កេតឃើញថា ការហូរចូលនូវទំនិញ ប្រភេទគ្រឿងសំណង់ ភេសជ្ជៈ ថ្នាំពេទ្យ គ្រឿងអេឡិចត្រូនិក គ្រឿងចាប់ហួយ របស់ឈ្មួញធំៗ មកពីតាមច្រកព្រំដែន កំពុងបំផ្លាញចំណូលថវិកាជាតិ គួរឲ្យព្រួយបារម្ភ ដែលអគ្គនាយកគយ គួររិះរកវិធីទប់ស្កាត់ ឲ្យមានប្រសិទ្ធភាព។ ពោលគឺប្រជាពលរដ្ឋចង់ឃើញ លុយក៏បានបង់ចូលរដ្ឋ មន្ត្រីគយពុករលួយ ក៏ត្រូវបានផ្តន្ទាទោស ហើយគ្រប់ៗគ្នា នឹងបន្តឃ្លាំមើលរឿងនេះ រហូតដល់ទីបញ្ចប់៕