ចំណុច​អវិជ្ជមាន និង​ភាព​ច្រំ​ដែល​១០​យ៉ាង​នៅក្នុង​រឿង​ភាគ​ថៃ​

, , Leave a comment

lakhorn-thai_archphkai

​លិខិត​មិត្ត​អ្នកអាន : យូរ​ក្រែល​ដែរ​ហើយ​ដែល​រឿង​ភាគ​ថៃ​ចាប់ផ្តើម​វាយលុក​ទីផ្សារ​ភាពយន្ត​ខ្មែរ​ជា​បណ្តើរៗ​តាមរយៈ​ស្ថានីយទូរទស្សន៍​មួយ​។ គេ​សង្កេតឃើញថា តាំងពី​ប៉ុស្តិ៍​នោះ​ឈប់​ផ្សាយ​រឿង​ថៃ​មួយរយៈ​ធំ​មក ស្ថានីយទូរទស្សន៍​ដែល​ធ្លាប់តែ​ល្បី​ដាច់​គេ​កាលពី​ជំនាន់​មុន ស្ទើរតែ​ដាំ​ក្បាល​ដួល​ម្តងៗ​ទៅហើយ​។ ប៉ុន្តែ​ថ្មីៗ​នេះ តាំងពី​ចាប់ផ្តើម​ដាក់​ផ្សាយ​រឿង​ភាគ​ថៃ​ជា​បណ្តើរៗ​មក​គេ​សង្កេតឃើញថា​ប៉ុស្តិ៍​ដែល​ស្ងាត់ជ្រងំ​ដូច​ចោរលួច​សេះមួយ​នេះ ស្រាប់​តែមាន​ក្រុមហ៊ុន​មួយចំនួន​ទាក់ទង​ផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួន​យ៉ាង​ព្រោងព្រាត​។​

 

​មានរឿង​សម្ងាត់​មួយ​(​ហាម​ប្រាប់​អ្នកណា​! 😀 ) យប់មិញ​ក្រោយពី​ចប់​រឿង «​ស្អែក​នៅតែ​ស្នេហ៍​» ដែល​ខ្ញុំ​ធ្លាប់​មើល​ជា​វ៉័​រ​សឹ​ន​ថៃ​ចប់​ម្តង​ហើយ​នោះ ពេល​ចុច​បិទ​ទូរទស្សន៍​ស្រាប់តែ​ខ្ញុំ​នៅតែ​ឮ​សំឡេង​ចម្រៀង​អម​របស់​រឿង នេះ​លាន់​ឡើង​ចេញពីផ្ទះ​អ្នកជិតខាង​។ ព្រះ​ជា​ម្ចាស់​!!! (​ខ្ញុំ​ប្រហោង​ពោះ​ធ្លុង​) នេះ​បានន័យថា មិនមែន​តែ​ខ្ញុំ​ទេ ដែល​បើក​ប៉ុស្តិ៍​នេះ​មើល​រឿង​ថៃ​?(Sic) ហើយ​ខ្ញុំ​គិតថា ភាពយន្ត​ខ្មែរ​នឹង​ដាំ​ក្បាល​ចុះ​ជាថ្មី បើ​គុណភាព​នៅតែ​គ្មានអ្វី ប្រែប្រួល​ដូច្នេះ​។​

 

​គួររម្លឹកថា សូម្បីតែ​អតីតព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​នរោត្តម​សីហនុ ក៏​ធ្លាប់មាន​ព្រះរាជឱង្ការ​ថា រឿង​ភាគ​ថៃ​ជា​រឿង​ពាលា​មានតែ​ស្រី​វ៉ៃ​គ្នា​ដណ្តើម​ប្រុស ពុំគួរ​ណា​ប្រជាជន​ខ្មែរ​នាំគ្នា​ទស្សនា​សោះឡើយ​។ ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​លើកយក​ចំណុច​ឆ្កួតៗ​ឡប់ៗ​របស់​រឿង​ថៃ​ដប់​ចំណុច​មក​បង្ហាញ ដើម្បី​បញ្ជាក់ថា​រឿង​ថៃ​គ្មានអ្វី​ល្អមើល​ឡើយ ក្រៅពី​ផ្តល់​គំរូ​អាក្រក់​ដល់​សង្គម​ខ្មែរ និង​ប្រជាជន​ថៃ​ផ្ទាល់​។ បើ​ផលិតករ​ភាពយន្ត​ខ្មែរ​ចេះ​អភិវឌ្ឍ​គុណភាព​ស្នាដៃ​របស់ខ្លួន​តែ​បន្តិច កុន​ខ្មែរ​នឹងមាន​ប្រៀប​លើ​ថៃ​យ៉ាង​ប្រាកដ​។​

 

១.​ផ្តើម​រឿង​ដោយ​តួឯក​ប្រុស តួឯក​ស្រី​មិនត្រូវ​គ្នា​
​អាច​ថា​នេះ​ជា​ឆាក​កេរ​ពី​ដូនតា​ក៏​ថា​បាន ព្រោះ​សាច់រឿង​បែបនេះ​មាន​ស្ទើរតែ​គ្រប់​រឿង​មិនដឹងថា មិនត្រូវ​គ្នា​តាំងពី​ជាតិ​ណា​ចេញ​ឡើង​មិនដែល​ឃើញ​តួឯក​ត្រូវ​គ្នា ស្រាប់តែ​ចុងបញ្ចប់​ត្រឡប់​ជា​ស្រឡាញ់គ្នា​..!

 

២.​តួ​ច្រណែនឈ្នានីស​ត្រូវតែ​ផាត់មុខ​ឲ្យ​ក្រាស់ៗ​
​នេះ​ជា​លក្ខណៈពិសេស​របស់​តួ​ឆ្នាស់​ថៃ ដែល​តួ​ត្រូវតែ​ផាត់មុខ​ក្រាស់ៗ គូរ​រោមចិញ្ចើម​បះ​ឆ្កឺតៗ រោមភ្នែក​ងៗ ផាត់​ក្រែ​ម​ក្រហម​ដិតៗ ហើយ​ចូលចិត្ត​ស្រែក​ឡូឡា​ស្ទើរ​បែក​ក្រដាសត្រចៀក។​

 

៣.​ឆាក​វ៉ៃ​គ្នា​ដណ្តើម​ប្រុស​
​ឆាក​នេះ​មាន​ច្រើន​លើស​ឆាក​ស្នេហា​ទៅទៀត ដោយ​ភាគច្រើន​អ្នក​ដែល​ត្រូវគេ​វ៉ៃ​គឺ​តួឯក​ស្រី ដែល​ទន់ជ្រាយ​ហើយ​បើ​និយាយ​ពី ស្លូត​នោះ​គឺ​ស្លូត​ហួស ស្ទើរតែ​រក​មនុស្ស​ក្នុង​លោក​នេះ​ប្រដូច​គ្មាន​។​

 

៤. ឆាក​ចាប់រំលោភ​
​ឆាក​នេះ​ជួប​ច្រើន​នៅក្នុង​រឿង​ភាគ​ថៃ ជាពិសេស​ពេលដែល​តួឯក​ប្រុស​ខឹង​តួឯក​ស្រី​ខ្លាំងពេក គ្មានអ្វី​ដោះស្រាយ​ក៏​ធ្វើបែបនេះ​។ រួច​បន្ទាប់ពីនោះ​តួ​ស្រី​ក៏​ចាប់ផ្តើម​មាន​អាកា​រៈ​ក្អួតចង្អោរ​ចាញ់កូន​ភ្លាម​។​

 

៥.​តួឯក​តែងតែ​ល្ងង់​
​ទោះបីជា​តួឯក​ប្រុស​រៀន​ចប់​បណ្ឌិត ឬ​រៀន​ខ្ពស់​កម្រិត​ណាក៏ដោយ ឲ្យ​តែ​តួ​ឆ្នាស់​និយាយ​ផ្លុំ​ត្រចៀក​បន្តិច គឺ​ជឿ​ស្លុង​ដោយ​គ្មាន​ហេតុផល បើទោះបីជា​មានការ​ពន្យល់​បកស្រាយ​ពី​តួឯក​ស្រី ឪពុកម្តាយ ឬ​តួ​នានា​។ បើ​មាន​តួ​ស្រី​បន្លំ​ខ្លួន​ជា​ប្រុស តួឯក​ប្រុស​ជា​អ្នក​ដែល​មើល​ដឹង​ក្រោយ​គេ​បំផុត​(​ល្ងង់​រក​លេខ​ដាក់​គ្មាន​)​។​

 

៦.​តួ​ឆ្នាស់​តែងតែ​ឆ្កួត​នៅ​ចុងបញ្ចប់​
​ចុងបញ្ចប់​តួ​ឆ្នាស់​ត្រូវតែ​ឆ្កួត ឬ​ពេលខ្លះ​ក៏មាន​ស្លាប់ ឬ​ត្រឡប់​មកជា​ល្អ​វិញ​ដែរ តែ​មិនដែល​បានឃើញ​តួ​ឆ្នាស់​បាន​សង​នូវ​អ្វីដែល​ខ្លួន​ធ្លាប់ធ្វើ​កន្លង មក​សោះ​។​

 

៧.«​យើង​ជា​នរណា​?» សំណួរ​ប្រចាំត្រកូល​របស់​តួ​ឆ្នាស់​
​តួ​ឆ្នាស់​ចូលចិត្ត​សួរថា «​នាង​ដឹង​ទេ​ថា​យើង​ជា​នរណា​??» បន្ទាប់ពីនោះ ក៏​ស្រែក​ជំ​ទាល​ស្ទើរ​បែក​ក្រដាសត្រចៀក ឬក៏​យក​ស្បែកជើង​កែង​វាយ​ប្រកាប់ប្រចាក់​គ្នា​រញ្ជួយ​ផែនដី​។​

 

៨.​តួឯក​តែងតែ​ត្រចៀកស​
​តួឯក​ទាំងប្រុស​ទាំងស្រី​តែងតែ​ជឿ ឬ​ស្តាប់​ពាក្យ​ញុះញង់​របស់​តួ​ឆ្នាស់​ជានិច្ច ដែល​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​ពួកគេ​តែងតែ​ប្រេះឆា​ជាច្រើនលើក​ច្រើនសា​។​

 

៩. អ្នកមាន​ជា​អ្នកក្រ អ្នកក្រ​ជា​អ្នកមាន​
​បើ​តួឯក​ជា​កូនអ្នកក្រីក្រ​តោកយ៉ាក កុំ​បារម្ភ​ឲ្យ​សោះ មិនយូរ​មិនឆាប់​គេ​នឹង​រកឃើញថា ការពិត​គេ​/​នាង​ជា​កូន​សេដ្ឋី​ដែល​ឆ្មប ឬ​តួ​ខូច​ចាប់ពង្រត់​ទៅ​។​

 

១០. ស្រី​ចាប់រំលោភ​ប្រុស​
​រឿង​ដែល​តួ​ស្រី​ចាប់រំលោភ​ប្រុស​អាច​កម្រ​ឃើញ​នៅក្នុង​រឿង​ប្រទេស​នានា  តែ​ក្នុង​រឿង​ភាគ​ថៃ រឿង​ដប់​ស្ទើរ​តែមាន​ប្រាំបី​ក្នុងនោះ​។ តួឯក​ប្រុស​តែងតែ​ត្រូវ​តួ​ឆ្នាស់​ចាប់​បង្អកស្រា ឬ​លបលួច​ដាក់​ថ្នាំ បើ​ចាប់រំលោភ​មិនបាន​សម្រេច យ៉ាងហោចណាស់​ក៏​ធ្វើ​ឲ្យ​តួឯក​ស្រី យល់ច្រឡំ​ដែរ​៕ ផ្កាយ​NoVeLs*

thai-drama_archphkai

 

Leave a Reply

(*) Required, Your email will not be published