ក្រមា​ខ្មែរ​

, , Leave a comment

11259531_904452642931191_1655313773108837262_n

នេះ​នឹង​ថ្លាថ្លែង​ចែង​ចរចា​  ស្តីពី​ក្រមា​សូត្រ​អំបោះ
​ក្រឡាចត្រង្គ​ពណ៌​ល្អ​ស្រស់ កូន​ខ្មែរ​ស្រណោះ​គេង​អង្រឹង​។​
   
កូនប្រុស​កូនស្រី​លេង​ជា​ក្រុម  ​ធ្វើ​កូនក្រមុំ​ក្រមា​នឹង​  
ពេល​ងូត​ទឹកស្រះ​អូរ​ឬ​ស្ទឹង  ​ពុក​ម៉ែ​ស្ទុះ​វឹង​យកមក​ផ្លាស់​។​
   
ផល​ពី​ក្រមា​ប្រើ​សព្វគ្រប់ បក់មូស​ដណ្តប់​ប្រពៃ​ណាស់
 ​ប្រើ​បាន​ទាំង​ក្មេង​បាន​ទាំងចាស់ ជួន​ជា​ពក​ប៉ះ​ផ្សះ​ផ្លុំ​ស្អំ​។​
   
​នារី​ផ្លាស់​អាវ​តែង​ចងពុង ស្រី​ស្រស់​ឆោមយង់​ទ្រង់​សក្តិសម​
ការ​កេរ្តិ៍​ជា​ស្រី​ស្រស់​ឧ​ត្ត​ម ពេល​ការងារ​ខំ​ជា​ឈ្នួត​ក្បាល​។​
   
ដើរ​ឆាប់​ដើរ​យូរ​ល្អ​ត្រកាល ​ថ្ងៃ​ក្តៅ​ម្តេចក្តី​យើង​ទទូរ
​ពេលខ្លះ​ស្រី​ទូល​ធ្ងន់​ឬ​ស្រាល ក្រមា​ទ្រាប់​ក្បាល​ជា​រង្វេល​។​
   
​ជួន​ជា​សម្រាន្ត​ប្រាណ​ផ្ទាល់​ក្តារ យើង​ក្រាល​ក្រមា​ជួស​កន្ទេល​
ខ្វះ​ខ្នើយ​បត់​កើយ​គេង​លក់​រេល ​ប្រើ​បាន​គ្រប់ពេល​គ្មាន​ខ្វល់​អ្វី​។​
   
​ពេល​ក្មេង​តូចធំ​ជុំ​អ៊ូអរ  ​បាយឡុកបាយឡ​ទាំងប្រុស​ស្រី
ក្រមា​ត្រកួត​ធ្វើ​ខ្សែតី ​ប្រមោយដំរី​លេង​សប្បាយ​។​
   
​ក្រមា​ធ្វើ​ឈូង​លាក់កន្សែង លេង​ចាប់កូនខ្លែង​សើច​ក្អាកក្អាយ​ 
 ​ពេលណា​ងូតទឹក​ហែល​ជិត​ឆ្ងាយ ក្រមា​បានក្លាយ​ពោង​បណ្តែត​។​
   
ចងក្បិន​ក្រមា​ឡើងដើមឈើ ដូងត្នោត​លូត​លើ​ខ្ពស់​រាប់​ម៉ែត្រ
   ​ក្រមា​ប្រើ​បាន​ទាំង​ក្រុង​ខេត្ត ​ប្រយោជន៍​ហួសហេតុ​ថ្លែង​ពុំបាន​។​
   
បត់​ចង​ធ្វើ​អាវ​អោយ​កូនចៅ ពេលណា​ស្អុះ​ក្តៅ​អស់អង្គ​ប្រាណ
 ​បក់​ជំនួស​ផ្លិត​យ៉ាង​ចំណាន នៅ​គ្រប់​សន្តាន​ខ្មែរ​តែង​ប្រើ​។​
   
​ចង​ជា​ទន្លីង​ឡើង​ដូងត្នោត ទាប​ខ្ពស់​ម្តេច​សោតសឹង​ប្រសើរ​ 
ជៀសវាង​គ្រោះថ្នាក់​បាន​គ្រាន់បើ ​ដល់​ដី​ចុះ​ដើរ​យក​បង់ក​។​
   
​ទម្លាប់​ខ្មែរ​យើង​មក​យូរយារ ​ចូល​វត្ត​ពានា​ស្រស់​បវរ​  
 ​ទាំង​ក្រមា​សូត្រ​អំបោះ​ស កូនចៅ​ប្រើត​ផៅសន្តាន​។
   
​ចង្កេះ​បុរស​ចងក្រមា ​ងាយ​ធ្វើ​កិច្ចការ​ជុំវិញ​ប្រាណ
មិន​ទើស​មិន​ទាស់​នាំ​រំខាន​   ​ការងារ​ប៉ុន្មាន​តែង​បាន​ផល​។​
   
​គំនូរ​ចម្លាក់​ឆ្លាក់​លើ​ថ្ម ​ញើស​ហូរ​ម្តេចក៏​មិន​អែក​អ​ល់
ក្រមា​ជូត​ញើស​គ្មាន​សេសសល់ កូន​ខ្មែរ​មិន​ខ្វល់​ទុក​ជាប់​ប្រាណ​។​
   
​ក្រមា​ចង​ថ្នក់​ដក់​បន្លែ ​អ្នកចំការ​ស្រែ​មិនដែល​ខាន​ 
ចង​ថ្នក់​ជាយ​ពីរ​ម្ខាង​តាម​បាន ​ទម្លាប់​សន្តាន​ដូចគ្នា​ដែរ​។​
   
​ថ្ងៃ​មាន​កំដៅ​ក្តៅ​ចែងចាំង ក្រមា​ចង​បាំង​អោយ​មាសស្នេហ៍​ 
 ​បាន​ម្លប់​អោយ​កូន​ទាំង​ពុក​ម៉ែ ធ្វើ​ចំការ​ស្រែ​តាម​ត្រូវការ​។
   
​ពេលធ្វើ​ដំណើរ​ដើរ​ស្រុក​ឆ្ងាយ សំពាយ​ជាប់​កាយ​ទាំង​យាយ​តា
​ខោអាវ​សំពត់​វេច​ក្រមា   ជា​រឿង​ធម្មតា​តាម​ក្រ​មាន​។
   
​ពេល​ដាច់​សង្វែង​ចូល​ព្រៃ​ជ្រៅ  ​គ្មាន​ឆ្នាំង​ជាប់​ទៅ​ពេល​ពោះ​ឃ្លាន
ក្រមា​ដាំបាយ​បាន​ត្រូវ​រៀន ក្រមា​ធនធាន​ខ្មែរ​ប្រពៃ​៕

​ ​    ​​       ​    ​    ​   
     ​    ​    ​   ​        ​    ​​    ​    ​​    ​    ​    ​    ​    ​​    ​   ​    ​    ​     ​    ​    ​
​អត្ថបទ​ដើម​ទាំងស្រុង បោះពុម្ពផ្សាយ​ដោយ អង្គការ​សន្តិ​ស្ម័គ្រចិត្ត (SVA)

 

Leave a Reply

(*) Required, Your email will not be published