រាជធានីភ្នំពេញ : ពលរដ្ឋខ្មែរមួយចំនួនការយល់ដឹងនៅមានកម្រិតនៅឡើយទាក់ទងនឹងសុខភាព។ ពេលឈឺថ្កាត់ម្ដងៗ ពួកគេបានទៅទិញថ្នាំពីឱសថស្ថាន ដោយពុំមានវេជ្ជបញ្ជាត្រឹមត្រូវ ដែលជាទង្វើមួយប្រមាថដល់អាយុជីវិតខ្លួនឯង។ វាមិនមែនជារឿងចម្លែកទេសម្រាប់នៅប្រទេសកម្ពុជាព្រោះថា ប្រជាពលរដ្ឋមួយចំនួនធំនៅពេលមានបញ្ហាសុខភាពមិនបានទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញនោះទេ។ ដោយបច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាភាគច្រើននៅតែនិយមប្រើប្រាស់ឱសថគ្មានវេជ្ជបញ្ជា ដែលបញ្ហានេះបាន និងកំពុងបង្កផលប៉ះពាលធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។ តើអ្នកដឹងអត់ថា មុនទិញថ្នាំប្រើប្រាស់ អ្នកត្រូវយល់ដឹងលើអ្វីខ្លះ?
ជាដំបូងពួកគេតែងតែទៅពិគ្រោះជាមួយអ្នកលក់ឱសថនៅតាមឱសថស្ថាននានារួចហើយឲ្យផ្សំថ្នាំប្រើតែម្តង។ មានខ្លះក៏ប្រើត្រូវ តែខ្លះទៀតក៏មិនត្រូវ ហើយអ្នកដែលប្រើមិនត្រូវក៏នៅតែមិនបោះបង់ការទៅទិញថ្នាំនៅតាមឱសថស្ថាននោះទេ គឺគេទៅស្វែងរកទិញថ្នាំនៅឱសថស្ថានមួយទៀត។ រហូតដល់ស្ថានភាពធ្ងន់ធ្ងរទើបបានទៅរកគ្រូពេទ្យ។ ករណីនេះភាគច្រើនចំពោះបងប្អូនប្រជាពលរដ្ឋរស់នៅតាមទីប្រជុំជននិងជនបទ។ ដោយឡែកចំពោះប្រជាពលរដ្ឋនៅទីក្រុងវិញ មានមួយចំនួនដែលនៅតែទម្លាប់ទៅទិញថ្នាំដោយគ្មានវេជ្ជបញ្ជាដែរ។ មូលហេតុដោយសារតែនៅទីក្រុងមានមន្ទីរពេទ្យច្រើនពិសេសនៅរាជធានីភ្នំពេញ។
ការប្រើឱសថគ្មានវេជ្ជបញ្ជានេះត្រូវបានក្រុមគ្រូពេទ្យលើកឡើងថាវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាពពលរដ្ឋនិងធ្វើឲ្យ មានហានិភ័យដល់សុខភាពទៀតផង។ ទាក់ទងនឹងជំងឺដែលសង្គមយើងកំពុងយកចិត្តទុកដាក់ដូចជា ជំងឺទឹកនោមផ្អែមលើសឈាម ឬជំងឺបេះដូង លោកវិសាល ដែលជាប្រជាពលរដ្ឋម្នាក់រស់នៅក្រុងភ្នំពេញបាននិយាយថា មានពេលខ្លះលោកក៏ធ្លាប់ទៅទិញថ្នាំដោយគ្មានវេជ្ជបញ្ជាដែរ តែចំពោះតែជំងឺឈឺក្បាល ឬផ្តាសាយតិចតួចប៉ុណ្ណោះ។លោកទទួលស្គាល់ថា នៅស្រុកខ្មែរទម្លាប់ទិញថ្នាំតាមឱសថស្ថាននៅតែមានច្រើនដោយសារខ្វះការយល់ដឹងនិងម្យ៉ាងទៀតពេទ្យរដ្ឋនៅឆ្ងាយ។
ទាក់ទិននឹងបញ្ហានេះអ្នកឯកទេសតម្រង់នោម និងលាងឈាមនៃមន្ទីរពេទ្យកាល់ម៉ែតធ្លាប់បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ៖ «ការប្រើប្រាស់ថ្នាំដែលពុំមានវេជ្ជបញ្ជាត្រឹមត្រូវ និងផ្សំតាមឱសថស្ថាន ដែលគ្មាន អ្នកជំនាញត្រឹមត្រូវ វានឹងបង្កឲ្យមានផលប៉ះពាល់ដល់សរីរាង្គរបស់យើងជាច្រើនដែលវាអាចធ្វើឲ្យអ្នកប្រើប្រាស់ត្រូវពុលថ្នាំធ្វើឲ្យតុកស៊ិក និងធ្វើឲ្យខ្សោយនូវប្រព័ន្ធការពាររាងកាយរបស់យើង ជាពិសេស វាអាចប៉ះពាល់ដល់តម្រង់នោម និងជំងឺ ខ្សោយតម្រង់នោមស្រួចស្រាវដែលយើងតែងតែបានជួបអ្នកជំងឺច្រើននៅមន្ទីរពេទ្យកាល់ម៉ែតរបស់យើង»។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថាការព្យាបាលជំងឺខ្សោយតម្រង់នោមស្រួចស្រាវ គឺទាក់ទងនឹងការលាងឈាម និងការសម្អាតជាតិពុលក្នុងឈាម។ អ្នកជំងឺបែបនេះយើងត្រូវធ្វើយ៉ាងណាឲ្យការព្យាបាលបានជាសះស្បើយឆាប់រហ័ស តែបើគាត់រកមិនបានគ្រូពេទ្យឯកទេសត្រឹមត្រូវទេ ហើយគាត់បែរជាងាកទៅរកថ្នាំ ខ្មែរ គឺពិតជាមិនអាចជួយឲ្យជំងឺគាត់បាន ជាសះស្បើយនោះទេ ផ្ទុយទៅវិញវាកាន់តែរុញឲ្យជំងឺរបស់គាត់ឲ្យកាន់តែធ្ងន់ធ្ងរថែមទៀត និងរុំារ៉ៃទៅវិញ។
លោកបន្តែមទៀតថា ប្រសិនជាអ្នកជំងឺទទួលបានការព្យាបាលជាមួយគ្រូពេទ្យជំនាញ រយៈពេលដែលគាត់ត្រូវព្យាបាលគឺត្រឹម១ ឬ២អាទិត្យប៉ុណ្ណោះ តែបើគាត់មិនរកសេវាព្យាបាលបានត្រឹមត្រូវ គាត់នឹងត្រូវលាងឈាមមួយជីវិតដែលនេះជាការ សោកស្តាយមួយរបស់គាត់ ក៏ដូចជាប្រជាជាតិរបស់យើងផងដែរ៕