ស្វែងយល់ : ការរស់នៅក្នុងភាពមានបាន សុខុដុមរមនា និងមានយស់សក្តិខ្ពង់ខ្ពស់ គឺជាអ្វីដែលនារីស្ទើតែទាំងអស់ប្រាថ្នាចង់បាន រហូតទាល់តែមានបុរសមួយចំនួនបានប្រើប្រាស់មហិច្ឆិតាមួយនេះធ្វើជាអន្ទាក់ ដើម្បីសម្រេចបំណងកាមគុណរបស់ខ្លួនទៅលើនារីក្រីក្រ ហើយដោយសារតែអន្ទាក់ទាំងនេះបានរុញច្រាននារីក្មេងៗជាច្រើនឲ្យធ្លាក់ខ្លួនជាស្រីកំណាន់ (ជួនកាលដោយបំណង ជួនកាលដោយមិនដឹងខ្លួន) យ៉ាងច្រើន។ តើវាជាកំហុសមែនទេ? ហើយតើជាកំហុសរបស់អ្នកណា?
បើសិនជាយើងបដិសេធថា វាមិនមែនជាកំហុស វាទាល់តែមានអំណះអំណាងច្បាស់លាស់សមរម្យមួយ ប៉ុន្តែជានិច្ចកាលគេតែងបានឮការបែកបាក់គ្រួសារប្តី-ប្រពន្ធ ការចងអាឃាតព្យាបាទគ្នា ការសម្លាប់ខ្លួន តែងកើតឡើងជាញឹកញ៉ាប់។ បើទោះជាករណីជាច្រើនមិនត្រូវបានគេអះអាងឲ្យប្រាកដប្រជា តែវាច្បាស់ណាស់ថា បានកើតឡើងព្រោះតែផលនៃការប្រថ្នាកាមគុណហួសហេតុរបស់បុគ្គល (ប្រុសនិងស្រី)។
បើសិនជាយើងទទួលស្គាល់ថា មហិច្ឆិតា និងអន្ទាក់ទាំងនោះ គឹជាកំហុស នោះយើងនិងមើលឃើញផ្លូវគាំទ្រជាច្រើនដោយផ្អែកទៅលើស្ថានភាពប្រពៃណី និងបរិយាកាសសង្គមដែលគេកំពុងរស់នៅ ប៉ុន្តែគេពុំបានអះអាងថា វាជាកំហុសរបស់សាមីជននោះទេ ព្រោះជាច្បាប់ធម្មជាតិ ជួនកាលវាគ្រាន់តែជាការគូសវាសខុសឆ្គងរបស់ព្រះព្រហ្មលិខិត ឬគ្រាន់តែជាផលនៃកម្មរបស់បុគ្គលដែលបានសាងពីមុនមកប៉ុណ្ណោះ នេះបើផ្អែលទៅលើទស្សនៈ សាសនា និងជំនឿ។ ព្រោះរឿងតែរឿងនេះទើបបុគ្គលអ្នកប្រព្រឹត្តផ្ទាល់ នៅពេលដែលបញ្ហាបានមកដល់ គេពុំដែលទទួលខុសត្រូវថាជាទង្វើពិតប្រាកដរបស់ខ្លួនទេ តែគេបែជាទម្លាក់វាទៅលើ ទេវតា ព្រះឥន្ទ ព្រះព្រហ្ម យមបាល អ្នកតា ទៅវិញ។ ប្រការនេះហើយ ដែលធ្វើឲ្យអ្នកប្រព្រឹត្តិមួយចំនួនត្រូវបានលើកលែងទោសដោយស្ងាត់ៗ (ការមិនដេញដោយ) រឺត្រូវបានអធ្យាស្រ័យទាំងស្រុងពីជនរងអំពើ។
បច្ច័យជាហេតុ
ការស្រឡាញ់ និងស្នេហា គឺជារបស់ពិសិដ្ឋមួយ ដែលមនុស្សគ្រប់រូបត្រូវតែទទួលបាន និងត្រូវចែករំលែកឲ្យគ្នាឲ្យបានគ្រប់គ្រាន់ ប៉ុន្តែស្ថានភាពបុគ្គល និងបរិយាកាសនៅជុំវិញខ្លួន បានធ្វើឲ្យមនុស្សបង្កើតបំណងប្រាថ្នានានា ដែលជួនកាលបំណងប្រាថ្នាទាំងនោះ គឺពិតជាធំណាស់ធំរហូតខ្លួនឯងមិនអាចសម្រេចបាន។ ចំពោះមនុស្សស្រី អំណោយទាន គឺជារតនៈសម្បត្តិប្រចាំជីវិត (អំណោយទាន ៖ សម្រស់ទាំង៥ប្រការរបស់មនុស្សស្រីមាន សក់ ភ្នែក ស្បែក ឆ្អឹង និង វ័យ) ព្រោះអំណោយទានទាំងនោះ មិនមាននៅលើខ្លួនបុរសនោះទេ ជាហេតុធ្វើឲ្យបុរសជាច្រើនកាប់សម្លាប់គ្នា ដើម្បីដណ្តើមយកអំណោយទានទាំងនោះមកជាកម្មសិទ្ធផ្ទាល់របស់ខ្លួន ហើយដោយភាពលោភលន់ និងចំណង់កាមគុណ គេមិនត្រឹមតែដណ្តើមឲ្យឈ្នះទេ គឺនៅត្រូវដណ្តើមយកឲ្យបានច្រើនទៀតផង។ អ្វីដែលគេត្រូវយកមកធ្វើជាអាវុធ និងសមរភូមិប្រយុទ្ធនោះមានដូចជា ទ្រព្យសម្បត្តិ រូបសម្បត្តិ បុណ្យសក្តិ និងអំណាច ព្រោះរបស់ទាំងនោះគឺជាមហិច្ឆិតារបស់មនុស្សស្រីគ្រប់រូប។
បើយើងតាមស្ថានភាពជាក់ស្តែង ជួនការអំពើផិតក្បត់ និងការគេងប្រវ័ញ្ចលើកាមគុណ វាមិនកើតឡើងដោយសារតែទ្រព្យសម្បត្តិ រូបសម្បត្តិ ឬបុណ្យសក្តិនោះទេ ប៉ុន្តែវាបានកើតឡើងដោយសារតែឧបការៈរបស់បុគ្គលទាំងពីរ មានដូចជាការធ្វើការជាមួយគ្នា ការរស់នៅផ្ទះតែមួយ ការយកអាសារគ្នាយប់ថ្ងៃ និងការចែករំលែកពត៌មានផ្ទាល់ខ្លួនឲ្យគ្នាទៅវិញទៅមកដោយមិនដឹងខ្លួន។
ដោយឡែកការសន្យា (ភាគច្រើនត្រូវបានធ្វើឡើងដោយបុរស) ក៏ជាមូលេហតុនៃអំពើផិតក្បត់ និងជំរុញឲ្យមានស្នេហាលួចលាក់បានដែរ។ ជាការពិត ការសន្យា ត្រូវបានគេបែកចែកទៅតាមកម្រិតមហិច្ឆិតារបស់មនុស្សស្រី ឬប្រុស ដែលមានដូចជា ការផ្តល់កម្មសិទ្ធលើផ្ទះសម្បែង ក្រុមហ៊ុន ឬទ្រព្យសម្បត្តិគ្រួសារ ឬការរៀបការពេញច្បាប់ ចូលក្នុងវង្សត្រកូលជាដើម។ល។
ផលតបស្នង
ពាក្យទំនៀមខ្មែរបុរាណលោកបានស្រដីថា ៖ «មិនឃើញក្តារមឈូល មិនស្រក់ទឹកភ្នែក»។ នៅពេលបុគ្គលមើលមិនទាន់ឃើញផលនៃអំពើបាប បុគ្គលនោះយល់ថា អំពើបាបគឺជាទឹកឃ្មុំ ឬជាផ្កា លុះត្រាណាតែអំពើបានហុចផល ទើបបុគ្គលដឹងថា វាគឺជាលាមកយ៉ាងពិតប្រាកដ»។
អាពាហ៍ពិពាហ៍ មិនត្រឹមតែផ្សារភ្ជាប់ចំណងនៃវង្សត្រកូលពីរឲ្យមកជាមួយវង្សត្រកូននោះទេ តែវាក៏ជាចំណងជាតិពន្ធរាប់រយតំណរទៅមុខទៀតដែរ ដូច្នេះបើអ្នកណាមួយចូលទៅផ្តាច់ចំណងជាតិពន្ធុនោះ គឺឈ្មោះថាជាមារដែលមានចិត្តបាប។ តែដរាបណាចំណងអាពាហ៌ពិពាហ៌ត្រូវបានកាត់ផ្តាច់ជាស្ថាពរ ទើបជាតិពន្ធត្រូវបានកាត់ផ្តាច់ ដូច្នេះបើអ្នកណាចូលទៅសាងកម្មបន្ទាប់នោះ គឺមិនឈ្មោះថាជា “មារ”ទេ។
ក្នុងកំឡុងពេលបុគ្គលពីរនាក់កំពុងមានទំនាក់ទំនងលួចលាក់ មិនមានអ្នកណាដឹង គេពិតជាសប្បាយរីករាយណាស់ ពេញចិត្តណាស់ ផ្អែមល្ហែមណាស់ និងស្រណុកសុខកាយណាស់។ គេយល់ថា អ្វីៗពិតជាស្រស់ស្អាត អ្វីៗពិតជាសមតាមបំណង ប៉ុន្តែពួកគេពិតជាភ្លេចគិតថា គេកំពុងដើរលើផ្លូវអាបាយផ្លូវមរណៈ។ ពិតហើយនៅពេលដែលរឿងរ៉ាវទាំងឡាយត្រូវបានបែកធ្លាយ អ្នកទាំងពីរ បើទោះជាចំណងស្នេហារឹងមាំ ឬចំណងអ្វីផ្សេងទៀតមានដូចជាកូន និងទ្រព្យជាដើម រឹងមាំ តែភាពរីករាយរបស់គេពិតជាបាត់បង់អស់ទៅហើយ។ បើសិនជាម្ខាងៗ មិនព្រមដោះលែងឲ្យគ្នាទៅវិញទៅមក គឺគេច្បាស់ណាស់ថា កំពុងធ្វើសង្គ្រាមសម្លាប់ខ្លួនដោយពិត… តើបានប្រយោជនអ្វី?
កំហុស
ការល្មោភកាមតណ្ហារបស់បុរស គឺជាដើមហេតុការប្រាថ្នាធំ ស្តុកស្តម្ភរបស់នារី គឺជាផ្លូវ។ ការសន្យាផ្តល់ឲ្យដោយសន្ធឹកសន្ធាប់ គឹជាអន្ទាក់ ហើយលទ្ធផលចុងក្រោយ អ្នកដែលដើរចូលអន្ទាក់ជីវិត គឺបុគ្គល៣នាក់ ឬ៤នាក់ ឬ៥នាក់ ឬ៦នាក់… ឬ៣វង្សត្រកូល។
សូមអ្នកកុំយកលេសថា ព្រោះតែអ្នកស្រឡាញ់ ទើបអ្នកក្បត់ ព្រោះតែស្នេហាទើបអ្នកព្រម ព្រោះតែអាណិតទើបអ្នកឲ្យសោះ ព្រោះអ្នកដែលលួចលាក់កូនប្រពន្ធ ប្តី គេ មិនសមនិងប្រើប្រាស់ពាក្យទាំងនេះមកដោះសារនោះទេ….។
ដោយ ច. សម្បត្តិ(Wikiស្នេហ៍)