បច្ចុប្បន្ននេះយើងសង្កេតឃើញថា មុខរបរកោសខ្យល់មានស្ទើរតែគ្រប់ទីកន្លែងទាំងអស់ ជាពិសេសនៅក្នុងរាជធានីភ្នំពេញតែម្តង។ អាការវិលមុខអស់កម្លាំងចង់ក្អួតចង្អោរ និងអាការផ្សេងទៀត ដែលទាមទារឲ្យលោកអ្នកត្រូវតែកោសខ្យល់ទើបបាត់ ប៉ុន្តែលោកអ្នកមួយចំនួនប្រហែលជាមិនបានដឹងថា ការកោសខ្យល់នេះ អាចប្រឈមទៅនឹងបញ្ហាអ្វីខ្លះ ឬក៏មានផលប៉ះពាល់អ្វីខ្លះនោះទេ?
បើតាមការបកស្រាយពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា បានបញ្ជាក់ថា ពាក្យថា “កោសខ្យល់” គឺជាទំនៀមទម្លាប់របស់ខ្មែរយើងដែលមានតាំងពីយូរលង់ណាស់មកហើយ។ ប្រជាជនខ្មែរតែងតែកោសខ្យល់នៅពេលដែលពួកគាត់មានបញ្ហាមិនស្រួល នៅក្នុងរាងកាយដូចជាវិលមុខ អស់កម្លាំង ក្តៅខ្លួន ឈឺក្បាល ចង់ក្អួតចង្អោរ ងងឹតមុខ ចុកពោះ ខ្យល់ដើរមិនស្រួល ឬក៏កោសខ្យល់នៅពេលស្រវឹងជោកជាំជាដើម។
ប៉ុន្តែបើសិនជាអាការនេះចេះតែមិនស្រួលជាញឹកញាប់ ហើយការកោសខ្យល់នេះក៏តែងតែធ្វើជាប្រចាំដែរនោះ វាមិនមែនជារឿងល្អសម្រាប់លោកអ្នកទេ បើនិយាយទៅដល់រាងកាយមិនស្រួលនេះតែងតែកើតឡើងជាញឹកញាប់ដែលវាអាចមានជាប់ទាក់ទិនទៅនឹងជំងឺផ្លូវចិត្តមួយចំនួនផងដែរ។ ក្នុងនាមអ្នកឯកទេសវិកលវិទ្យានៅក្នុងប្រភេទនៃជំងឺថប់អារម្មណ៍លោកបន្តថា អ្នកជំងឺអាចមានអាការអស់កម្លាំង ចុកដៃចុកជើង វិលមុខ ស្រវាំងភ្នែក ឈឺក្បាល បន្ទាប់ពីនោះអ្នកជំងឺក៏កោសខ្យល់ ហើយបន្ទាប់ពីកោសខ្យល់អាការទាំងអស់នេះវានឹងបាត់ទៅវិញ ប៉ុន្តែមិនយូរប៉ុន្មាន អាការទាំងនេះវានឹងកើតឡើងម្តងទៀត ដែលធ្វើឲ្យអ្នកជំងឺបន្តការកោសខ្យល់សារជាថ្មី។ ដូច្នេះការកោសខ្យល់នេះ វាគ្រាន់តែជារបៀប ឬវិធីដែលយើងព្យាបាលតាមបែបបុរាណប៉ុណ្ណោះ ដោយបុគ្គលខ្លះក្នុងមួយសប្តាហ៍កោសខ្យល់២ ទៅ៣ដងឯណោះ។
យើងសង្កេតឃើញថា ការកោសខ្យល់មិនត្រឹមតែមានទៅតាមផ្ទះ ឬគ្រួសារនោះទេ គឺឈានទៅដល់ការធ្វើអាជីវកម្មបើកហាងរកស៊ីកោសខ្យល់ក៏ច្រើនណាស់ដែរ។ ទាំងនេះដោយសារតែលោកអ្នកមិនទាន់បានសិក្សា ឬស្វែងយល់ឲ្យបានច្បាស់លាស់អំពីបញ្ហានៃការកោសខ្យល់នេះនៅឡើយ។ ដោយយោងតាមឯកសារការសិក្សាស្រាវជ្រាវឃើញថា អាការដែលបណ្តាលឲ្យលោកអ្នកឈានទៅដល់ការកោសខ្យល់នេះ គឺវាមានទំនាក់ទំនងទៅនឹងជំងឺថប់អារម្មណ៍ ហើយក៏ឈានដល់ការកោសខ្យល់ញឹកញាប់ ប៉ុន្តែនៅពេលដែលទទួលបានការព្យាបាលជំងឺថប់អារម្មណ៍នេះ ហើយការកោសខ្យល់នោះក៏លែងមានទៀតដែរ។ ដូច្នេះហើយយើងអាចសន្និដ្ឋានបានថា ការកោសខ្យល់ញឹកញាប់កើតឡើងដោយសារតែលោកអ្នកមានជំងឺថប់អារម្មណ៍។
លោក សាស្ត្រាចារ្យវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ការកោសខ្យល់ពិតជាធ្វើឲ្យលោកអ្នកបានធូរស្បើយពិតមែន ប៉ុន្តែវាក៏មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ បើសិនជាលោកអ្នកកោសខ្យល់ញឹកញាប់នោះ ហើយផលប៉ះពាល់ទាំងនេះមានដូចជា បែកគ្រាប់ឈាមជួនកាល បើសិនជាលោកអ្នកកោសខ្យល់នៅត្រង់កញ្ចឹង.កក៏អាចបណ្តាលឲ្យដាច់សរសៃ ឈាម ដែលជាហេតុធ្វើឲ្យលោកអ្នកប្រឈមទៅនឹងគ្រោះថ្នាក់ដល់ជីវិតផងដែរ។ ពេលខ្លះយើងឃើញថា អ្នកដែលស្រវឹងស្រា ហើយធ្វើការកោសខ្យល់អាចបណ្តាលឲ្យស្លាប់ក៏មានដែរ។ ដូច្នេះលោកអ្នកត្រូវតែរកដំណោះស្រាយដើម្បីកុំឲ្យកើតមានបញ្ហា ដោយសារតែកោសខ្យល់នេះ។
បញ្ហាសំខាន់ គឺលោកអ្នកត្រូវតែមកជួបជាមួយគ្រូពេទ្យចិត្តវិទ្យា ឬក៏ធ្វើលំហាត់ប្រាណឲ្យបានញឹកញាប់ជាដើម។ លោកអ្នកត្រូវតែប្តូរពីការកោសខ្យល់ទៅជាការម៉ាស្សាវិញ ហើយបើសិនជាស្រវឹងរហូតដល់ជោកជាំនោះលោកអ្នកត្រូវតែធ្វើការម៉ាស្សា ឬផឹកទឹកក្តៅឧណ្ណៗ ឬទឹកក្រូចឆ្មារ ប៉ុន្តែបើសិនជាការអនុវត្តន៍តាមការណែនាំទាំងនេះហើយនៅតែមិនមានប្រសិទ្ធភាពទៀតនោះ លោកអ្នកត្រូវតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យចិត្តវិទ្យាដើម្បី ធ្វើការព្យាបាលតាមបែបជំនាញរបស់គ្រូពេទ្យនោះទើបជាការប្រសើរ៕