មិននិយាយអ្នកប្រើហ្វេសបុកទេ ព្រោះពុំមែនជាអង្គភាពព័ត៌មាន។ គេសង្កេតឃើញបណ្ដាគេហទំព័រមួយចំនួនផលិតអត្ថបទភ្ជាប់ និងវីដេអូសិចផ្សេងៗរួចបង្ហោះតាមហ្វេសបុកថែមទៀត។ អត្ថបទសិចទាំងនោះភាគច្រើនបញ្ជាក់ថា ជាការបែកធ្លាយអីចេះ អីចុះ មានទាំងសិស្សសាលា បុគ្គលធម្មតា និងអ្នកសិល្បៈជាដើម។ អ្នកអានភាគច្រើនលើកឡើងថា អ្នកផលិតបែបនេះ គឺចង់ទាក់ទាញអ្នកអានគេហទំព័រគេឲ្យកាន់តែច្រើន ព្រោះថាអត្ថបទសិចទាញអារម្មណ៍មនុស្សគ្រប់វ័យដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតឲ្យចូលអាន។
ទាក់ទិនទៅនឹងការផលិតអត្ថបទសិចមានទាំងវីដេអូនេះ អ្នកជំនាញកុំព្យូទ័រមួយចំនួននិយាយថា ទាំងនោះជាការកាត់តពីរឿងសិចរបស់អ្នកផលិតដើមនៅស្រុកគេ និងអ្នកផលិតនៅស្រុកខ្មែរ។ អ្នកអានមួយចំនួនបានប្រាប់ថា ជាការពិតមនុស្សមិនអាចផ្ដាច់ពីរឿងសិចនេះបានទេ ប៉ុន្តែគេក៏មិនសុទ្ធតែចង់មើលដែរអត្ថបទគ្មានប្រយោជន៍ដែរ ព្រោះសម័យនេះគេចង់អានអត្ថបទដែលផ្ដល់ចំណេះដឹង ផ្ដល់ការវិភាគពិចារណា នាំមកនូវប្រយោជន៍ជាអាហារគំនិត។ អ្នកអានមួយចំនួនទៀតបានពន្យល់ថា ការផលិតអត្ថបទសិច មានទាំងវីដេអូក្នុងបំណងទាក់ទាញអ្នកអានជាការប្រមាថអ្នកអានទៅវិញទេ។ ប្រមាថត្រង់ៗថា អ្នកផលិតបែរជា សន្និដ្ឋានលើអ្នកអានថាជាមនុស្សងប់ងុលនឹងរឿងកាមគុណ ឬជាមនុស្សអវិជ្ជា។
លើសពីនេះ វិធីនេះអាចទទួលផលតែមួយរយៈខ្លីប៉ុណ្ណោះ។ អ្វីដែលគេអាចវិនិច្ឆ័យបានគឺថា វាបង្ហាញថាអ្នកផលិតគ្មានសមត្ថភាពធ្វើអត្ថបទផ្សេង ដែលទាញចិត្តអ្នកអានចូលគាំទ្រគេហទំព័ររបស់ខ្លួនទៅវិញទេ។ តាមរយៈអ្នកអានបានឲ្យដឹងថា ការធ្វើអត្ថបទសិចដែលគេបានឃើញកន្លងទៅ ភាគច្រើនពុំមែនក្នុងន័យអប់រំមនុស្សនោះទេ ផ្ទុយទៅវិញបែរបង្ហាញឲ្យតែអ្នកអានក្ដៅខ្លួន មានអារម្មណ៍ផ្លូវភេទ ជាពិសេសបានរួមចំណែកជំរុញលើកទឹកចិត្តឲ្យយុវជន យុវនារី ជ្រួលជ្រើមតែរឿងផ្លូវភេទ ព្រោះអត្ថបទសិចទាំងនោះភាគច្រើនប្រាប់ពីមធ្យោបាយគ្រប់រូបភាព ដែលនាំឲ្យយុវវ័យពិសេស សិស្សសាលា បង្កើតឱកាសប្រព្រឹត្តបានអំពើទាំងនេះបាន។
ចំពោះអ្នកវិញគិតថា គួរបន្តផលិតអត្ថបទបែបនេះទៀតឬយ៉ាងណា?
តើគេហទំព័រមានតែវិធីហ្នឹងដើម្បីទាញអ្នកអានឬ?
ចុះបើគិតតែប្រយោជន៍ខ្លួនឯងរុញសង្គមទាំងមូលឲ្យធ្លាក់ជ្រោះឬ?
តើអ្នកគួរបន្តចុចអានឫមើលទៀតឫយ៉ាងណាដែរ?