រាជធានីភ្នំពេញ : គ្រូពេទ្យឯកទេសជំងឺបេះដូងបានឲ្យដឹងថា ជំងឺបេះដូងមានការកើនឡើងខ្លាំងនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ ពិសេសប្រទេសកំពុងតែរីកចម្រើនលឿនដូចជា ប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋមានជីវភាពធូរធារការហូបចុកក៏សម្បូរបែបដែលធ្វើឲ្យជំងឺបេះដូងមានការកើនឡើងជាគំហុក។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា នៅលើពិភពលោកក្នុង១ឆ្នាំអត្រាមនុស្សស្លាប់ប្រមាណ១៧លាននាក់ ដោយសារជំងឺបេះដូងដែលភាគច្រើនកើតឡើងនៅប្រទេសអភិវឌ្ឍន៍។ ចំណែកអ្នកជំងឺលើសឈាមនៅលើពិភពលោកមានចំនួន១៥០០លាននាក់ស្មើនឹង១ភាគ៣នៃមនុស្សពេញវ័យនៅលើពិភពលោក។
ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា នៃមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា ជំងឺបេះដូងនៅស្រុកខ្មែរមានច្រើនតែយើងនៅមិនទាន់មានតួលេខណាមួយជាក់លាក់នៅឡើយទេពាក់ព័ន្ធនឹងជំងឺបេះដូង។ ប៉ុន្តែបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ជំងឺបេះដូងមានការកើនឡើងខ្លាំងនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ ពិសេសប្រទេសកំពុងតែរីកចម្រើនលឿនដូចជា ប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋមានជីវភាពធូរធារការហូបចុកក៏សម្បូរបែបដែលធ្វើឲ្យជំងឺបេះដូងមានការកើនឡើង។ តាមអង្គការសុខភាពពិភពលោកនៅប្រទេសកម្ពុជាអ្នកដែលស្លាប់ដោយសារស្ទះសសៃឈាមបេះដូងមានរហូតដល់ទៅជាង២០ភាគរយ។
លោកបានបន្តទៀតថា ជំងឺបេះដូងមានច្រើនប្រភេទ ពោលគឺមានមកពីកំណើតបណ្តាលមក ពីរលាកបំពង់ក និងរលាកសន្លាក់រ៉ាំរ៉ៃ ជំងឺប្រឹសបេះដូង ជំងឺស្ទះសសៃ ឈាម បេះដូងដែលកើតឡើងញឹកញាប់ជាងគេដែលបណ្តាលមកពីអ្នកជំងឺមានជំងឺលើសឈាម ទឹកនោមផ្អែម ធ្វើឲ្យសសៃឈាមកកខ្លាញ់ ទើបបណ្តាលឲ្យស្ទះសសៃបេះដូងធ្វើឲ្យបេះដូងខូច ឬគាំង។ ខ្លះបណ្តាលមកពីចង្វាក់បេះដូងមានន័យថា បេះដូងមិនខូចទេតែចង្វាក់បេះដូងដើរយឺត ឬលឿន។ ជំងឺមិនទាក់ទងនឹងសរសៃឈាម ឬចង្វាក់បេះដូងទេ តែមកពីសាច់ដុំបេះដូងវាអាចឲ្យសាច់ដុំបេះដូងក្រាស់ ឬស្តើងរីកជាដើម។ នៅកម្ពុជាភាគច្រើនកើតជំងឺស្ទះសរសៃឈាមបេះដូង ជំងឺប្រឹសបេះដូង និងមានជំងឺបេះដូងពីកំណើតទាំងបីនេះច្រើនជាងគេ។
ទាក់ទិននឹងការព្យាបាលជំងឺបេះដូងលោកបានបញ្ជាក់ថា ជំងឺបេះដូងខ្លះព្យាបាលជាសះស្បើយ តែខ្លះទៀតមិនជាទេតែអាចឲ្យអ្នកជំងឺរស់ធម្មតា។ លោកបានណែនាំថា «ដូច្នេះមធ្យោបាយដែលល្អបំផុតនោះអ្នកជំងឺត្រូវតែទៅជួបគ្រូពេទ្យជំនាញបេះដូង ដើម្បីឲ្យគ្រូពេទ្យព្យាបាល ឲ្យបានត្រឹមត្រូវមិនអាចព្យាបាលដោយថ្នាំផ្តេសផ្តាសដោយខ្លួនឯងបានទេ។ ពិសេសនៅមន្ទីរពេទ្យកាល់ម៉ែតដែលមានឧបករណ៍ទំនើប»។ ចំពោះរោគសញ្ញាជំងឺបេះដូង មានច្រើនដូចជាមានចុកដើមទ្រូងមានអាការៈហត់ញ័រដើមទ្រូងដែលមុខសញ្ញាបីនេះកើតញឹកញាប់ជាងគេ។ ក្រៅពីនេះមានខ្លះអ្នកជំងឺមានអាការៈសន្លប់ក៏មានតែមិនញឹកញាប់។
លោកបានអំពាវនាវសូមឲ្យប្រជាជនយើងចូលរួមកាត់បន្ថយជំងឺនេះ ដោយបញ្ឈប់ការពិសាបារីព្យាបាលជំងឺទឹកនោមផ្អែម ជំងឺលើសឈាមឲ្យបានល្អ និងមិនត្រូវបរិភោគអាហារ ដែលមានជាតិប្រៃពេកបន្ថយជាតិអំបិល និងខ្លាញ់ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ក្នុងករណីសង្ស័យជំងឺទាក់ទិននឹងបេះដូងសូមប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យបេះដូង ដើម្បីឲ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕