រាជធានីភ្នំពេញ : ដោយសារឆ្នាំ២០១៥នេះមាន ភ្លៀងធ្លាក់តិចតួច និងទឹកទន្លេមានកម្ពស់ ទាបបើធៀបទៅនឹងឆ្នាំមុនៗដែលប្រការនេះអាចបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការប្រើប្រាស់ទឹកក្នុងវិស័យកសិកម្ម ជាពិសេសការដាំដុះស្រូវរដូវវស្សា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបើកកិច្ចប្រជុំជាមួយ អន្តរក្រសួងពាក់ព័ន្ធក្រោមអធិបតី លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និង ជាប្រធានគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ដើម្បីពិភាក្សាអំពីបញ្ហាការប្រើប្រាស់ទឹក និង វិធានការរក្សាទឹកទុកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំងឱ្យបានទាន់ពេលវេលា ។
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ បាន លើកឡើងថា រាជរដ្ឋាភិបាលមានកង្វល់ អំពីស្ថានភាពវិស័យកសិកម្មដោយសារ នៅឆ្នាំ២០១៥ នេះមានភ្លៀងធ្លាក់តិចតួច និងកម្ពស់ទឹកទន្លេមានកម្រិតទាបខុស ធម្មតា បើធៀបនឹងបណ្តាឆ្នាំមុនៗដែល ប្រការនេះអាចបង្កឱ្យមានផលប៉ះពាល់ខ្លាំងដល់ការប្រើប្រាស់ ទឹកក្នុងវិស័យកសិកម្ម ជាពិសេសការដាំដុះស្រូវ រដូវប្រាំងនាពេល ខាងមុខ និងនាំឱ្យមានផលប៉ះពាល់ខ្លាំង ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងករណីមិនមានវិធានការសមស្រប និង ទាន់ពេលវេលា។ ដើម្បីការដោះស្រាយ បញ្ហាទាំងនេះទាមទារឱ្យមានការរៀបចំវិធានការជាក់ស្តែង និងបន្ទាន់ដោយមាន ការរៀបចំកញ្ចប់ថវិកាសមស្រប និងមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ដើម្បីទប់ទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវវស្សា និងរដូវប្រាំងនាពេលខាងមុខដោយពិនិត្យ តាមស្ថានភាពជាក់ស្តែង។ ជាមួយគ្នានេះ ដែរលោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានស្នើឱ្យអង្គប្រជុំចូលរួមពិនិត្យ និងពិភាក្សា ឱ្យបានសកម្ម និងលម្អិតព្រមទាំងផ្តល់ធាតុ ចូលដើម្បីអាចកំណត់ទិសដៅ និងបន្ទាត់ដ្ឋានរួមសម្រាប់អនុវត្តតាមការសម្រេចដ៏ ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
យោងតាមសេចក្តីប្រកាសព័ត៌មានបាន ឲ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំបានបូកសរុបមតិរួមសំខាន់ៗដើម្បីរិះរកមធ្យោបាយ និង វិធានការដោះស្រាយមានដូចជា៖ ១-ជា កិច្ចការបន្ទាន់ និងចាំបាច់ គឺការខ្ចប់ទឹកទុក សម្រាប់ប្រើប្រាស់ស្រូវរដូវវស្សា និងរដូវ ប្រាំងដោយធ្វើការត្រួតពិនិត្យមើលឡើងវិញអំពីតំបន់អាទិភាពខ្ពស់ដើម្បីចាត់វិធានការ ដោះស្រាយជាក់ស្តែងដោយពិនិត្យលទ្ធភាពបូមទឹកទៅកាន់តំបន់ទាំងនោះ ឬតំបន់ដែល អាចផ្ទុកទឹកបានថែមទៀត, ២-ប្រើប្រាស់ កម្លាំងសរុប (ចម្រុះ) រួមមានអាជ្ញាធរ មូលដ្ឋាន, ក្រុមការងារថ្នាក់ជាតិ, ក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីការងារ ការពារ/សង្គ្រោះ ស្រូវវស្សា កំណត់កន្លែងដែលអាចមាន ការខូចខាតធ្ងន់ធ្ងរដើម្បីរៀបចំវិធានការដោះស្រាយបន្ទាន់ក៏ដូចជាមានវិធានការ ត្រៀមបម្រុងសម្រាប់បង្ការ/ កម្ចាត់សត្វល្អិត, ៣-សម្រាប់រដូវប្រាំងត្រូវប្រើប្រាស់ទឹកដែល នៅសេសសល់ពីរដូវវស្សាឱ្យអស់លទ្ធភាព និងបំផុសឱ្យប្រជាជនឱ្យចូលរួមបង្កបង្កើនផលនៅកន្លែងណាដែលអាចធ្វើបាន។ ចំពោះកន្លែងដែលធ្លាប់ធ្វើស្រូវប្រាំងត្រូវមានការយកចិត្តទុកដាក់ខ្ពស់ និងមានវិធានការ ដោះស្រាយនៅកន្លែងនោះដាក់ចេញនូវ វិធានការជាក់ស្តែងច្បាស់លាស់, ៤ក្រសួង កិច្ច និងហិរញ្ញវត្ថុត្រៀមដោះស្រាយជូន ភ្លាមៗ និងផ្តល់ថវិកាបន្ថែមសម្រាប់ការ ចំណាយទៅលើទិញប្រេងឥន្ធនៈបន្ថែម សម្រាប់បូមទឹកទៅកាន់តំបន់ដែលពុំមានទឹក រួមទាំងការដោះស្រាយបញ្ហារួមផ្សំ ដូចជាការស្តារទំនប់/ប្រឡាយ។ល។ ទៅ តាមស្ថានភាពជាក់ស្តែង ។ ក្នុងឱកាសនោះដែរលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានស្នើឱ្យអង្គប្រជុំត្រូវប្រកាន់ភ្ជាប់នូវស្មារតី និងការសម្រេចរបស់ អង្គប្រជុំដើម្បីអនុវត្តតាមមុខសញ្ញារៀងៗខ្លួនប្រកបដោយភាពប្រាកដនិយម, ជំហរ ម៉ឺងម៉ាត់ និងស្មារតីទទួលខុសត្រូវខ្ពស់៕