តើ​អ្នក​យល់ច្បាស់​ពី​ពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ហើយ​ឬ​នៅ​?

, , Leave a comment

​ពាក្យ​ថា សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ គេ​តែងតែ​លឺ​វា​ជា​ញឹកញាប់ ក៏ប៉ុន្តែ​កូន​ខ្មែរ​មួយចំនួន​មិនទាន់​យល់ច្បាស់​ពី​អត្ថន័យ និង​ចែក​ឲ្យ​ដាច់​រវាង​ពាក្យ​ទាំងអស់នេះ​នៅឡើយ​ទេ​។ រហូត​មាន​អ្នកខ្លះ​បាន​ប្រើប្រាស់​ពាក្យ​ទាំងនេះ មិនបាន​យល់​ពី​វា ដោយ​គ្រាន់តែ​លឺ​គេ​ថា និង​កាត់​ន័យ​យល់​ដោយ​ខ្លួនឯង​ទៀតផង​។​

 

អ្វី​ទៅ​ដែល​ហៅថា​សុភាវធម៌​?
​សុភាវធម៌​=​សុ (​ល្អ ប្រពៃ ប្រសើរ​) + ភាវ (​ភាព​) + ធម៌ (​ឧិ​វាទ ក្រឹត្យក្រម ពាក្យ​ទូន្មាន​ណែនាំ ច្បាប់ វិន័យ​)

 

​សុភាវធម៌ មានន័យថា ជា​ក្រឹត្យក្រម ច្បាប់​វិន័យ​អប់រំ ដើម្បីអោយ​មនុស្ស មានដំណើរ​ក្នុង​ភាព ជា​មនុស្ស​ល្អ​ប្រពៃ ប្រសើរ​។ ហើយ​សុភាវធម៌ ចែកចេញជា​បី​គឺ សុជីវធម៌ សីលធម៌ និង​គុណធម៌​។​

 

​តើ​អ្វី​ទៅ​សុជីវធម៌​?
​សុជីវធម៌ = សុ (​ល្អ ប្រពៃ ប្រសើរ​) + ជីវ (​ជីវិត​) + ធម៌​ (​ឧិ​វាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ​) ​សុជីវធម៌ សំដៅ​ទៅលើ​ច្បាប់​អប់រំ​ខ្លួន ដើម្បី​រក្សា​ដំណើរ​ជីវិត អោយ​ប្រពៃ​សមសួន​។ សុជីវធម៌ មាន​រួមបញ្ចូល​នូវ​ការអប់រំ​ផ្សេងៗ ដូចជា ៖

 

-ការប្រើ​ពាក្យពេចន៍ និង​ការប្រព្រឹត្ត​កិរិយា អោយ​សមសួន តាម​វ័យ ឋានៈ និង​ទីកន្លែង ជាដើម​
-ការរៀន​ទទួលខុសត្រូវ​ចំពោះមុខ​នាទី​របស់ខ្លួន​
-ការទទួលស្គាល់​ដឹងថា ខ្លួន​ជា​ផ្នែក​មួយ​នៃ​សង្គម ត្រូវ​ស្គាល់​ច្បាប់ទម្លាប់ និង​វិន័យ ដែលមាន​ចែង សម្រាប់​រក្សា​សណ្ដាប់ធ្នាប់ វិន័យ និង​របៀបរៀបរយ ក្នុង​គ្រួសារ ឬ​ក្នុងសង្គម​។​

 

​តើ​អ្វី​ទៅ​សីលធម៌​?
​កន្លងមក ខ្មែរ​យើង​ខ្លះ ចំណាំ​នាំគ្នា​ប្រើពាក្យ​នេះ តាម​សម័យ​ប៉ុលពត ដែល​គេ​ប្រើពាក្យ​នេះ សំដៅ​ទៅលើ ចំណង​រវាង​បុរស​និង​ស្ត្រី​។ តែ​ពេលនេះ យើង​សិក្សា​អំពី​អត្ថន័យ​ពិតប្រាកដ របស់​ពាក្យ​សីលធម៌​។​

 

សីលធម៌ = សីល (​ដំណើរ​ប្រព្រឹត្ត វៀរចាក​អំពើ​បាប ឬ​អំពើអាក្រក់​) + ធម៌ (​ឧិ​វាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ​)

 

​សីលធម៌ សំដៅ​ទៅលើ វិន័យ​ក្រឹត្យក្រម សម្រាប់​អប់រំ​ខ្លួន អោយ​ប្រព្រឹត្ត កាយ វាចា ចិត្ត វៀរចាក​នូវ​អំពើ​បាប ឬ​អំពើអាក្រក់ ។​តើ​សីលធម៌​មាន​អ្វីខ្លះ​?

 

​នៅក្នុង​ព្រះពុទ្ធសាសនា ជន​សាមញ្ញ​ទូទៅ ហោចណាស់ ត្រូវ​រៀន កាន់​ក្រឹត្យ វិន័យ​អោយបាន​ប្រាំ​សាខា ធំៗ គឺ ៖
-មិន​គិត មិន​ប្រព្រឹត្ត អំពើ ពាលា យាយី រំខាន ជីវិត ឬ​សេចក្ដីសុខ របស់ខ្លួន ឬ របស់​អ្នកដទៃ ដោយ កាយ វាចា ចិត្ត និង​គំនិត​
-មិន​លួច​កេងប្រវ័ញ្ច លើ​អ្នកដទៃ ដើម្បី​ប្រយោជន៍ របស់ខ្លួន ដោយ​ការប្រព្រឹត្ត ទាំង កាយ វាចា ចិត្ត និង​គំនិត​
-មិន​ភូតភរ កុហក​បោកប្រាស់ មិន​បំផ្លើសការពិត អោយ​កើតមាន សៅហ្មង ឬ អន្តរាយ​
-មិន​សេព​គ្រឿង​ស្រវឹង ដែល​ធ្វើអោយ​បាត់​សតិ​ស្មារតី លែង​ស្គាល់ ខុសត្រូវ ល្អ​អាក្រក់ សុចរិត ទុច្ចរិត​
-មិន​ប្រព្រឹត្ត​ខុស នៅក្នុង​វិន័យ​ផ្លូវភេទ មិន​ក្បត់​ភក្ដីភាព ចំពោះ​ស្វាមីភរិយា មិន​បង្ក អនាធិបតេយ្យ ផ្លូវភេទ ដោយ​ប្រការ​ណាមួយ​ឡើយ​
-ជាពិសេស​ត្រូវ​ចេះ​រំលត់ លោភៈ​ទោសៈ​មោហៈ របស់ខ្លួន​។​

 

​តើ​គុណធម៌ ជា​អ្វី​?
​គុណធម៌ = គុណ​ (​ដំណើរ ធ្វើអោយ​ចម្រើន​ឡើង ដោយ​លក្ខណៈ ដែល​អ្នកដទៃ គួរ​គោរព​) +​ធម៌ (​ឧិ​វាទ ក្រិ​ត្យ​ក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ​)

 

​គុណធម៌​មានន័យថា ជាការ​ប្រព្រឹត្ត អំពើ​ល្អប្រសើរ ចំពោះ​អ្នកដទៃ ដែលជា​អំពើ ដែល​នាំមក​នូវ​ភាព​ចម្រុងចម្រើន កាន់តែច្រើន ដែល​គេ​ផង​រាល់គ្នា គោរព កោតសរសើរ ហើយក៏​មាន ទឹកចិត្ត កតញ្ញូ ចង់​តបស្នង ធ្វើ​នូវ​អំពើ​ល្អ​នោះ ត្រឡប់​ទៅវិញ បន្ថែម បន្តទៀត ដោយ​ទឹកចិត្ត ជ្រះថ្លា ពី​ក្នុង​ចិត្ត ក្នុង​បេះដូង​របស់គេ​។ គុណធម៌ គឺជា​ដំណើរ​ប្រព្រឹត្ត អំពើ​ល្អ របស់​មនុស្ស ចំពោះ​ពលរដ្ឋ​ដទៃទៀត ក្នុងសង្គម ដូចជា សង្គម​គ្រួសារ សង្គម​ការងារ សង្គមជាតិ ជាដើម​។​

 

​តើ​ដំណើរ​ប្រព្រឹត្ត​អំពើ​គុណធម៌ មាន​អ្វី​ខ្លះទៅ ជា​ឧទាហរណ៍​?
-ការ​មាន​ទឹកចិត្ត ជួយ​ឈឺឆ្អាល សុខទុក្ខ​គ្នា ជួយ​ហុចដៃ ហុច​គំនិត យិ​ត​យោងគ្នា ពេល​មាន​គ្រោះ អាសន្ន ឬ​មាន ការខ្វះខាត ជាដើម​។​
-ការមិន​ឈរ​មើលបំណាំ​គ្នា ចាប់កំហុស​គ្នា ទៅវិញទៅមក​។​
-ការនិយាយស្ដី​លើក​កម្លាំងចិត្ត​
-ការជួយ​ដាស់តឿន បង្រៀន រំលឹក ណែនាំ​គ្នា​
-ការដឹក​ដៃ ប្រាប់​នូវ​ប្រភព​ល្អៗ សម្រាប់​ពលរដ្ឋ ក្នុងសង្គម​គ្រួសារ​ខ្លួន ឬ​សង្គមជាតិ អោយ​ចេះ​ជួយ​ខ្លួនឯង អោយ​រៀន​ស្វែងរក​ផ្លូវ​ប្រសើរ ក្នុង​ជីវិត​
-ការ​មាន​សេចក្ដី​សណ្តោស​មេត្តា និង​មាន​សប្បុរសធម៌ ដល់​ពិការ​ជន ទុរគតជន កុមារកំព្រា ជន​ដែលមាន​ជំងឺ​សតិ ឬ​ចាស់ជរា ឬ​មនុស្ស ដែល​មិនអាច ជួយ​ខ្លួនឯងបាន​
-ការផ្ដល់​វិជ្ជា ការថែទាំ​អប់រំ ការរក្សា​មនុស្ស អោយ​ចាក​ផុត ពី​ការប្រព្រឹត្ត អំពើអាក្រក់ ជាដើម​។​

 

​ដូចនេះ​ក្នុងនាម​ជា​កូន​ខ្មែរ យើង​ត្រូវតែ​ស្វែងយល់​ឲ្យ​ច្បាស់​ពី​អត្ថន័យរ​បស់ពាក្យ​ទាំងអស់នេះ ជាពិសេស​ត្រូវ​រៀន​ពី​សុភាវធម៌​ខ្មែរ ដើម្បី​ខ្លួនឯង គ្រួសារ​និង​សង្គមជាតិ​ផងដែរ​។ ជា​ចុងក្រោយ​ខ្ញុំ​ក៏​សូម​អរគុណ​ផងដែរ​ទៅដល់ អ្នកស្រី កែវ ច័ន្ទបូរណ៍ ដែល​បាន​ចងក្រង​ឯកសារ​អំពី​សុភាវធម៌​ខ្មែរ​នេះ​ឡើង ដើម្បី​ជា​ប្រយោជន៍​ទៅដល់​កូន​ខ្មែរ​ក្នុង​សិក្សា​ស្វែងយល់​៕

21-10-2015

​ឯកសារយោង ៖ Wikipedia
​ប្រែ​សម្រួល​ដោយ ៖ K3
​រក្សា​សិទ្ធិ​ដោយ ©​ប្រយោជន៍​

 

Leave a Reply

(*) Required, Your email will not be published