គ្រូពេទ្យ​កម្ពុជា​ខ្លះ​ខ្វះ​សីលធម៌ សុជីវធម៌​និង​អសមត្ថភាព​

, , Leave a comment

​ទស្សនៈ​ល្ងី​ល្ងឺ : គ្រូពេទ្យ គឺជា​អ្នក​ដែល​ជួយសង្គ្រោះ​ជីវិត​ដល់​អ្នកមាន​ជំងឺ​ឲ្យ​មាន សុខភាព​ល្អ និង​មាន​អាយុជីវិត​ឡើងវិញ​។ ក្នុង​លោក​នេះ​មនុស្ស​គ្រប់រូប សុទ្ធតែ​ពឹងពាក់​ទៅលើ​គ្រូពេទ្យ​ទាំងអស់ ព្រោះ​គ្មាន​អ្នកណាម្នាក់​ដែលថា មិនចេះ​ឈឺ​នោះទេ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​សីលធម៌ និង​សុជីវធម៌ របស់​គ្រូពេទ្យ នៅមានកម្រិត​នៅឡើយ​ក្នុងប្រទេស​កម្ពុជា​យើង​នេះ​។​

 

​ជា​ញឹកញាប់ និង​ស្ទើរ​គ្រប់​ទីកន្លែង គឺ​តែងតែ​ឮ​គេ​និយាយ​អំពី​ពាក្យសម្តី ឬ​អាកប្បកិរិយា​របស់លោក​គ្រូពេទ្យ​ខ្មែរ​ថា មិនល្អ មិន​សមរម្យ​។ តើ​លោកគ្រូ​ពេទ្យ​ទាំងអស់​សុទ្ធតែ​មិនល្អ​មែន​ទេ​? និយាយ​ដូច្នេះ មិនមែន​បានន័យថា គ្រូពេទ្យ​ទាំងអស់​សុទ្ធ​តែមាន​សម្តី​អាក្រក់​មិន​សមរម្យ​ដាក់​អ្នកជំងឺ​គ្រប់គ្នា​នោះទេ តែ​ក៏មាន​គ្រូពេទ្យ​ខ្លះ មាន​សម្តី​ល្អ និង​ជាទីគោរព​ទៀតផង​។ ប្រសិនបើ​យើង​តាមដាន​ស្តាប់ និង​មើល​ព័ត៌មាន យើង​នឹង​ឃើញថា មាន​អ្នកជំងឺ​ខ្លះ​បាន​ស្លាប់​ដោយសារ​ការ​ធ្វេស​ប្រហែល​របស់លោក​គ្រូពេទ្យ​។​

 

​ពេលខ្លះ​នៅពេលដែល​អ្នកជំងឺ​ទៅ​ព្យាបាល មាន​ពេទ្យ​ខ្លះ​តែងតែ​សួរនាំ​អំពី​លុយកាក់​ជាមុនសិន​ទើប​ព្យាបាល​អ្នកជំងឺ​ពេល​ក្រោយ​។ នេះ​ជា​អាកប្បកិរិយា​មួយ​ដែល​មិន​សមរម្យ​ក្នុងនាម​ខ្លួន​ជា​អ្នក​ព្យាបាល សង្គ្រោះ​ជីវិត​ដល់​អ្នកមាន​ជំងឺ​។ មាន​ពេទ្យ​ខ្លះ នៅពេលដែល​ឃើញ​អ្នកក្រីក្រ​ទៅ​ព្យាបាល​ជំងឺ គេ​តែងតែ​ធ្វើ​ព្រងើយកន្តើយ​មិនសូវ​យកចិត្តទុកដាក់​ជាមួយ​ឡើយ ប៉ុន្តែ​នៅពេល​គេ​ឃើញ​អ្នកមាន​ទ្រព្យសម្បត្តិ​វិញ ពួកគេ​តែងតែ​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​កក់ក្តៅ និង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​។ មាន​ប្រជាជន​ដែល​ក្រីក្រ​ជាច្រើន​នៅពេល​មាន​ជំងឺ​ពួកគាត់​មិន​ហ៊ាន​ទៅ​ពេទ្យ​ទេ​ដោយសារ​ពេទ្យ​គាត់​គិតតែ​អំពី​លុយកាក់​ខ្លាំងពេក ទើប​ធ្វើ​ឲ្យ​ប្រជាជន​ដែល​គ្មាន​សមត្ថភាព មិន​ហ៊ាន​ទៅ​ជួប​ពេទ្យ ដើម្បី​ព្យាបាល​ជំងឺ​។​

 

​ប្រសិនបើ​មាន​ជំងឺ​ល្មមៗ គាត់​សុខចិត្ត​នៅផ្ទះ​ស្វែងរក​ថ្នាំខ្មែរ​ដាំ​ផឹក​វិញ ប្រសើរ​ជាង​ទៅ​ពេទ្យ​។ ប្រសិនបើ​គាត់​បាន​ទៅ​ពេទ្យ​វិញ​គ្រូពេទ្យ​មួយចំនួន​មិនបាន​ពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទេ គ្រាន់តែ​ពិនិត្យ​ត្រួសៗ រួច​ក៏​ផ្សំ​ថ្នាំ​សម្រាប់​ពួកគាត់​តែម្តង ដោយ​មិន​គិត​អំពី​សុវត្ថិភាព​សុខភាព​ប្រជាជន​ទេ​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​តែ​បាន​លុយ​ចូលក្នុង​ហោប៉ៅ​របស់ខ្លួន​តែប៉ុណ្ណោះ​។​

 

​តើ​សីលធម៌​ក្នុងនាម​ខ្លួន​ជា​គ្រូពេទ្យ​ដែល​ត្រូវ​ជួយ​ជីវិត​មនុស្ស​នោះ​បាត់​ទៅណា​អស់ហើយ​? តើ​វប្បធម៌​នេះ​ត្រូវ​បន្ត​ដល់​ពេលណា​ទៀត​? ម្យ៉ាងទៀត​សមត្ថភាព​គ្រូពេទ្យ​ក្នុងស្រុក​នៅមានកម្រិត​នៅឡើយ មិនទាន់មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​នៅឡើយ​ទេ​។​ប្រសិនបើ​យើង​ក្រឡេកមើល​ក្នុងសង្គម​យើង​ជាពិសេស​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន នៅពេល​ពួកគេ​មាន​ជំងឺ​ម្តងៗ គេ​តែងតែ​នាំ​កូនចៅ​របស់​ពួកគេ​ទៅ​ព្យាបាល​ជំងឺ​និង​ចំណាយ​ប្រាក់​នៅឯ​ក្រៅប្រទេស មានដូចជា ថៃ វៀតណាម សិង្ហ​បុរី និង​បណ្តា​ប្រទេស​រីកចម្រើន​មួយចំនួនទៀត​។​

 

​តើ​នេះ​មកពី​មូលហេតុ​អ្វី​? នេះ​ក៏​ព្រោះតែ​ពួកគេ​មិនទាន់​ជឿជាក់ លើ​សមត្ថភាព ឬ​អត់​មានការ​ជឿជាក់​លើ​គ្រូពេទ្យ​ក្នុងស្រុក​ផងដែរ​។ ដល់ពេល​ហើយ​សម្រាប់​គ្រូពេទ្យ​ទាំងឡាយ​ត្រូវ​ពង្រឹង​សីលធម៌​របស់ខ្លួន​ឲ្យ​ទៅជា អ្នក​ដែល​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជាពិសេស​ត្រូវ​ពង្រឹង​នូវ​សមត្ថភាព របស់ខ្លួន​ឲ្យ​បាន​កាន់តែខ្លាំង​ព្រោះ​ជីវិត​មនុស្ស​ទាំងអស់​ត្រូវ​ពឹង លើ​គ្រូពេទ្យ​ហើយ​។ ជា​ចុងក្រោយ សីលធម៌​របស់​គ្រូពេទ្យ​ក្នុងស្រុក​នៅមានកម្រិត​ទាំង​ពាក្យសម្តី ទាំង​អាកប្បកិរិយា បូក​រួមទាំង​សមត្ថភាព​ផងដែរ គឺ​មិនទាន់មាន​លក្ខណៈ​ប្រសើរ​នៅឡើយ​ទេ​។ ដូច្នេះ​ដល់ពេល​ហើយ ដែល​គ្រូពេទ្យ​កម្ពុជា​ត្រូវតែ​ពង្រឹង​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​សមត្ថភាព​ជំនាញ​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ដើម្បី​ជាទី​ពឹងពាក់ និង​អាច​ផ្តល់នូវ​ក្តីសង្ឃឹម​ដល់​ប្រជាជន​ទាំងអស់​នៅពេល​ដែលមាន​ជំងឺ ត្រូវ​ព្យាបាល​និង​សង្គ្រោះ​៕

21-10-2015

 

Leave a Reply

(*) Required, Your email will not be published