ខេត្តក្រចេះ : បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានខិតខំប្រឹងប្រែងបង្កាបមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន យ៉ាងសកម្មតាមមូលដ្ឋាន នៅតាមស្រុកមួយចំនួនរបស់ខេត្ដក្រចេះ។ ថ្មីៗនេះសាលាដំបូងខេត្ដក្រចេះ បែរជា បំបាក់ទឹកចិត្តអាជ្ញាធរ និងសមត្ថកិច្ចខេត្តក្រចេះ ដោយតុលាការធ្វើការដោះលែងជនល្មើសជាបន្តបន្ដបន្ទាប់។
យោងតាមប្រភពព័ត៌មានដែលលួចបង្ហើបពីសមត្ថកិច្ចខេត្ដក្រចេះ បានឲ្យដឹងថា ត្រឹមតែមួយខែក្នុងខែតុលា ឆ្នាំ២០១៥នេះ តុលាការខេត្ដក្រចេះ បានដោះលែងមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន រហូត ដល់៨នាក់ក្រោយពីសម្រេចឃុំខ្លួនដាក់ពន្ធនាគារមិនទាន់ក្ដៅចុងច្រមុះផង ដោយក្នុងនោះក្រុងក្រចេះ៤នាក់ ស្រុកឆ្លូងម្នាក់ ស្រុកព្រែកប្រសព្វពីរនាក់ និងស្រុកចិត្របុរីម្នាក់។ ទង្វើនេះបានធ្វើឲ្យអាជ្ញាធរ និងសមត្ថកិច្ចបាក់ទឹកចិត្ដ និងគ្មានកម្លាំងកំហែង ទៅបង្ក្រាបករណីនេះ បន្ដទៀតនោះឡើយ។
សមត្ថកិច្ចបានបញ្ជាក់ថា «មានកម្លាំងកំហែងអ្វីទៅបង្ក្រាបទៀតចំពោះករណីគ្រឿងញៀននេះ បើចាប់បានបញ្ជូនទៅតុលាការមិនទាន់បានប៉ុន្មានថ្ងៃផង ត្រូវតុលាការដោះលែងឲ្យមកវិញ ទៅហើយរួចពួកវាបន្ដចែកចាយប្រើប្រាស់នៅជាដដែល»។ ចំណាត់ការដ៏ធូរលុងរបស់តុលាការខេត្ដក្រចេះ បានធ្វើឲ្យមិនថា តែអាជ្ញាធរសមត្ថកិច្ចនោះទេ ពោលប្រជាពលរដ្ឋទូទៅ បានបង្ហាញការព្រួយបារម្ភ យ៉ាងខ្លាំងអំពីការរីក សាយភាយករណីគ្រឿងញៀន តាមមូលដ្ឋានរបស់ពួកគេ ដែលធ្វើឲ្យមានអសន្ដិសុខកើត ឡើងជាបន្ដបន្ទាប់ ដូចជាករណីប្លន់លួច និងអំពើហិង្សាជាដើម។
បើតាមការបញ្ជាក់ពី សមត្ថកិច្ចមុខសញ្ញាជួញដូរគ្រឿងញៀន ដ៏សកម្មម្នាក់នៅឃុំកន្ទួត ស្រុកចិត្របុរី ឈ្មោះ អោក វណ្ណា ហៅចិន អាយុ២៩ឆ្នាំ ដែលត្រូវបានចាប់ខ្លួនកាលពី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ ជាមួយនឹងថ្នាំ ញៀនជាច្រើនកញ្ចប់នោះ ត្រូវបានលោកស្រី គឹម សុគន្ធា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្ដក្រចេះ សម្រេចដោះលែងកាលពីដើម ខែតុលាកន្លងទៅ។
យោងតាមដីកា ដាក់ជនត្រូវចោទឲ្យស្ថិតនៅ ក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការរបស់លោកស្រី គឹម សុគន្ធា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្ដក្រចេះ និងព្រះរាជអាជ្ញារង លោក ហាក់ ហ៊ាន់ ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ បានសម្រេចឲ្យឈ្មោះ អោក វណ្ណា ហៅចិន អាយុ២៩ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ដែលត្រូវបានចោទ ប្រកាន់ពីបទ «រក្សាទុកដឹកជញ្ជូនដោយខុស ច្បាប់នូវសាធាតុញៀន» មានសេរីភាពឡើងវិញ។
ដោយឡែកមុខសញ្ញាជួញដូរនៅ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ចំនួន២នាក់ ម្នាក់ឈ្មោះ នួន ប៉ែត អាយុ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ស្រ៊ីម សោភ័ណ អាយុ២២ឆ្នាំ ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ក៏ត្រូវបានតុលាការដោះលែង មកវិញនៅថ្ងៃ ទី១៦ ខែតុលា ពោលបានត្រឹម៣ថ្ងៃប៉ុណ្ណោះ។
ចំពោះករណីនេះ មិនទាន់មានការបំភ្លឺពីប្រធានតុលាការ និងព្រះរាជអាជ្ញា ខេត្ដក្រចេះបាននៅឡើយនោះទេ៕