រាជធានីភ្នំពេញ : ឆ្នាំ២០១៦ អាជ្ញាធរ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការប្តេជ្ញាចិត្តថា លែងឲ្យមានមធ្យោបាយដឹកជញ្ជូនធុនធ្ងន់ចូលរាជធានីភ្នំពេញស្របគ្នាទៅ និងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចាប់ផ្តើមអនុវត្តដោយ គោរពទៅតាមច្បាប់ដែលមានសមត្ថភាពគ្រប់សមត្ថកិច្ចចូលរួម ទាំងក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងសមត្ថកិច្ចជាគណៈកម្មការសុវត្ថិភាពចរាចណ៍ធ្វើយ៉ាងណាសម្រេចគោលដៅឲ្យមានប្រសិទ្ធភាព។
នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាកាលពីព្រឹកថ្ងៃទី១៩ តុលា ម្សិលមិញនេះ លោកស្រី បុប្ផាផានី អនុប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងនៅក្នុងកម្មវិធី សន្ទនាមតិជីវិតយើង សង្គមយើងថា ចាប់ពីឆ្នាំ២០១៦ទៅ រថយន្តធុនធំ នឹងមិនបន្តឲ្យចូលក្រុងទៀត ឡើយ។ ក្នុងនោះមានរថយន្តដឹកដំណើរតាមបណ្តាខេត្តផងដែរដោយដាក់ឲ្យនៅក្រៅក្រុងវិញ។ លោកស្រីបន្តថាចំណាត់ វិធានការនេះ វាមិនមែនជារឿងថ្មីនោះទេ ដែលអាជ្ញាធរប្តេជ្ញាធ្វើរឿងនេះ។ ប៉ុន្តែការធ្វើចរាចររបស់រថយន្តធុនធ្ងន់ទាំងនោះគេសង្កេតឃើញនៅតែមានចរាចរណ៍ចេញចូលដដែល ដែលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់បង្កឲ្យមានការកកស្ទះចរាចរ និងខូចផ្លូវថ្នល់ជាដើម។ល។ លោកស្រីបន្តថា ការទុកបណ្តោយឲ្យមធ្យោបាយដឹកជញ្ជូនធុនធ្ងន់ចូលរាជធានីភ្នំពេញជាហេតុបង្កឲ្យសិស្សនិស្សិត មន្ត្រី រាជការ កម្មករ …ទៅធ្វើការមិនទាន់ពេល ពិសេសជួបការលំបាកធ្វើឲ្យខាតបង់ពេលវេលា ថវិកានិងប៉ះពាល់សុខភាព ហើយ ចំណាត់ វិធានការដែលត្រូវអនុវត្តនោះ គឺតម្រូវឲ្យេថយន្តធុនធ្ងន់មិនឲ្យចូលរាជធានីនៅពេលថ្ងៃដាច់ខាតពីម៉ោង៦ដល់ម៉ោង ៩ព្រឹកដល់ និងពីម៉ោង១៦ ០០ល្ងាចដល់ ម៉ោង២០យប់។ លោកស្រីអនុប្រធានមន្ទីរ សាធារណការបានបញ្ជាក់ថា ចូលដើមឆ្នាំ ២០១៦ អាជ្ញាធររាជធានីនឹងមានវិធានការ ព្រោះតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី២០ សីហាកន្លងមក សាលារាជធានីបានកោះអញ្ជើញតំណាងដឹកជញ្ជូនអ្នកដំណើរ ដឹកទំនិញ និងទំនិញធុនធ្ងន់ចំនួន៣០ ក្រុមហ៊ុនក្នុងខ្លឹមសារ អង្គប្រជុំគឺលោកអភិបាលសុំឲ្យរថយន្តក្រុងដឹកអ្នកដំណើរត្រូវរកទីតាំងឲ្យហើយនៅក្រៅក្រុង។ ចំពោះរថយន្តដឹកធុនធ្ងន់អភិបាលបញ្ជាឲ្យមូលដ្ឋានខណ្ឌទាំង១២ ត្រូវរឹតបន្តឹងបន្ថែមទៅលើគោលការណ៍ដែលមានស្រាប់ពី មុន ដែលរដ្ឋសភាបានអនុម័តកាលពីខែធ្នូ និងការអនុវត្តការផាកពិន័យថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ដោយមានការផាកពិន័យយ៉ាងតឹងរឹងទៅលើកមិនគោរពច្បាប់ចរាចណ៍នេះ។
ឆ្លើយតបបញ្ហានេះ លោក ខុន តំណាង អ្នករត់ម៉ូតូកង់បីនៅរាជធានីភ្នំពេញបាន លើកឡើងថាចំណាត់វិធានការទៅលើរថយន្តធំៗ ដែលជាមធ្យោបាយដឹកជញ្ជូនធុនធ្ងន់ចូលរាជធានីភ្នំពេញនេះលោក ចូលរួមសាទរប្រសិនបើសាលារាជធានីភ្នំពេញអនុវត្តបានមែនទៅលើការប្តេជ្ញាចិត្តនៅឆ្នាំ២០១៦ខាងមុខ។ ប៉ុន្តែធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពទៅតាមផ្លូវច្បាប់។ លោកបន្តថា ការហាមប្រាមរថយន្តធុនធ្ងន់ដែលជាមធ្យោបាយដឹកជញ្ជូនធុនធ្ងន់ចូលរាជធានីភ្នំពេញនេះ អនុវត្តដូចភ្លើងចំបើង អ្នកមានខ្សែនៅតែចូលបាន ហើយអ្នកអត់ បក្សពួកមិនញញើតច្បាប់ នៅពេលប៉ូលិស ចាប់ឲ្យតែលុយជាថ្នូរនិងបទល្មើសជាការ ស្រេច។ ព្រោះកន្លងមកគេសង្កេតឃើញថារាល់សេចក្តីណែនាំចរាចរ ណែនាំសេចក្តី ជូនដំណឹងរបស់ក្រសួងក៏ដូចសាលាក្រុង ហាក់គ្មានប្រសិទ្ធភាពនិយាយយឲ្យតែរួចពីមាត់ ។ ចាំមើលច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមានប្រសិទ្ធភាពបែបណា?
សូមបញ្ជាក់ថា “ការចុះបញ្ជីធ្វើលិខិត ចេញចូលរាជធានីភ្នំពេញរហូតមកដល់ ពេលនេះទើបតែទទួលបានរថយន្តដឹកជញ្ជូនធុនធ្ងន់មានចំនួន៨៧៨១គ្រឿង ស្មើ ៤៨.២៤ភាគរយ”៕