បឹង​កន្សែង កន្លែង​គូស្នេហ៍​

, , Leave a comment

​ខេត្តរតនគិរី : បឹង​កន្សែង មាន​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង ស្ថិតនៅក្នុង​ទឹកដី​ភូមិ​អូរ​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។ ប្រសិនបើ​អស់លោកអ្នក​បាន​ស្តាប់​អត្ថន័យ​ក្នុង​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​អក​បឹង​កន្សែង​» ដែល​បង្ហើរ​សំនៀង​ដោយ​អធិរាជ​សំឡេង​មាស​លោក ស៊ីន ស៊ី​សាមុត នោះគេ​នឹង​ភ្នក​នឹកគិត​ទៅដល់​ទេសភាព​ផ្ទៃ​បឹង​ដែលមាន​ឈ្មោះថា «​បឹង​កន្សែង​» នា​ទឹកដី​ខេត្តរតនគិរី​ជាក់​ជាមិនខាន​។​

 

«​ជ្រោះ​ជ្រង​សែន​ជ្រៅ ទឹក​នៅ​ស្ងៀម​នឹង ដងព្រៃ​ស្ងាត់ឈឹង ដាក់​នាម​ហៅ​បឹង​កន្សែង សារាយ​ព្រលឹត​កៀក​កាយ​ប្រឡែង ថ្ងៃ​ច​ចាំង​សូរ្យសែង អស់ឱ​!​កន្លែង​កម្សាន្ត​!»​។ នេះ​ជា​ប្រយោគ​មួយ​ឃ្លា​ដែល​បាន​ពិពណ៌នា​រៀបរាប់​ពី​សម្រស់​បឹង​ធម្មជាតិ​មួយ​ចោល​សម្រស់​ឆើតឆាយ​ពួន​កាយ​នៅក្នុង​ព្រៃ​ជ្រៅ​នៃ​ខេត្តរតនគិរី​នា​សម័យមុន​។ នៅពេល​បាន​ស្តាប់​នូវ​អត្ថន័យ​បទ​ចម្រៀង​នេះ​ភ្លាម គឺ​ក្នុង​ចិត្ត​ហាក់​គិត​អណ្តែតអណ្តូង​ថា​តើ​ទេសភាព​នៅ​បឹង​កន្សែង​ពិត​ជាមាន​ភាពស្រស់​បំព្រង​មែន ឬ​បានជា​ធ្វើ​ឲ្យ​លោក ស៊ីន ស៊ី​សាមុត សារ​ស័ព្ទ​រៀបរាប់​សម្រស់​ធម្មជាតិ​នៅ​ទីនោះ​ប្រកបទៅដោយ​អនុស្សាវរីយ៍​ដែល​ដកចិត្ត​មិន​រួច​យ៉ាងនេះ​។​

 

​រម្លឹក​អនុស្សាវរីយ៍​អតីតកាល នៅ​តំបន់​បឹង​កន្សែង​នេះ គឺ​សម្បូរ​ទៅដោយ​ដើម​រុក្ខជាតិ​គ្រប់​ប្រភេទ​ដុះ​ទ្រុប​ទ្រុល​រីក​ផ្កា​ចោល​ក្លិនពិដោរ​ក្រអូប ឈ្ងុយ​ឈ្ងុប​ចំណែកឯ​នៅក្នុង​បឹង​កន្សែង​ពោរពេញ​ទៅដោយ​សារាយ ព្រលឹត មាន​ផ្កា​រីក​រហង់​។ ទីនេះ​មានទឹក​ត្រជាក់​ថ្លាយង់​រិត​តែ​ធ្វើ​ឲ្យ​សម្រស់​ធម្មជាតិ​នៅ​បឹង​កន្សែង​កាន់តែ​មានការ​ទាក់​នឹង​ក្រសែភ្នែក​អ្នក​បាន​ស្គាល់​គឺ​ពិបាក នឹង​ដកចិត្ត​រួច​ណាស់​។

 

​បច្ចុប្បន្ន​នៅទីនេះ​វា​មាន​សភាព​ខុសប្លែក​ពីមុន​ខ្លះៗ​ដោយ​បរិវេណ ដែល​ទំនេរ​ត្រូវ​ជំនួស​ដោយ​លំនៅឋាន មន្ទីរពេទ្យ ភោជនីយដ្ឋាន​និង​សណ្ឋាគារ​ប្រណីតៗ ស្អេកស្កះ​បានប្រែក្លាយ​ពី ភាពស្ងាត់ជ្រងំ​ដោយ​ព្រៃ​ធម្មជាតិ​ប្រែ​មកជា​មាន​ភាព​អឺងកង​នៃ​មនុស្សម្នា​ទៅវិញ​។​

 

​ទោះបីយ៉ាងណា​បឹង​កន្សែង​ក៏​នៅបាន​រក្សាទុក​ភាព​ដើម​របស់ខ្លួន​បាន ខ្លះ​នោះដែរ គឺ​សភាព​ដ៏ ត្រកាល​នៃ​ផ្ទៃ​បឹង​នៅមាន​ទឹកថ្លា​គួរ​ឲ្យ​ចង់​ងូត​លេង មាន​សារាយ ព្រលឹត​ដែល​មើលទៅ​គួរ​ឲ្យ​ចម្លែក ណាស់​ពិសេស​នាពេល​ថ្ងៃ​រៀប​អស្តង្គត​ដែល​ទេសភាព​ទាំងនេះ គឺជា​មន្ត​ស្នេហ៍​អន្ទង​ចងចិត្ត​អ្នកទេសចរ​ឲ្យ​ទៅលេង​កម្សាន្ត​នៅ​ទីនោះ​ជា រៀងរាល់ថ្ងៃ​។ គេ​អាចមក​លំហែកាយ​សប្បាយ​នៅ​បឹង​កន្សែង​បាន​តាំងពីព្រឹក​រហូតដល់ យប់​ដោយ​ជួបជុំគ្នា​ជា លក្ខណៈ​ក្រុមគ្រួសារ មិត្តភក្តិ ឬក៏​គូស្នេហ៍​យុវវ័យ​អង្គុយ​ញ៉ាំ​អាហារ​នៅក្បែរ​មាត់បឹង​សម្លឹង​ផ្ទៃ ទឹកថ្លា​ដូច កញ្ចក់​យ៉ាង​ជក់ចិត្ត​បំផុត ជាមួយនឹង​ការ​រំលឹក​នឹកឃើញ​ដាន​អនុស្សាវរីយ៍​បទ​ចម្រៀង​អក​បឹង​កន្សែង របស់លោក តា​ស៊ីន ស៊ី​សាមុត ទៀត​នោះ​គឺ​រឹតតែ​ធ្វើ​ឲ្យ​អ្នក​ដែល​បានមក​ដល់​ឬ​អង្គុយលេង​នៅទីនេះ​កាន់តែ រំភើប​មិន​ចង់​ឈានជើងដើរ​ចាក​ចេញពី​បឹង​កន្សែង​នោះឡើយ​។​

 

​គ្រប់ពេល​នៅ​បឹង​កន្សែង​តែងតែមាន​ភាព​អ៊ូអរ​ពី​សំណាក់​បងប្អូន ប្រជាពលរដ្ឋ​មកពី​ទីជិត​ឆ្ងាយ ក៏ដូចជា​អ្នកទេសចរ​ដែល​បានមក​ទេសចរណ៍​នៅ​ខេត្តរតនគិរី​បាន​ស្កាត់​មក​ចង់ ឃើញ​ចង់​ស្គាល់​ថា​តើ​បឹង​កន្សែង​ដែល​ជីក​កប់​ទៅដោយ​ដាន​អនុស្សាវរីយ៍​របស់ ទឹកដៃ​កវីនិពន្ធ​ជំនាន់​ដើម​តាក់តែង​សរសើរ​ពី​សម្រស់​ទេសភាព​ធម្មជាតិ​នៅ បឹង​កន្សែង​ក្នុង​ទំនុក​បទ​ចម្រៀង​នោះ មាន​ទិដ្ឋភាព​ស្រស់ត្រកាល​មែនឬ​យ៉ាងណា​?

 

​បច្ចុប្បន្ន​នៅទីនេះ​បើទោះជា​រលុប​បាត់​ភាព​ដើម​បន្តិច​មែន ក៏ប៉ុន្តែ​បើ​និយាយ​ពី​ការទាក់ទាញ​វិញ​នៅតែ លេចធ្លោ​សម្រាប់​អ្នក​នៅក្នុង​តំបន់​ក្បែរៗ​នោះមក​លំហែកាយ​ដែល​ក្លាយទៅជា កន្លែង​ជួបជុំ​មួយ​គួរ​ឲ្យ​ចេតនា​បំផុត​ទៅនឹង​ធម្មជាតិ​នៅទីនេះ​ពិសេស​បឹង កន្សែង​គឺជា​កន្លែង​កម្សាន្ត​មួយ​ដ៏​ពេញនិយម​ផងដែរ សម្រាប់​គូស្នេហ៍​យុវវ័យ​នាំគ្នា​មក​ទស្សនា​ព្រះ​សុរិយា​រៀប​អស្តង្គត​៕

rice_67309073 rice_99546876

 

Leave a Reply

(*) Required, Your email will not be published