រាជធានីភ្នំពេញ : ពាក្យលោកស្រដី “ស៊ូអសោចកាយ កុំឲ្យស្អុយឈ្មោះ អស់បុណ្យស័ក្ដិយស ព្រោះអសោចកេរ្តិ៍ ដោយក្លិនអប្បលក្ខណ៍" ពាក្យប៉ុន្មានម៉ាត់ក្នុងល្បះឃ្លាឃ្លោងនេះ គឺជាពាក្យសំដីត្អូញត្អែររបស់ប្រជាពលរដ្ឋខ្មែរ ដែលតែងតែស្ដីប្រដៅកូនចៅ ប៉ុន្តែចុះបើក្រឡេកមើលស្ថានភាពជាក់ស្ដែង ដូចមាននៅក្នុងរូបភាពវិញ តើអ្នកនឹងគិតយល់បែបណា?
ដោយហេតុតែគ្មានដីធ្លីសម្រាប់ធ្វើស្រែចំការ និងគ្មានការងារធ្វើច្បាស់លាស់ប្រជាពលរដ្ឋមួយចំនួនបានរសាត់អណ្ដែតមកដល់ទឹកដីនៃទីប្រជុំជន ដោយគាត់សង្ឃឹមថា ពួកគាត់នឹងអាចចាប់អាជីពអ្វីមួយសម្រាប់ចិញ្ចឹមជីវិត។ ពេលមកដល់ទឹកដីថ្មីគ្រួសារមួយបានស្វះស្វែងរកការងារធ្វើ ឬចាប់ផ្ដើមរបររកស៊ីណាមួយដើម្បីជីវិត ប៉ុន្ដែគាត់ពុំអាចធ្វើអ្វីបានឡើយ ដោយសារតែគាត់គ្មានលុយកាក់នោះឡើយ។ ទីបំផុតក្រុមគ្រួសារនោះក៏បានសម្រេចចិត្ដជ្រើសរើសយករបរដើររើសអេតចាយនៅតាមគំនរសំរាមសម្រាប់ ចិញ្ចឹមជីវិតដោយវាប្រសើរជាងផ្សងគ្រោះថ្នាក់ចូលទៅធ្វើការងារដោយខុសច្បាប់នៅប្រទេសជិតខាង។
ទោះបីរបរដើររើសអេតចាយលើគំនរសម្រាមជារបរគួរឲ្យខ្ពើមរអើមក៏ដោយ ក៏មុខរបរនេះ គឺជារបរស្របច្បាប់ដែលអាចឲ្យក្រុមគ្រួសារគាត់រកចំណូលបានចាប់ពី១៥០០០ទៅ២០០០០រៀលក្នុងមួយថ្ងៃ។ ជារៀងរាល់ថ្ងៃបងស្រី រ៉ា [ឈ្នោះអ្នកនិពន្ធដាក់] និងស្វាមី រួមជាមួយក្រុមអ្នករើសអេតចាយដទៃបានធ្វើដំណើរនៅលើគំនរសំរាម ដើម្បីប្រមូលអេតចាយជាច្រើនប្រភេទខុសៗគ្នា ដូចជាកម្ទេចកម្ ទីស្ពាន់ ដឺរ៉ា ជ័រកាវ។ល។ គាត់បានចាប់យកមុខរបរនេះអស់រយៈពេល៣ឆ្នាំមកហើយបន្ទាប់ពីគាត់បានចាកចេញពីស្រុកកំណើតរបស់គាត់។ បងស្រី រ៉ា បានរៀបរាប់ថា “ការដើររើសអេតចាយនេះ ជាមុខរបរមិនថ្លៃថ្នូរឡើយ ប៉ុន្ដែវាគឺជាមុខរបរមួយដ៏សំខាន់សម្រាប់អ្នកក្រីក្រដូចជាពួកគាត់ និងប្រសើរជាងទៅធ្វើការងារដោយខុសច្បាប់នោះដែរ”។
អ្នកប្រកបរបរដើររើសអេតចាយងាយប្រឈមមុខនឹងគ្រោះថ្នាក់ដល់សុខភាពបំផុត។ ជារៀងរាល់ថ្ងៃបងស្រី រ៉ា និងអ្នកដើររើសអេតចាយ២០នាក់ផ្សេងទៀត ត្រូវប្រឈមមុខនឹងក្លិនអសោចនៃសំរាម កម្ដៅភ្លើង និងផ្សែង និងត្រូវដើរតត្រុកនៅក្រោម ព្រះសូរ្យសែងដ៏ក្ដៅហួតហែង។ កំពុងតែមមាញឹកនិងការងារនេះបងស្រីបានពោលទាំងញញឹម អមជាមួយនឹងតំណក់ញើសហូរស្រក់ តបតាមសំណួររបស់អ្នកយកព័ត៌មានគេហទំព័រ«សារព័ត៌មានកំណើតថ្មី» ថា “មុខរបរសម្រាប់អ្នកក្រីក្រដែលអត់ការងារធ្វើ គឺដើររើសអេតចាយបែបនេះ ពិតជាប៉ះពាល់ដល់សុខភាពរបស់គាត់ពិតមែន។ ដោយត្រូវឆ្លងកាត់ភ្លើង ផ្សែង ជាពិសេសក្លិនស្អុយតែម្ដង”។ អេតចាយដែលពួកគាត់រើសបានហើយត្រូវដឹកយកទៅលក់ឲ្យស្ដង់ទទួលទិញអេតចាយ ដោយបានតម្លៃទៅតាមប្រភេទនៃអេតចាយនោះ ៕