រាជធានីភ្នំពេញ : ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចសម្រាកព្រះកាយ នៅសាធារណរដ្ឋសង្គមនិយម វៀតណាមរយៈពេល៤ថ្ងៃ ហើយព្រះរាជ ដំណើរយាងទៅសម្រាកព្រះកាយនេះធ្វើឡើងតាមសំណើយាងរបស់រដ្ឋាភិបាលវៀតណាម។ នេះបើតាមព្រះរាជសាររបស់ ព្រះមហាក្សត្រ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៥។
ព្រះរាជសាររបស់ព្រះមហាក្សត្របានលើកឡើងថា “ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូម ព្រះអនុញ្ញាត និងអនុញ្ញាត ពីសម្តេចព្រះ អគ្គមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោក តា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេសចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែ តុលា ឆ្នាំ២០១៥ តទៅ ដើម្បីយាងបំពេញព្រះរាជទស្សនកិច្ចសម្រាកកាយ នៅទីក្រុង Hue និងទីក្រុង Dalat នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម តាមសំណើយាងរបស់រដ្ឋាភិបាលវៀតណាម។
តាមព្រះរាជសាររបស់ព្រះករុណា ព្រះ បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ថា នៅក្នុងឱកាសអវត្តមាន របស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួល ជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាហើយព្រះមហាក្សត្រនឹងយាងចេញទៅវៀតណាម នៅ វេលាម៉ោង១០ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៥ ៕