រាជធានីភ្នំពេញ : “«ខ្មែរ»ប្រែថា ក្សេមក្សាន្ត” “«ខ្មែរ»ប្រែថា ដែនដីសុវណ្ណភូមិ” “«ខ្មែរ»ប្រែថា ទឹកដីអច្ឆរិយៈ” ទាំងនេះសុទ្ធតែជាការពិតដែលធ្លាប់កើតមាននៅក្នុងសង្គមខ្មែរនាសម័យបុរាណរាប់ចាប់តាំងពីកំណរកំណើតទឹកដី អម្បូរជាតិសាសន៍ អក្សរសាស្ត្រ វប្បធម៌ សិល្បៈ ទំនៀមច្បាប់ទម្លាប់ជាដើមមកម្ល៉េះ។
ដើមចមអត្ថន័យនៃពាក្យទាំងនេះ ខ្មែរបានកំណត់ដោយសម្គាល់នូវចរឹតលក្ខណៈនៃមនុស្សខ្មែរនាសម័យពីមុន ព្រោះខ្មែរចេះស្រឡាញ់រាប់រកឲ្យតម្លៃគ្នា ខ្មែរចេះគោរពច្បាប់នគរ ខ្មែរចេះគោរពសច្ចៈ ខ្មែរចេះរួបរួមសាមគ្គីគ្នារហូតដល់បានកសាងនូវទ្រឹស្ដីវិជ្ជាកំពូលៗ រួមគ្នាជាច្រើន ដែលបានបន្សល់ដោយបង្កប់ទុកក្នុងសិលាចារឹកនៃប្រាង្គប្រាសាទបុរាណ និងតឹកតាងផ្សេងៗទៀតជាច្រើនអនេក ដើម្បីតម្កល់ជាមេរៀន ទុកឲ្យកុលបុត្តកុលធីតាខ្មែរជំនាន់ក្រោយស្វែងរក យកមកសិក្សារៀនសូត្រ ដើម្បីកសាងខ្លួន និងប្រទេសជាតិឲ្យប្រកបដោយឧត្តមភាព។
ដោយសារតែអំណាចនៃពេលវេលាចេះតែដើរកន្លងផុតទៅយ៉ាងលឿនហួសវិស័យ អ្វីៗគ្រប់យ៉ាងដែលជាធាតុពិតរបស់ខ្មែរ ក៏បានចុះថមថយជាលំដាប់ៗ ព្រោះតែអំណាចលំហូរនៃសកលភាវូប្បនីយភាព បានហូរចូលគ្រប់សង្កត់បរិបទនៃការរស់នៅ និងការគិតរបស់សង្គមមនុស្សខ្មែរម្ដងបន្តិចៗរហូតនៅសល់ត្រឹមដង្ហើមចង្រឹត។ ទាំងច្បាប់ ទាំងប្រព័ន្ធអប់រំ ទាំងសាសនា ទាំងវប្បធម៌ ទាំងពណ៌សម្បុរ ទាំងសម្ភារៈប្រើប្រាស់ ទាំងសម្លៀកបំពាក់ ទាំងម្ហូបអាហារ ទាំងសិល្បៈ ទាំងក្បាច់គុន ទាំងបន្លែផ្លែឈើ និងទាំងចរឹតមាយាទ លក្ខណៈខាងក្នុងខ្មែរបានផ្លាស់ប្ដូរមុខមាត់របស់ខ្លួនពីក្រមុំជនបទរមទមសុភាពរាបសារ ទៅជានារីទីក្រុងលាយឡំនឹងក្លិនពណ៌ឆើតឆាយ ខ្មែរបានផ្លាស់ប្ដូរនូវអ្វីដែលជាសម្បត្តិដ៏មហាសាល ដែលខ្លួនធ្លាប់មានរាប់ពាន់ឆ្នាំពីមុនត្រឹមមួយពព្រិចភ្នែក រហូតស្ទើរតែខ្មែរមួយចំនួនស្អប់ មើលស្រាលនូវក្លិនដ៏ប្រហើររបស់ប្រហុក ដែលជាអត្តសញ្ញាណនៃម្ហូបអាហាររបស់ខ្លួនថែមទៀតផង (នេះគឺគ្រាន់តែជាឧទាហរណ៍ដ៏តូចមួយតែប៉ុណ្ណោះ)។
ទោះបីជាពណ៌សម្បុរ ជាតិសាសន៍ អត្តចរឹតរបស់ខ្មែរ បានផ្លាស់ប្ដូរទៅស្ទើរតែទាំងស្រុងយ៉ាងណាក៏ដោយក៏គេនៅតែសង្កេតឃើញថា បេះដូងរបស់ខ្មែរនៅតែស្គាល់ថាអ្វីទៅជាសម្បត្តិ អ្វីទៅជាមរតក និងអ្វីទៅជាអត្តសញ្ញាណរបស់ខ្លួននៅឡើយ ពោលគឺខ្មែរនៅមិនទាន់បំភ្លេចចោលទាំងស្រុងអំពីប្រភពដើមរបស់ខ្លួននៅឡើយទេ។
ជាពិសេសនៅពេលដែលមានហេតុការណ៍ ឬព្រឹត្តិការណ៍ណាមួយដែលប្រព្រឹត្តទៅទាំងចេតនា ឬអចេតនាជុំវិញការភ្លាំងភ្លាត់ ធ្វេសប្រហែសមួយគ្រាក៏ដោយក្ដី ក៏ទឹកចិត្តរបស់ខ្មែរតែងតែចេញមុខមកបកស្រាយ រិះគន់ តវ៉ា ទាមទារ និងស្នើរសុំឲ្យកែប្រែនៅលក្ខណៈអវិជ្ជមានទាំងនោះឲ្យប្រកបទៅជាត្រឹមត្រូវតាមលំនាំដើមវិញ ទោះបីជាការទាមទារខ្លះប្រកបដោយ សីលធម៌ ឬអសីលធម៌ក្ដី ត្រឹមត្រូវតាមការពិត ឬផ្ទុយប្រាសចាកពីការពិតក្ដី។
ជាការត្រឹមត្រូវមួយដែលសង្គមខ្មែរគួរតែនាំគ្នាផ្លាស់ប្ដូរនោះគឺ មនុស្សខ្មែរគ្រប់រូបគួរតែយកសិល្បៈក្នុងការជជែកវែកញែកប្រកបដោយភាតរភាពចំពោះគ្នា ទៅវិញទៅមកទើបជាការប្រសើរ។ ការជជែកវែកញែកប្រកបដោយភាតរភាពនោះគឺមិនប្រកបដោយការស្អប់ ច្រណែន បង្អាប់បង្អោន ដៀលត្មិះ ព្យាបាទ ចងគំនុំ និយាយចង់តែឈ្នះចំពោះគ្នានឹងគ្នានោះឡើយ ព្រោះមិនថាសម្ដៅទៅដល់បុគ្គលណាម្នាក់ឡើយ បើសិនជាគ្រប់គ្នាចេះនិយាយ ចេះសរសេរ ចេះអាន ចេះស្ដាប់ភាសាខ្មែរហើយ យល់ដឹងអំពីឬសគល់នៃអរិយធម៌របស់ខ្មែរហើយ អាស្រ័យគុណធនធានធម្មជាតិរបស់ខ្មែរហើយ រស់នៅក្រោមម្លប់នៃនីតិរដ្ឋរបស់ខ្មែរហើយ ពិតណាស់គឺគ្រប់គ្នាសុទ្ធតែជាខ្មែរ ដូច្នេះគួរណាស់តែខេមរជនដែលជាម្ចាស់ទឹកដី ឬបរទេសជនទាំងឡាយ ដែលបានស្នើរសុំ ឬមិនបានស្នើរសុំជម្រកចូលអាស្រ័យរស់នៅលើទឹកដីមួយនេះ នាំគ្នាព្យាយាមប្រកបជីវិតខ្លួនឯង និងប្រាស្រ័យជីវិតជាមួយមនុស្សទូទៅនៅក្នុងសង្គមជុំវិញខ្លួនដោយការ មិនប្រមាថ នោះទើបសម្បត្តិដ៏មហាសាលរបស់ខ្មែរ ដែលបុព្វបុរសខ្មែរខិតខំកសាង និងបន្សល់ទុកមកអស់រាប់ពាន់ឆ្នាំ និងដែលជិតរលត់បាត់ពីលោកនេះទៅវិញ នឹងកើតមានឡើងវិញសម្រាប់ជាទ្រឹស្ដីវិជ្ជា ជាមេរៀន និងជាបំនិនជីវិតដល់កូនខ្មែរគ្រប់ជំនាន់ដើម្បីកសាងខ្លួន និងសង្គមឲ្យប្រកបដោយសុខសន្តិភាព និងវិបុលសុខ យ៉ាងពិតជាក់ជាពុំខាន៕