ជាតិជាមនុស្សប្រុសអាចនឹងជួបបញ្ហាខាងអនាម័យរាងកាយច្រើនជាងមនុស្សស្រី ព្រោះពួកគេមិនសូវជាយកចិត្តទុកដាក់លើរឿងនេះច្រើនទេ។ ចំណែកឯមនុស្សស្រីវិញតែងតែប្រាថ្នាចង់បានបុរសណា ដែលចេះរៀបចំនិងថែរក្សារាងកាយបានល្អ។ ដើម្បីអាចបំពេញបំណងនេះបានបុរសទាំងអស់គួរតែធ្វើតាមការណែនាំដូចខាងក្រោមនេះ ដើម្បីជាជំនួយដល់ការគ្រប់គ្រង ក៏ដូចជាថែរក្សារាងកាយសម្រាប់ការរំពឹងទុករបស់មនុស្សស្រីនៅជុំវិញខ្លួន។
១-យកចិត្តទុកដាក់ចំពោះអនាម័យ
ទោះបីជាយ៉ាងណាក៏ដោយអ្នកមិនត្រូវភ្លេច ឬផ្អាកការដុសសម្អាតធ្មេញ និងងូតទឹកឱ្យបានទៀងទាត់ឡើយ។ ជាមួយគ្នានេះដែរអ្នកក៏គួរតែធ្វើការលាងសម្អាត ឬប្រើផលិតផលបំបាត់ក្លិនមាត់ដែរ។
២-មានទម្លាប់ថែរក្សាស្បែកឱ្យបានល្អ
ត្រូវលាងសម្អាតមុខជាទៀងទាត់ និងកុំភ្លេចប្រើផលិតផលផ្តល់សំណើមដល់ស្បែកផង។
៣-កាត់សក់ឱ្យបានស្អាត
ជាធម្មតាបញ្ហាសក់ក្បាល គឺជារឿងសំខាន់ដែលបុរសត្រូវគិត ប៉ុន្តែការដែលមានសក់វែងពេកក៏អាចជាបញ្ហាដែលត្រូវដោះស្រាយផងដែរ ។ ដូច្នេះការកាត់សក់បានយ៉ាងស្អាត នឹងជួយបន្ថែមគ្រឿងផ្សំដល់រូបរាងនៃភាពជា មនុស្សប្រុសបានមួយកម្រិតទៀត។
៤-ស្លៀកពាក់ឱ្យបានត្រឹមត្រូវ
ដើម្បីអាចជួយឱ្យអ្នកស្លៀកពាក់បានត្រឹមត្រូវ និងសមរម្យល្អនោះ អ្នកគួរតែប្រើពេលមួយចំនួន ដើម្បីផ្គូរផ្គងសម្លៀកបំពាក់ដែលមានក្នុងទូរសម្លៀកបំពាក់អ្នកទៅ។ ម្យ៉ាងវិញទៀតអ្នកត្រូវតែទិញសម្លៀកបំពាក់ណាដែលត្រូវនឹងដងខ្លួនរបស់អ្នកទៅបានហើយ។
៥-ចំណាយពេលវេលាដើម្បីហាត់ប្រាណ
យើងដឹងថា ការហាត់ប្រាណ គឺជារឿងមួយដែលគួរឱ្យធុញទ្រាន់ និងពិបាកខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកដែលមានការងាររវល់ច្រើនតែម្តង។ ប៉ុន្តែគ្រាន់តែចំណាយពេលហាត់ប្រាណ បីដងក្នុងមួយសប្តាហ៍គឺគ្រប់គ្រាន់ណាស់ទៅហើយ សម្រាប់ថែរាងកាយឱ្យនៅសមសួនស្រស់សង្ហានោះ៕